កាលពីប៉ុន្មានឆ្នាំមុន ស្រុកបន្ទាយស្រីដែលជាស្រុកមួយនៃខេត្តសៀមរាបពុំសូវទទួលបានការចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរនោះទេ។ ប៉ុន្តែក្រោយពេលអភិបាលស្រុកវ័យក្មេង លោក ឃឹម ហ្វីណង់ ឡើងកាន់តំណែងកាលពីឆ្នាំ ២០១៩ មក ស្រុកនេះត្រូវបានសាធារណជនទូទៅចាប់អារម្មណ៍បន្តិចម្តងៗតាមរយៈភាពលេចធ្លោនៃការអភិវឌ្ឍ ដូចជា ការរៀបចំដាក់អំពូលបំភ្លឺតាមផ្លូវសាធារណៈ ការរៀបចំរមណីយដ្ឋានទេសចរណ៍ ការទុកដាក់សំរាម និងការលើកស្ទួយជីវភាពពលរដ្ឋជាដើម។
នៅពេលឈានជើងចូលទឹកដីស្រុកបន្ទាយស្រីគេនឹងឃើញពន្លឺអំពូលភ្លើងនៅតាមដងផ្លូវដ៏ស្រស់បំព្រងនាពេលរាត្រីបង្ហាញពីសម្រស់ក្នុងភូមិព្រះដាក់ដែលជាភូមិគំរូមានការរៀបចំតុបតែងលម្អយ៉ាងស្រស់ស្អាតនៅតាមដងផ្លូវ។ ចំណែកអ្នកភូមិវិញ ក៏បានរៀបចំកន្លែងលក់ដូរវត្ថុអនុស្សាវរីយ៍ និងម្ហូបអាហារជាច្រើនប្រកបដោយអនាម័យ សណ្ដាប់ធ្នាប់ និងស្នាមញញឹមរាក់ទាក់ទទួលភ្ញៀវជាតិ និងអន្តរជាតិដែលមកកម្សាន្តផងដែរ។
ជុំវិញការអភិវឌ្ឍនេះលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានប្រាប់ថា ការបំពាក់អំពូលសូឡានៅតាមផ្លូវ និងនៅតាមផ្ទះនីមួយៗក្នុងភូមិគ្រាន់តែជាផ្នែកតូចមួយទេ ព្រោះនៅមានគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀតនៅស្រុកបន្ទាយស្រី។
លោកថា៖ «កន្លងមកខ្ញុំមិនដែលចាត់ទុកថាជាស្នាដៃទេ គ្រាន់តែជាការរៃអង្គាស និងការកៀរគរគ្នាពីវិស័យឯកជន ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋក្នុងសហគមន៍នៅមូលដ្ឋាន ហើយគោលដៅដំបូងដោយសារតែនៅទីជនបទយប់ឡើងគឺងងឹត មិនសូវមានភ្លើងបំភ្លឺពេលរាត្រីជាពិសេសភ្លើងបំភ្លឺនៅតាមផ្លូវសាធារណៈ»។
បើតាមលោក ហ្វីណង់ មានបញ្ហាសំខាន់ៗចំនួន ២ ទី ១ គឺសុវត្ថិភាពចរាចរណ៍ផ្លូវគោក ទី ២ ពាក់ព័ន្ធសុវត្ថិភាពក្នុងភូមិឃុំ។
ហេតុដូច្នេះហើយទើបលោកមានគោលគំនិតថា ប្រសិនបើនៅតាមផ្ទះនីមួយៗមានអំពូល ១ គ្រាប់នៅមុខផ្ទះ ហើយបើកឱ្យបានគ្រប់គ្នានោះ វាជួយទាំងសុវត្ថិភាពចរាចរណ៍ផង ជួយទាំងសុវត្ថិភាពក្នុងភូមិឃុំផង ហើយក៏បានផ្តួចផ្តើមគម្រោងនេះឡើងដោយមានការគាំទ្រពីសប្បុរសជន និងអ្នកភូមិ។
លោកថា គោលដៅដ៏ធំរបស់លោកគឺការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពប្រជាជន ជាពិសេសចង់ប្រែក្លាយស្រុកបន្ទាយស្រីឱ្យទៅជាក្រុងទេសចរណ៍ទី ២ បន្ទាប់ពីក្រុងសៀមរាប។
លោក ឃឹម ហ្វីណង់ ដែលមានវ័យ ៣៨ ឆ្នាំមានស្រុកកំណើត ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានឪពុកជាមន្ត្រីរាជការ រីឯម្តាយជាអាជីវករ។ ដោយសារក្នុងគ្រួសារមានជីវភាពធូរធារលោក ហ្វីណង់ មិនបានជួបបញ្ហាលើការសិក្សានោះទេ តែថែមទាំងបានបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសហរដ្ឋអាមេរិកផងដែរ។ លោកបានរៀនចប់បរិញ្ញាបត្រចំនួន ២ គឺបញ្ចប់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) និងបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិនៅសាលា American University of Phnom Penh (AUPP)។ បន្ថែមពីនេះលោកក៏បានបន្តយកអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក និងធ្លាប់ជាគ្រូបង្រៀននៅសាកលវិទ្យាល័យបញ្ញាសាស្ត្រអស់រយៈពេល ១ ឆ្នាំផងដែរ។
ដោយសារមានចំណេះដឹងជ្រៅជ្រះ លោក ហ្វីណង់ បានឆ្លងកាត់បទពិសោធជាច្រើនទាំងការងារឯកជន និងការងាររដ្ឋ។ ក្នុងវិស័យឯកជនលោកធ្លាប់បម្រើការក្នុងវិស័យថ្នាំជក់ និងវិស័យទេសចរណ៍ ជាពិសេសវិស័យបដិសណ្ឋារកិច្ច។
លោកបានបញ្ជាក់ថា៖ «នៅពេលខ្ញុំបញ្ចប់មហាវិទ្យាល័យភ្លាមខ្ញុំបានចូលទៅធ្វើការនៅក្រុមហ៊ុនមួយដែលជាក្រុមហ៊ុនថ្នាំជក់អាមេរិចកាំងខ្ញុំបានធ្វើជាអ្នកគ្រប់គ្រងម្នាក់នៅក្នុងក្រុមហ៊ុននោះ ក្រោយមកធ្វើការនៅក្នុងវិស័យសណ្ឋាគារ និងទេសចរណ៍»។
ដោយឡែកចំពោះការងាររដ្ឋវិញ លោកបានចាប់ផ្តើមពីមន្ត្រីក្របខ័ណ្ឌទាហាន ១ រូបប៉ុណ្ណោះ ប៉ុន្តែដោយសារតែលោកមិនសូវស្រឡាញ់កិច្ចការងារនេះលោកបានព្យួរការងារនេះមួយរយៈហើយក្រោយមកទើបផ្ទេរចូលក្របខ័ណ្ឌផ្នែកស៊ីវិលនៅក្រសួងមហាផ្ទៃវិញ។
លោកថា៖ «ដោយសារ ខ្ញុំមានឪពុកជាមន្ត្រីរាជការ អតីតមេទាហានម្នាក់ផងនោះគឺដំបូងឡើយចាប់ផ្តើមពីក្របខ័ណ្ឌជាយុទ្ធជនម្នាក់ក្នុងកងយោធពលខេមរភូមិន្ទ ប៉ុន្តែដោយសារតែការងារនេះ ខ្ញុំគិតថា មិនសូវជាស្រឡាញ់ខ្ញុំក៏បានព្យួរការងារមួយរយៈ ក្រោយមកខ្ញុំត្រូវបានផ្ទេរក្របខ័ណ្ឌស៊ីវិលមកនៅក្រសួងមហាផ្ទៃវិញ»។ លោកថា ក្រោយមកទៀតលោកទទួលបានការតែងតាំងជានាយករងរដ្ឋបាលនៅខេត្តសៀមរាបហើយក៏បានកាន់តួនាទីនេះរយៈពេល ៥ ឆ្នាំ ទម្រាំទទួលបានការតែងតាំងមួយជំហានទៀតឱ្យធ្វើជាគណៈអភិបាលនៃអភិបាលស្រុកបន្ទាយស្រីនាពេលបច្ចុប្បន្ន។
ដោយផ្អែកលើបទពិសោធការងាររដ្ឋ ការងារឯកជន និងមានបទពិសោធនៅក្រៅប្រទេសផងនោះ លោក ហ្វីណង់ ប្តេជ្ញាថានឹងខិតខំប្រែក្លាយស្រុកបន្ទាយស្រីឱ្យកាន់តែមានការអភិវឌ្ឍ និងក្លាយជាទិសដៅទេសចរណ៍ដ៏សំខាន់មួយក្នុងខេត្តសៀមរាប។ យ៉ាងណាក្ដីលោកថា បទពិសោធនៅខាងក្រៅបានផ្តល់ឱ្យយើងនូវភាពច្នៃប្រឌិតមួយចំនួន ប៉ុន្តែពិបាកយកមកអនុវត្តនៅក្នុងស្រុកដោយផ្ទាល់ ប្រសិនបើយើងមិនស្គាល់ពីកាលៈទេសៈ ស្ថានភាពនៅស្រុកយើង និងស្រុកគេទេនោះ។
លោកបានបន្ថែមថា៖ «ការងាររបស់ខ្ញុំដែលធំបំផុតគឺការងារអភិវឌ្ឍន៍ស្រុកបន្ទាយស្រីដែលជាគោលដៅដ៏ធំគឺការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ និយាយឱ្យខ្លី ខ្ញុំចង់កាត់បន្ថយភាពក្រីក្រ ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ នេះហើយបានយើងហៅថា ជាការរីកចម្រើនពិតប្រាកដ»។
លោកថា តាមពិតទៅការអភិវឌ្ឍក្នុងស្រុកទាមទារនូវការយកចិត្តទុកដាក់លក្ខណៈពហុវិស័យមិនអាចមើលតែមួយជ្រុងណាមួយទេ ឧទាហរណ៍ មិនមែនមើលតែការងារបរិស្ថាន ឬការដាក់អំពូលបំភ្លឺផ្លូវតាមសាធារណៈនោះទេ។ ក៏ប៉ុន្តែត្រូវពិនិត្យពិច័យមើលជាលក្ខណៈសកល ពោលគឺមើលពីតម្រូវការចាំបាច់របស់ស្រុក ពីសក្តានុពលរបស់ស្រុកពីចក្ខុវិស័យយូរអង្វែងរបស់ស្រុក ហើយសក្ដានុពលធំជាងគេរបស់ស្រុកបន្ទាយស្រីដែលលោកមើលឃើញគឺវិស័យទេសចរណ៍។
លោកបានបន្តថា៖ «និយាយដូច្នេះ មិនបានន័យថា បន្ទាយស្រីប្រជាពលរដ្ឋពឹងតែវិស័យទេសចរណ៍តែមួយមុខទេគឺត្រូវពឹងទាំងវិស័យទេសចរណ៍ និងវិស័យកសិកម្មដែរ។ ប៉ុន្តែខ្ញុំគិតថា ប្រសិនបើបន្តរុញច្រានផ្នែកកសិកម្មនៅក្នុងប្រទេសកម្ពុជា កន្លែងណាក៏ប្រជាពលរដ្ឋជាកសិករដែរហើយកសិកម្មមិនមែនជាចំណុចពិសេសរបស់បន្ទាយស្រីទេ ដោយសារយើងមិនមែនស្ថិតក្នុងតំបន់មួយជាទីតាំងយុទ្ធសាស្ត្រសម្រាប់វិស័យកសិកម្ម»។
លោកបានលើកជាឧទាហរណ៍ថា ស្រុកបន្ទាយស្រីជាតំបន់ភ្នំមិនមានដីទំនាបច្រើន ខ្វះខាតទឹក ទីតាំងភូមិសាស្ត្រនៅឆ្ងាយពីព្រំប្រទល់ និងតំបន់នាំចេញ និងមិនមានផ្ទៃដីធំទូលាយ ហើយប្រហែលជាថ្លៃដឹកជញ្ជូនថ្លៃជាងថាមពលដែលមិនអាចអនុញ្ញាតឱ្យធ្វើកសិឧស្សាហកម្មមានផលវិជ្ជមានច្រើនទេ។ រីឯប្រជាពលរដ្ឋដែលធ្វើកសិកម្មកន្លងមកគឺធ្វើស្រូវជង្រុក ដើម្បីហូបតែខ្លួនឯងប៉ុណ្ណោះដោយមិនរំពឹងនាំចេញទេ ដូច្នេះបើរំពឹងថាអាចអភិវឌ្ឍក្នុងស្រុកតាមរយៈកសិកម្មនោះគឺជាការរំពឹងហួសហេតុពេកហើយ។
លោក ហ្វីណង់ បានបញ្ជាក់ថា ប៉ុន្តែអ្វីដែលជាសក្តានុពលសំខាន់មិនមែនត្រឹមតែពេលបច្ចុប្បន្នទេ តែទាំងពេលអនាគត ហើយអាចក្លាយជាចំណុចកណ្តាលដែលធ្វើការសម្របសម្រួលនូវរាល់ធនធានទាំងអស់ បូកផ្សំនឹងធនធានពាក់ព័ន្ធវិស័យកសិកម្មនោះគឺវិស័យទេសចរណ៍។ «បើយើងគិតថា យកវិស័យទេសចរណ៍មកដាក់នៅកណ្តាល ហើយយើងសម្របឱ្យអ្វីគ្រប់បែបយ៉ាងរត់តាមគន្លងនៃអាទិភាពវិស័យទេសចរណ៍វិញយើងប្រហែលជាទទួលផលបានច្រើនជាងពីការអភិវឌ្ឍក្នុងស្រុកបន្ទាយស្រី»។
លោកបានបន្ថែមថា ដើម្បីឱ្យក្លាយជាតំបន់ទេសចរណ៍ទាមទារឱ្យមានបរិស្ថានស្អាត ដោយលោកបានពន្យល់ថា ហេតុអីបានជាបន្ទាយស្រីផ្តោតការយកចិត្តទុកដាក់លើបរិស្ថាន? ពីព្រោះអ្នកទេសចរមិនអាចមកលេងក្នុងស្រុកដែលគគ្រិចសុទ្ធតែសំរាម ឬថង់ប្លាស្ទិកបានទេ គឺគាត់ចង់បានកន្លែងស្អាត ទោះបីជាតំបន់ជនបទ ប៉ុន្តែស្អាតបែបអ្នកជនបទ។ ដើម្បីផ្តល់ភាពទាក់ទាញ ចំណុចនេះមានការចាំបាច់ដែលត្រូវជំរុញឱ្យប្រជាពលរដ្ឋយល់ពីបរិស្ថាន ការរស់នៅស្អាត និងការគ្រប់គ្រងសំរាមបានល្អ។
លោក ហ្វីណង់ បានបញ្ជាក់បន្ថែមថា ដូច្នេះ ការជំរុញលើផ្នែកទេសចរណ៍ និងកសិទេសចរណ៍ត្រូវដើរទន្ទឹមគ្នា ដើម្បីប្រែក្លាយស្រុកបន្ទាយស្រីឱ្យមានសក្តានុពល និងមានឧត្តមភាពក្នុងការប្រកួតប្រជែងជាមួយស្រុកដទៃ។ «ដូច្នេះយើងងាកមកធ្វើជាកសិទេសចរណ៍ ដោយសារតែក្រុងសៀមរាបនៅជាប់នឹងកាំជណ្តើរស្រុកបន្ទាយស្រីតែម្តង ដូច្នេះបើយើងធ្វើវាបានល្អ យើងអាចផ្គត់ផ្គង់តម្រូវការនៃទីផ្សារកសិកម្ម ព្រោះបន្លែផ្លែឈើនៅក្រុងសៀមរាបភាគច្រើននាំចូលមកពីខេត្តដទៃ ឬប្រទេសដទៃ»។
លោកចង់ឱ្យពលរដ្ឋនៅស្រុកបន្ទាយស្រីធ្វើកសិកម្មមួយបែបៗ ដើម្បីអនុញ្ញាតឱ្យទេសចរមកដើរលេងកម្សាន្តនៅតំបន់រមណីយដ្ឋាន ចម្ការរបស់គាត់ ដោយលោកគិតថា កសិកម្ម និងទេសចរណ៍ មិនចាំបាច់រើសយកមួយទេ យើងអាចបង្កើតវាដើរក្នុងទិសដៅតែមួយសម្រេចបានគោលដៅរួមពាក់ព័ន្ធជំរុញវិស័យទេសចរណ៍ ហើយការងារកសិទេសចរណ៍នេះងាយស្រួល ដោយសារប្រជាពលរដ្ឋភាគច្រើនជាកសិករស្រេច អ៊ីចឹងយើងបត់បែនតែបន្តិចមកយើងអាចធ្វើបាន។ មួយទៀតការងារកសិកម្មដែលត្រូវនឹងទេសចរណ៍គឺចង់ជំរុញកសិកម្មប្រភេទណាដែលលក់បានថ្លៃដូចជាការដាំត្រសក់ផ្អែម ឪឡឹកលឿង ឬដំណាំដែលឆ្លើយតបតម្រូវការជាដើម។
លោកបន្ថែមថា ក្រៅពីការងារទាំងនោះ ការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋគឺជាកត្តាសំខាន់មួយទៀត ដែលលោកកំពុងយកចិត្តទុកដាក់ផងដែរ ដូចជា ការដោះស្រាយនូវទំនាស់ដីធ្លី ការពង្រឹងនូវសេវាសាធារណៈ ព្រោះថា ប្រជាពលរដ្ឋត្រូវការរស់នៅក្នុងតំបន់មួយដែលទទួលបានភាពកក់ក្តៅ ដោយមានអារម្មណ៍ថា អាជ្ញាធរបម្រើពួកគាត់។
លោកថ្លែងថា៖ «ទាំងអស់នេះ បើយើងធ្វើបានល្អ ទើបជាស្នាដៃពិតប្រាកដ សមិទ្ធផលពិតប្រាកដរបស់ស្រុក។ ទន្ទឹមនឹងនោះ ក៏មានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដោយសារយើងចាប់យកវិស័យទេសចរណ៍ជាគោលសូម្បីតែហេដ្ឋារចនាសម្ព័ន្ធក៏ជាតម្រូវការ ហើយយើងផ្តល់អាទិភាពដល់តំបន់ដែលមានភ្ញៀវទេសចរទៅមុនដែរ យើងមិនគួរវិនិយោគតំបន់ដែលមិនមានភ្ញៀវទេសចរទៅដល់ទេដោយសារធនធានយើងនៅមានកម្រិត»។
លោក ហ្វីណង់ បានបន្ថែមថា មួយជំហានទៀតគឺការកៀរគរអ្នកវិនិយោគមកស្រុកបន្ទាយស្រីតាមរយៈការផ្សព្វផ្សាយច្រើនពីសក្តានុពលស្រុកមានតំបន់ទេសចរណ៍ដោយលោកមានជំនឿថា គោលដៅចុងក្រោយគឺចង់ឱ្យអ្នកវិនិយោគចូលមកស្រុកបន្ទាយស្រី ពីព្រោះមានតែអ្នកវិនិយោគទេ ដែលអាចបង្កើតការងារនិងមុខរបរ ទើបអាចមានប្រាក់ចំណូលដល់សហគមន៍។
លោកបញ្ជាក់ទៀតថា៖ «ក្រៅពីនេះ ស្រុកបន្ទាយស្រីក៏មានការជំរុញបង្កើតឱ្យមាន Master Plan ផងដែរ ដោយយើងត្រូវការជាជំនួយបច្ចេកទេសច្រើន ព្រោះការបង្កើត Master Plan វាមានការគិតគូរឱ្យបានល្អិតល្អន់ត្រូវមានចំណេះដឹង បច្ចេកទេស ប៉ុន្តែវាមានសារៈសំខាន់ណាស់ ព្រោះបើសិនជាយើងមិនមានផែនទីដើម្បីគូសវាសផ្លូវដើររបស់យើងទេ នោះការអភិវឌ្ឍអាចច្របូកច្របល់អាចបាត់នូវអត្តសញ្ញាណ បាត់នូវចំណុចពិសេសរបស់ស្រុក»។
ស្រុកបន្ទាយស្រីមានផ្ទៃដីប្រហែល ៦០០ គីឡូម៉ែត្រការ៉េដែលមានប្រជាពលរដ្ឋរស់នៅ ៥ ម៉ឺននាក់ និងមាន ៣៦ ភូមិ ដោយចែកចេញជា ៦ ឃុំ ដែលប្រជាពលរដ្ឋភាគច្រើនគឺជាកសិករ។ ក៏ប៉ុន្តែលោក ហ្វីណង់ ឱ្យដឹងថា ឥឡូវនេះប្រជាពលរដ្ឋបានផ្លាស់ប្តូរទម្លាប់ច្រើនដោយកំពុងបត់បែនមកជាកសិទេសចរណ៍ និងមួយចំនួនទៀតងាកមកវិស័យទេសចរណ៍។
លោក ឃឹម ហ្វីណង់ បានឱ្យដឹងទៀតថា នៅស្រុកបន្ទាយស្រីមានចំណុចពិសេសច្រើនពាកព័ន្ធទេសចរណ៍វប្បធម៌ ដោយក្នុងនោះមានប្រាសាទ ២ សំខាន់ៗគឺប្រាសាទបន្ទាយស្រី និងប្រាសាទបន្ទាយសំរែដែលជាប្រាសាទសុទ្ធតែមានក្បាច់រចនាស្អាតៗ។
ទន្ទឹមនោះមានតំបន់ពិសេសផ្សេងទៀតដូចជា ភ្នំគូលែនជាតំបន់ទេសចរណ៍បែបវប្បធម៌សម្បូរបែបរង្វង់មូលបរិមណ្ឌលបន្ទាយស្រី និងតំបន់ទេសចរណ៍បែបសហគមន៍ជាច្រើនទៀត ដែលកំពុងស្រូបទាក់ទាញភ្ញៀវទេសចរទៅទស្សនា។
ក្នុងនាមជាអភិបាលស្រុកបន្ទាយស្រីដែលត្រូវបានប្រកាសចូលកាន់តំណែងនេះកាលពីខែតុលា ឆ្នាំ ២០១៩ លោក ឃឹម ហ្វីណង់ មានចក្ខុវិស័យចង់ឃើញការរីកចម្រើនរបស់ប្រជាពលរដ្ឋក្នុងស្រុក មានការងារធ្វើមានប្រាក់ចំណូលសមរម្យ និងក្លាយជាតំបន់ទេសចរណ៍ដ៏សំខាន់មួយក្នុងខេត្តសៀមរាប។
លោកថា៖ «មែនទែនទៅយើងចង់ឱ្យស្រុកបន្ទាយស្រីក្លាយជាទីក្រុងទី ២ ក្នុងខេត្តសៀមរាប ប៉ុន្តែនៅរក្សាអត្តសញ្ញាណរបស់ខ្លួនច្បាស់លាស់ យើងមិនទាន់ចង់ឱ្យក្លាយជាទីក្រុងទំនើបទេយើងចង់ឱ្យក្លាយជាទីក្រុងបែបបន្ទាយស្រី ដែលអ្នកទីក្រុងនៅភ្នំពេញ អ្នកទីក្រុងនៅសៀមរាបអាចមកកម្សាន្តជាមួយទេសភាពដ៏ស្រស់ត្រកាល»៕