
មន្ត្រីអាជ្ញាធរជាតិអប្សរាចុះពិនិត្យទីតាំងត្រៀមរៀបចំព្រឹត្តិការណ៍ រំលឹកគុណអង្គរ ក្នុងបរិវេណអង្គរកាលពីថ្ងៃទី ២៦ ខែ វិច្ឆិកា។ រូបភាព អាជ្ញាធរអប្សរា
អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធីបុណ្យ រំឭកគុណអង្គរ នៅក្នុងរមណីយដ្ឋានអង្គរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ខាងមុខនេះ ដើម្បីចូលរួមអបអរសាទរខួបជិត ៣០ ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២ ដែលជានិមិត្តរូបជាតិ វឌ្ឍនភាពជាតិ សាមគ្គីភាព និងសុខសន្តិភាព ក៏ដូចជារំឭកគុណដល់បុព្វបុរស និងបុព្វការីជនខ្មែរ គ្រប់ជំនាន់។
យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរានាថ្ងៃទី ០២ ខែធ្នូ ថា ពិធីបុណ្យដ៏មានសារៈសំខាន់នេះ នឹងរួមមានការប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ និងការដាក់បាតព្រះសង្ឃ នាព្រឹកថ្ងៃទី ១៤ ខែធ្នូ នាថ្ងៃបើកពិធីបុណ្យ «រំឭកគុណអង្គរ»ផងដែរ។
ប្រភពដដែលបានបន្តថា ពិធីនេះក៏នឹងមានការសម្តែងល្ខោនស្បែកធំ នាពេលរាត្រី និងការរៀបចំស្តង់ពិព័រណ៍សមិទ្ធផលនិងសកម្មភាពការងាររបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជាការបើកការទស្សនាការដ្ឋាន ជួសជុលនានាក្នុងរមណីយដ្ឋានអង្គរជូនភ្ញៀវជាតិ-អន្តរជាតិ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ ផងដែរ។
ដោយឡែក មុនការប្រារព្ធពិធីនេះ ក៏នឹងមានការប្រារព្ធពិធីសាសនា និងការសម្តែងសិល្បៈ ជាពិសេសការសម្តែងល្ខោនបាសាក់ ឧបត្ថម្ភគាំទ្រដោយវិស័យឯកជនផងដែរ នៅថ្ងៃទី ១២ និងថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១ នៅបរិវេណប្រាសាទភ្នំបាខែង និងទីលានជល់ដំរី ក្រុងអង្គរធំផងដែរ៕