ព្រះសីហនុៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទឹកដីខេត្តព្រះសីហនុ ដែលចំណាយថវិការហូតដល់ជាង ៣២០ លានដុល្លារត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អធិប្បាយថា គឺជាមោទនភាព ខណៈដែលខេត្តមួយនេះនឹងធ្វើឱ្យមានការកើនឡើងនូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងព្រះសីហនុចំនួន ៣៧ ខ្សែ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី ១ និងទី ២ នៅខេត្តព្រះសីហនុកាលពីថ្ងៃទី ២ ធ្នូ លោកនាយករដ្ឋមន្ត្រីបានបង្ហាញពីមោទនភាព ដែលកម្ពុជាបានសម្រេចកសាងនូវសមិទ្ធផលដ៏ធំនេះឡើង។
លោកថា៖ «នេះជាលើកដំបូង ដែលយើងប្រើការវិនិយោគផ្ទាល់រហូតដល់ជាង ៣០០ លានដុល្លារ នៅក្នុងទីក្រុង ១ ប៉ុន្តែការងារនេះ វាចាំបាច់ណាស់ ដែលយើងត្រូវធ្វើសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តព្រះសីហនុ ដែលយើងចង់ឱ្យកសាងខេត្តមួយនេះ ទៅជាពហុបំណងដែលនឹងទៅជាខេត្តដែលនាំមុខទៅដោយការកើនឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជា»។
លោកបានគូសបញ្ជាក់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តនេះ គឺជារឿងចាំបាច់បំផុត ខណៈមានក្រុមហ៊ុនជាច្រើនបានបោះទុនវិនិយោគ និងសាងសង់អគារខ្ពស់ៗ នៅខេត្តជាប់មាត់សមុទ្រមួយនេះ។ លោកថា៖ «ក្រោយពេលរបបប៉ុលពតដួលរលំទៅ ខេត្តព្រះសីហនុវាកម្សត់ ពុំមានអ្វីប្រើប្រាស់នោះទេ ប៉ុន្តែថ្ងៃនេះខេត្តព្រះសីហនុបានប្តូរមុខមាត់យ៉ាងធំ ដែលអគារកម្ពស់រាប់សិបជាន់ បានកើតយ៉ាងច្រើននៅក្នុងទីក្រុងមួយនេះ វាស័ក្ដិសមជាមួយនឹងការដែលយើងត្រូវធ្វើហេដ្ឋារចនាសម្ព័ន្ធឱ្យបានរឹងមាំ»។
ហេដ្ឋារចនាសម្ព័ន្ធនេះទៀតសោត វាមិនត្រឹមតែតម្រូវការទៅលើផ្លូវប៉ុណ្ណោះទេ ក្រុមហ៊ុនជំនាញចំនួន ៨ ក៏បានរៀបចំប្រព័ន្ធលូបង្ខូរទឹក និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់មុនចាក់ចូលទឹកសមុទ្រ ដែលទាំងនេះក៏ជាផ្នែកមួយក្នុងកិច្ចការពារបរិស្ថានផងដែរ។
លោកនាយករដ្ឋមន្ត្រីឱ្យដឹងដែរថា សមិទ្ធផលនេះជាផ្នែកមួយប៉ុណ្ណោះតាមគម្រោងនឹងមានសមិទ្ធផលជាច្រើនទៀត ដែលត្រូវបានកសាងឡើង ប៉ុន្តែដោយសារបញ្ហាការរីករាលដាលនៃជំងឺកូវីដ- ១៩ ទើបរដ្ឋាភិបាលសម្រេចបង្វែរប្រាក់សន្សំបាន យកទៅជួយសង្គ្រោះពលរដ្ឋរងគ្រោះក្នុងដំណាក់កាលកូវីដ។ លោកថា៖ «មកដល់ពេលនេះ យើងបានចំណាយប្រាក់សន្សំរបស់យើងជាង ២ ៥០០ លានដុល្លារ ដើម្បីយកទៅសង្គ្រោះប្រជាពលរដ្ឋនៅក្នុងដំណាក់កាលកូវីដ បើសិនជាមិនមានកូវីដទេ យើងមានសមត្ថភាពមកដល់ពេលនេះ ខ្ញុំប៉ាន់ស្មានថា ប្រាក់សន្សំរបស់យើង មិនតិចជាង ៥ ពាន់លានដុល្លារទេ»។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន សង្ឃឹមថា បន្ទាប់ពីការបើកប្រទេសឡើងវិញនេះ សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញ ខណៈលោកសង្កេតឃើញថា ប៉ុន្មានខែចុងក្រោយនេះ ចំណូលជាតិមានការកើនឡើងយ៉ាងច្បាស់ទាំងនៅកំពង់ផែផ្នែកគយ ព្រោះតម្រូវការក្នុងស្រុកច្រើន តម្រូវការនាំចូលក៏កើនឡើង។
ទន្ទឹមនឹងនេះដែរលោកបានកោតសរសើរលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសហការីទាំងអស់ ដែលបានខិតខំប្រឹងប្រែងនៅក្នុងដំណាក់កាលនៃការកសាងហេដ្ឋារចនាសម្ព័ន្ធនេះ ដែលកើតចេញពីស្នាដៃកូនខ្មែរសុទ្ធសាធ។
លោកបញ្ជាក់ថា៖ «ព្រោះនេះគឺជាស្នាដៃកូនខ្មែរទាំងស្រុង ដោយគ្មានលាយឡំជាមួយនឹងជំនួយបច្ចេកទេស ឬជំនួយថវិកាពីបរទេសណាទេ យើងធ្វើខ្លួនឯងទាំងអស់ ជោគជ័យនេះ អ្នកដែលទទួលផលពិតប្រាកដ គឺប្រជាជនក្នុងទីក្រុងព្រះសីហនុ នេះតែម្តង អ្នកទទួលផលមុនគេ»។
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងថា ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៧ ខ្សែនៅខេត្តព្រះសីហនុ គឺជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លាបំផុតរបស់លោក ហ៊ុន សែន កាលពីថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៩ ដើម្បីកែលម្អខ្សែផ្លូវមេ យុទ្ធសាស្ត្រនៃប្រព័ន្ធនគរូបនីយកម្ម គមនាគមន៍ ដឹកជញ្ជូនសេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍នៅខេត្តព្រះសីហនុ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សោភណភាពរបស់ខេត្ត។ លោកបញ្ជាក់ថា៖ «ការស្ថាបនាផ្លូវនេះបានចូលរួមចំណែកដ៏ធំធេងនៅក្នុងការសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានកំណត់នៅក្នុងផែនការរាជរដ្ឋាភិបាលរៀបចំដីក្នុងខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ ២០៣០ សំដៅអភិវឌ្ឍខេត្តព្រះសីហនុ ដែលជាប៉ូលអភិវឌ្ឍន៍ជាតិ ប្រកបទៅដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជាឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ តាមរយៈការអភិវឌ្ឍទីក្រុងឆ្លាត និងការធ្វើសមាហរ័ណកម្មតាមតំបន់ឆ្នេរសមុទ្រកម្ពុជា»។
គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងខេត្តព្រះសីហនុបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ ២០១៩និងបានបញ្ចប់ការសាងសង់កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២១។ គម្រោងផ្លូវនេះ មានប្រវែងសរុប ៨៤ គីឡូម៉ែត្រ និងមានផ្ទៃក្រឡាសរុប ១៤ ៧០ ៥១១ ម៉ែត្រការ៉េ សាងសង់ដោយអង្គភាព និងក្រុមហ៊ុនចំនួន ៨ និងបែងចែកចេញជា ៣ ប្រភេទ រួមមាន មហាវិថីចំនួន ៣ ខ្សែ ប្រវែង ២០,៨ គីឡូម៉ែត្រ វិថីចំនួន ១៥ ខ្សែ ប្រវែង ៥០,៣ គីឡូម៉ែត្រ និងអនុវិថី ១៩ ខ្សែ ប្រវែង ១២, ៨ គីឡូម៉ែត្រ ដើម្បីធានាការជំរុញតភ្ជាប់ និងបញ្ចៀសការកកស្ទះនៅផ្លូវជាតិលេខ ៤ ដោយបានបំពាក់នូវកាមេរ៉ាសុវត្ថិភាព ៥៣៣ គ្រឿង។ ខ្សែផ្លូវនីមួយៗមានធ្វើពីបេតុងសរសៃដែក និងក្រាលដោយកម្រាលកៅស៊ូប៊ូទីមមានបណ្តាញលូទឹកភ្លៀង និងលូទឹកកខ្វក់ផ្សេងគ្នា ចិញ្ចើមផ្លូវ និងខឿនថ្មក្រានីត ផ្លូវថ្មើរជើង និងសម្រាប់ជនមានពិការភាព និងផ្លូវជិះកង់ក្រាលថ្មក្រានីត។ ដើម្បីតភ្ជាប់ផ្លូវទាំងអស់ គម្រោងក៏បានសាងសង់ស្ពានចំនួន ៩ កន្លែងប្រវែងសរុប ២៩០ ម៉ែត្រផងដែរ។
បើតាមលោក ជា សុផារ៉ា ហេដ្ឋារចនាសម្ព័នទាំងនេះបានចំណាយថវិកាសរុបជាង ៣២៤ លានដុល្លារ ក្នុងនោះថវិការបស់រាជរដ្ឋាភិបាល ៣១០ លានដុល្លារ ក្រៅពីនោះជាថវិកាបដិភាគពីវិស័យឯកជន៕
វីដេអូ៖