ពោធិ៍សាត់ៈ កម្ពុជាកំពុងពិនិត្យលទ្ធភាពបើកច្រកព្រំដែនអន្តរជាតិ ថ្មដា នៃខេត្តពោធិ៍សាត់ ជាប់ព្រំដែន ប្រទេសថៃ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំង ២។
ហ្វេសប៊ុកក្រសួងសាធារណការបញ្ជាក់ថា៖ «នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារ បច្ចេកទេសក្រសួងចុះសិក្សាពិនិត្យលទ្ធភាពដើម្បីបើកច្រកព្រំដែន ថ្មដា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួង មន្ត្រីជំនាញបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ»។
ច្រកព្រំដែនអន្តរជាតិថ្មដានេះមានទីតាំងស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្ត ពោធិ៍សាត់ ជាប់ព្រំដែនជាមួយខេត្តត្រាត ប្រទេសថៃ។
ហ្វេសប៊ុកដដែលបន្តថា៖ «ការចុះសិក្សានិងពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងបើកច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ដើម្បី បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំង ២»។
ប្រភពដដែលបន្តថា ការត្រៀមបើកច្រកព្រំដែនអន្តរជាតិថ្មដានេះក៏មានគោលបំណងដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តភាគខាងលិចប្រទេស និងអ្នកវិនិយោគដែលកំពុង ទន្ទឹងរង់ចាំ និងចង់ឃើញការប្រែក្លាយច្រកនេះទៅជាច្រកអន្តរជាតិឱ្យបានឆាប់។
ច្រកនេះគ្រោងនឹងសាងសង់អគារអន្តោរប្រវេសន៍ អគារគយនិងរដ្ឋាករសម្រាប់ត្រួតពិនិត្យរួម ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ឃ្លាំង ទីលានកុងទីន័រ និងអគាររដ្ឋបាល និងសំណង់អគារអន្តេវាសិកដ្ឋាន។
ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ គឺដើម្បីបើកឱកាសឱ្យបានទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរដើម្បីលើកកម្ពស់ សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រជាជាតិទាំង ២ ផងដែរ៕