ភ្នំពេញៈ កម្ពុជា-ចិន អះអាងជាថ្មីក្នុងការលើកកម្ពស់បន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍វាសនារួម សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសនិងប្រជាជនទាំង ២។
ការអះអាងជាថ្មីនេះធ្វើឡើងតាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ៣-៥ ខែធ្នូ នេះ តបតាមការអញ្ជើញរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី ៥ ខែធ្នូនេះ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសទាំង ២ បានជួបពិភាក្សាទ្វេភាគី ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗជាច្រើន ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសាកលកូវីដ ១៩ ការវិនិយោគ ពាណិជ្ជកម្ម ការពារជាតិ និងសន្តិសុខ ការអប់រំ កសិកម្ម និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។
«រដ្ឋមន្ត្រីការបរទេសទាំង ២ បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងលើវឌ្ឍនភាពជាលំដាប់នៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយបានអះអាងជាថ្មីក្នុងការលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍វាសនារួម សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេស និងប្រជាជនទាំង ២»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រដ្ឋមន្ត្រីការបរទេសទាំង២ បានកត់សម្គាល់ដោយការពេញចិត្តនូវការរីកចម្រើននៃពាណិជ្ជកម្មទ្វេភាគី ក្នុងអំឡុងពេលនៃជំងឺរាតត្បាតសកលកូវីដ១៩។ ភាគីទាំង ២ ក៏បានអបអរសាទរការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់នៅដើមឆ្នាំក្រោយ ហើយបានប្តេជ្ញាចិត្តនឹងទាញយកប្រយោជន៍ឱ្យបានច្រើនពីកិច្ចព្រមព្រៀងទាំង២នោះ ដើម្បីជំរុញពាណិជ្ជកម្មទេ្វភាគីរវាងប្រទេសទាំង២ឱ្យដល់ ១០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣។
លោក ប្រាក់ សុខុន ក៏បានសម្តែងការអរគុណចំពោះការប្តេជ្ញាចិត្តរបស់មិត្តចិនក្នុងការបង្កើនការនាំចូលកសិផលកម្ពុជាចូលទៅកាន់ទីផ្សារចិនឱ្យបានកាន់តែច្រើនថែមទៀត។ លោកបញ្ជាក់ជាថ្មីថា ចំពោះការផ្តល់ជំនួយអភិវឌ្ឍន៍របស់មិត្តចិន បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសការផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រ និងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលចាំបាច់សម្រាប់កម្ពុជា ក្នុងការគ្រប់គ្រងបាននូវការរាតត្បាតនៃជំងឺកូវីដ១៩។
លោក វ៉ាង យី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តផ្តល់ជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ រួមទាំងការគាំទ្រឱ្យបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ នៅក្នុងកម្ពុជាផងដែរ។លោកបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ចិនចំពោះគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងដទៃទៀត ក៏ដូចជាកិច្ចខំប្រឹងប្រែងក្នុងការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩របស់កម្ពុជា។
លោកអះអាងថា៖«ចិននឹងជួយលើកទឹកចិត្តទេសចរ និងវិនិយោគិនចិន ឱ្យមកកម្ពុជា និងពិចារណាបើកជើងហោះហើរផ្ទាល់ទាំងអស់ រវាងប្រទេសទាំងពីរ ក៏ដូចជាការសម្របសម្រួលឱ្យមានការវិលត្រឡប់របស់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសចិនវិញ»។
បើតាមសេចក្ដីប្រកាសព័ត៌មានទាក់ទងនឹងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រដ្ឋមន្ត្រីការបរទេសទាំង២ បានឯកភាពគ្នាពន្លឿនការអនុវត្តផែនការសកម្មភាពរយៈពេល ៥ ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២)។
លោក ប្រាក់ សុខុន ក៏បានអរគុណដល់មិត្តចិន ដែលបានឯកភាពផ្តល់ហិរញ្ញប្បទានលើគម្រោងចំនួន ៦៧ នៅកម្ពុជាដែលមានតម្លៃសរុប ២៦ លានដុល្លារអាមេរិក។ ហើយភាគីទាំង ២ ក៏បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍសំខាន់ៗ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិន ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក។
ជាប្រធានអាស៊ាននៅឆ្នាំ ២០២២ នេះ លោក ប្រាក់ សុខុន បានជម្រាបជូនសមភាគីចិនអំពីមូលបទរបស់កម្ពុជាសម្រាប់ឆ្នាំ ២០២២ គឺ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ក៏ដូចជាអាទិភាពសំខាន់ៗ រួមមានភាពចាំបាច់ក្នុងការពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន ការជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាន ដើម្បីរក្សាសន្តិភាពស្ថិរភាពនិងវិបុលភាពក្នុងតំបន់និងពិភពលោក។ រដ្ឋមន្ត្រីការបរទេសទាំង ២ ក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពី «ការត្រួតពិនិត្យអនាម័យសត្វ និងភូតគាមអនាម័យ និងសុវត្ថិភាពចំណីអាហារ» រវាងកម្ពុជា និងចិន ផងដែរ។
លោក វ៉ាង យី បានរំឭកឡើងវិញនូវការគាំទ្រកម្ពុជាយ៉ាងពេញទំហឹង ក្នុងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ ២០២២ និងអបអរសាទរកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី១៣ ដោយជោគជ័យ៕