ភ្នំពេញៈ ក្រុមការងាររដ្ឋបាលព្រៃឈើ ក្រោមកិច្ចសហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រមូលសំណាករុក្ខជាតិកេសរកូលព្រៃ (អ័រគីដេ) សរុបចំនួន១០០សំណាក និងបានកំណត់អត្តសញ្ញាណ ៥ប្រភេទផ្សេងៗគ្នា ក្នុងខែវិច្ឆិកា ឆ្នាំ២០២១នេះ។
រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មបានឱ្យដឹងថា ក្រុមការងាររដ្ឋបាលព្រៃឈើបានសហការជាមួយមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី ដើម្បីចុះធ្វើការស្រាវជ្រាវ ប្រមូល និងថែរក្សាសំណាកកេសរកូលព្រៃស្ថិតក្នុងតំបន់អភិរក្សនៃខេត្តមណ្ឌលគិរី។ ជាលទ្ធផលនៃការចុះសិក្សាស្រាវជ្រាវនេះ ក្រុមការងារបានប្រមូលសំណាករុក្ខជាតិកេសរកូលព្រៃចំនួន១០០សំណាក និងបានកំណត់អត្តសញ្ញាណ ៥ប្រភេទផ្សេងៗគ្នា ក្នុងខែវិច្ឆិកា។
កេសរកូលព្រៃ ដែលត្រូវគេស្គាល់ជាទូទៅថា អ័រគីដេនោះ ត្រូវបានហាមឃាត់មិនឱ្យមានការធ្វើអាជីវកម្ម ដើម្បីចៀសវាងការវិនាសផុតពូជពីក្នុងព្រៃធម្មជាតិ។ ក្រសួងបរិស្ថានធ្លាប់បានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកប្រមូលទិញ និងប្រកបអាជីវកម្មទិញលក់ កេសរកូលព្រៃក្នុងទ្រង់ទ្រាយធំ ដែលអាចបង្កឱ្យវិនាសបាត់ពូជ។
លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី៥ ខែធ្នូ ថា មន្រ្តីឧទ្យានុរក្សបរិស្ថានបានធ្វើការទប់ស្កាត់ និងដកហូតកេសរកូលព្រៃបាន១ករណីនៅខេត្តមណ្ឌលគិរី នៅប្រហែលជាដើមឆ្នាំ២០២១។ ក្នុងនោះបានធ្វើការរឹបអូសកេសរកូលគ្រប់ប្រភេទ ចន្លោះពី២០ទៅ៣០គីឡូក្រាម។ លោកបានបន្ថែមថា នាពេលបច្ចុប្បន្ន នៅមានការជួញដូរដោយលួចលាក់ទៅលើកេសរកូល។
លោកបានបញ្ជាក់ថា៖«យើងព្យាយាមក្នុងការស្វែងរកព័ត៌មានពាក់ព័ន្ធនឹងករណីនៃការជួញដូរហ្នឹង ដើម្បីបង្រ្កាប ព្រោះថាកេសរកូលជាសម្បត្តិធម្មជាតិរបស់កម្ពុជាយើង ហើយការធ្វើអាជីវកម្មហួសប្រមាណ វាអាចធ្វើឱ្យរេចរឹល ឬបាត់បង់នូវប្រភេទកេសរកូលនៅកម្ពុជា»។ លោកនេត្រ ភក្ត្រា ក៏បានឱ្យដឹងផងដែរថា កម្ពុជាមានកេសរកូលព្រៃប្រមាណជា៥០០ប្រភេទ។ ក្នុងនោះ កេសរកូលជាង២០០ប្រភេទ ដែលមានប្រមាណជា១ពាន់ដើមត្រូវបានយកទៅមជ្ឈមណ្ឌលអភិរក្ស និងស្រាវជ្រាវកេសរកូលសុខអានភ្នំគូលែន ដើម្បីធ្វើការសិក្សាស្រាវជ្រាវ។
យោងតាមក្រសួងបរិស្ថាន ផ្កាកេសរកូល ដែលដាក់តាំងលក់នៅតាមហាងលក់ផ្កានានា គឺជាប្រភេទកេសរកូល ដែលភាគច្រើនបានមកពីការបង្កាត់។ ប៉ុន្តែតាមការសិក្សារបស់អ្នកជំនាញផ្នែកជីវៈចម្រុះ កម្ពុជាអាចចាត់ទុកជាប្រទេសមួយដែលសម្បូរបែបនូវធនធានធម្មជាតិ និងជីវៈចម្រុះ។ ក្នុងចំណោមកេសរកូលទាំងជាង៥០០ប្រភេទនោះ មានតែកេសរកូលប្រមាណ៣៦០ប្រភេទប៉ុណ្ណោះ ដែលត្រូវបានធ្វើអត្តសញ្ញាណរួចរាល់ ហើយមានពូជខ្លះក៏ជាពូជកម្រផងដែរ។
ក្រសួងបានសរសេរថា៖«បច្ចុប្បន្ន កេសរកូលព្រៃ កំពុងទទួលរងការគំរាមកំហែង តាមរយៈការជួញដូរក្នុងរូបភាពផ្សេងទៅបរទេស ជាពិសេសប្រទេសថៃ និងវៀតណាម ប៉ុន្តែមិនទាន់មានការកត់ត្រា និងព័ត៌មានលម្អិតពីការជួញដូរនេះនៅឡើយទេ»៕