កំពង់ស្ពឺៈ លោក​ស្នង​ការ​​នគរ​បាល​ខេត្ដ​កំពង់ស្ពឺ​បានណែ​នាំ​ដល់​ម្ចាស់​ហាង​ដាក់បញ្ចាំ​ឬ​បង់​រំ​លស់​មួយ​ចំនួន​ត្រូវ​បញ្ឈប់​សកម្ម​ភាព​ដកហូត​អត្តសញ្ញាណ​ប័ណ្ណ​ដែល​បញ្ជាក់​សញ្ជាតិ​ខ្មែរជា​ថ្នូរ​នឹង​ការ​​ទិញឬប​ញ្ចាំ​សម្ភារផ្សេងៗ​ជាមួយ​ហាង​របស់​ខ្លួន បើ​ពុំ​នោះទេ​អាច​ប្រឈម​មុខ​ផ្លូវច្បាប់​។

ការ​ណែ​នាំ​នេះ​បន្ទាប់​ពី​កម្លាំង​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់​ស្ពឺនិង​កម្លាំង​ការិ​យា​ល័យអត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរបាន​ចុះ​ពិនិត្យ​ហាង​ចំនួន​៣​ទីតាំង​នៅ​ក្នុង​ស្រុក​បសេដ្ឋ​ខេត្ត​នេះ​កាលពី​ថ្ងៃទី២ ​ខែធ្នូ​ ដើម្បី​ពិនិត្យ​មើល និង​ស៊ើប​អង្កេត​ពាក់​ព័ន្ធ​ករណី​បញ្ចាំ​អត្ត​សញ្ញាណ​ប័ណ្ណ​។

លោក សម សាមួន ស្នងការ​នគរ​បាល​ខេត្ដ​កំពង់​ស្ពឺ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​៥ធ្នូ​ថា កន្លង​មក​ ធនា​គារ​ជាតិ អគ្គ​នាយក​ដ្ឋាន​អត្ត​សញ្ញាណ​កម្មរួម​នឹង​រដ្ឋបាល​ខេត្ត​កំពង់​ស្ពឺបាន​ចេញ​សេចក្តី​ជូនដំណឹង​ស្តីពី​ការហាម​ដកហូត​អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​ខ្មែរ​ជា​ថ្នូរ​នឹងការ​បញ្ចាំឬទិញ​សម្ភារ​ផ្សេង​ដែរ ប៉ុន្តែ​ហាង​មួយ​ចំនួន​នៅតែ​បន្ត​សកម្ម​ភាព​នេះ។លោក​បន្តថា​ក្នុង​ប្រតិ​បត្តិការ​ទាំង​៣កន្លែង​នេះបាន​ដក​ហូត​អត្ត​សញ្ញា​ប័ណ្ណ​បាន​ជាង៣០០និង​បាន​ហៅ​ម្ចាស់មក​ទទួលយកវិញ​ជា​បណ្តើរៗ​ហើយ​។

ជាមួយ​នេះលោក​បាន​ព្រមា​នថាក្នុងករណី​ម្ចាស់​ហាង​នៅតែ​ប្រព្រឹត្ត​ដ​ដែល​បែបនេះ អា​ជ្ញាធរ​នឹងមាន​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​វិញ​ម្តង​ ហើយ​ការខូចខាត​ផលប្រ​យោជន៍​ទាំង​ប៉ុន្មាន អាជ្ញាធរ​​មិន​ទទួល​ខុស​ត្រូវ​ឡើយ​។

លោកបាន​បញ្ជាក់​ថា៖«យើង​ធ្វើ​កិច្ច​សន្យា​មួយ​ម្ចាស់​ហាង​ឱ្យ​ឈប់​ប្រព្រឹត្ត​ ប៉ុន្តែ​ក្នុង​ករណីមន្ត្រី​នគរ​បាល​រក​ឃើញ​ម្ចាស់​ហាង​បញ្ចាំ​ប្រព្រឹត្ត​ដ​ដែល​គឺ​នឹង​មាន​វិធាន​ការ​ហើយ។​ចំណែក​ផលប្រយោជន៍​គាត់​ធ្វើ​ម៉េច​ជា​រឿង​របស់​គាត់ ព្រោះ​យើង​បាន​ហាម​រួច​ហើយ​ ប៉ុន្តែ​គាត់​នៅតែ​ប្រព្រឹត្ត​ទៀត​ អ៊ឺចឹង​ជជែក​គ្នា​គាត់​ទៅ​រវាង​ម្ចាស់​ហាង​និង​អ្នក​មក​បញ្ចាំ​យើង​មិន​ទទួ​លខុស​ត្រូវ​ទេ»​។

លោក សាមួន ក៏បាន​ផ្តល់​ជា​អនុសា​សន៍​ថា ភាគី​ម្ចាស់​ហាងឬ​ព​លរដ្ឋ​ដែល​ចង់​ទិញ-លក់​តាមរ​យៈ​សេវា​បង់​រំ​លស់​ពួក​គេ​អាច​យក​អត្តសញ្ញាណ​ប័ណ្ណ​នោះ​ទៅ​បញ្ជា​ក់នៅ​ការិយា​ល័យ​ចេញចូល​តែមួ​យដើម្បី​ថតចម្លង​អត្ត​ស​ញ្ណា​ណប័ណ្ណ​នោះមក​ប្រើប្រាស់​ជា​ផ្លូវការ​បាន។

លោក​ថា៖​«អត្ត​សញ្ញាណ​ប័ណ្ណមាន​ទៅ​ពិបាក​អីបើ​ម្ចាស់​ហាង​ឬ​ពលរដ្ឋ​ចង់​យក​ដាក់​បញ្ចាំឱ្យ​គាត់​ទៅ​ចម្លង​ហើយ​យកទៅ​ប្រថាប់ត្រា​នៅ​ការិយា​ល័យ​ច្រក​ចេញចូ​ល​តែ​មួយ​ទៅព្រោះ​វា​មាន​តម្លៃ​ស្មើ​នឹងអត្ត​សញ្ញាណ​ប័ណ្ណ ហើយ​បើ​កាល​ណា​ដកហូត​អត្ត​សញ្ញាណ​ប​ណ្ណ័​របស់​ពលរដ្ឋ ម៉េច​បាន ​ព្រោះ​វា​ចាំ​បាច់ ឧទាហរណ៍​គាត់​គ្រោះ​ថ្នាក់​ស្អី​មួយឬ​ទៅណា​មក​ណា បាន​អត្ត​សញ្ញាណ​ប័ណ្ណ​នេះហើយ​សម្រាប់​សម្គាល់​ខ្លួន​គាត់»។

លោកបានឱ្យដឹង​ទៀតថា មួយវិញទៀត ការចុះ​ប្រតិបត្តិការ​នាពេលនេះក៏​ដើម្បី​បង្កលក្ខណៈ​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ចូលរួម​បោះឆ្នោតខណៈ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ខិតជិត​មកដល់។

បើតាម​លោក សាម សាមួន គិត​ចាប់ពី​ការអនុវត្ត​រហូតដល់​ថ្ងៃទី៥ខែធ្នូ ឆ្នាំ២០២១ នគរបាល​ខេ​ត​កំពង់ស្ពឺពុំទាន់​បាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​ហាង​បញ្ចាំ​នៅឡើយ​ទេ ដោយ​លោក​ថា​ចង់​ផ្តោតលើ​វិធានការ​ផ្សព្វផ្សាយ​សិន។លោក​ថា៖«ប៉ុន្តែ​ក្នុងករណី​ម្ចាស់​ហាង​ប្រឹ​ព្រឹត្ត​ដដែលៗដូច​ខ្ញុំ​បាន​ជម្រាបជូន​ខាងលើគឺ​យើង​នឹងមាន​វិធានការ​ហើយ»។

លោក​ឱ្យដឹងទៀតថាក្នុង​ប្រតិបត្តិការ​នេះអាជ្ញាធរ​ពាក់ព័ន្ធ​នឹងធ្វើ​នៅ​ទូទាំង​ខេត្តកំពង់ស្ពឺមិនមែន​ធ្វើ​តែ​នៅក្នុង​ក្រុងឬ​ស្រុក​ប៉ុណ្ណោះ​ទេ៕

វីដេអូ៖