ពោធិ៍សាត់ៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នៅថ្ងៃទី ៥ ខែធ្នូ បានចេញវិធានការ ឱ្យរដ្ឋបាលខេត្តពោធិ៍សាត់ ចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ឈប់ការពិនិត្យបញ្ជាក់ លើលិខិតស្នើសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដី ក្នុងដែនព្រៃលិចទឹកបឹងទន្លេសាប ព្រមទាំងចេញលិខិតបដិសេធ លើរាល់លិខិតដែលបានចេញរួចហើយកាលពីមុន។
ក្រុមការងារអន្តរក្រសួង ដឹកនាំដោយ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នៅថ្ងៃទី ៥ ខែធ្នូ បានចុះទៅពិនិត្យ និងចាត់វិធានការ បង្ក្រាបការទន្ទ្រានដីរដ្ឋ ក្នុងតំបន់ព្រៃលិចទឹក នៅតំបន់បឹងទន្លេសាបស្ថិតក្នុងខេត្តពោធិ៍សាត់។
ក្រសួងដែនដី បានចេញវិធានការ តម្រូវឱ្យរដ្ឋបាលខេត្តពោធិ៍សាត់ ចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ ឱ្យបញ្ឈប់ការពិនិត្យបញ្ជាក់ លើលិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដី ក្នុងដែនព្រៃលិចទឹក ព្រមទាំង ចេញលិខិតបដិសេធ លើរាល់លិខិតបានចេញរួចកាលពីមុន ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងដែនដីនៅថ្ងៃទី ៥ធ្នូ។
ក្រសួងរៀបចំដែនដី ក៏បានឱ្យរដ្ឋបាលខេត្តពោធិ៍សាត់ ចាត់វិធានការ បញ្ឈប់ការចូលទន្ទ្រានដី ដែនព្រៃលិចទឹកបន្តទៀត ធ្វើអត្តសញ្ញាណអ្នកដែលបានចូលទន្ទ្រាន ដើម្បីធ្វើការដកហូតដី និងចាត់វិធានការតាមផ្លូវច្បាប់ដោយ ត្រូវកសាងអង្គហេតុ និងដាក់បណ្តឹងអាជ្ញាទៅតុលាការ។
ចំណែកកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ត្រូវចាត់កម្លាំង ចុះល្បាតតាមគោលដៅ ដើម្បីទប់ស្កាត់ការទន្ទ្រានដីព្រៃលិចទឹក និងអនុវត្តវិធានការច្បាប់។ ទន្ទឹមនឹងវិធានការផ្លូវច្បាប់ ជនល្មើស ក៏តម្រូវឱ្យដាំដើមឈើឡើងវិញ លើផ្ទៃដីដែលបានទន្ទ្រានផងដែរ។
ជាមួយគ្នានោះ ក្រសួងធនធានទឹក និងឧតុនិយម ត្រូវទទួលបន្ទុកដាំបង្គោលព្រំដែនព្រៃលិចទឹក ដែលខ្វះ និងដែលបានដួលរលំ និងដាក់ពាក្យសុំចុះបញ្ជីដីរដ្ឋ នៅដីព្រៃលិចទឹកតំបន់ទន្លេសាប។
ចំពោះប្រជាពលរដ្ឋដែលបានដាំដំណាំ ពិសេសដំណាំស្រូវ រួចហើយ គឺត្រូវទុកពេលឱ្យប្រមូលផល រួចស្នើឱ្យធ្វើលិខិតទទួលកំហុស និងប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ។ ដោយឡែកការដាំដើមឈើឡើងវិញ ផ្តល់អាទិភាពលើការដាំដើមឫស្សី។
លោក ខូវ រីដា អភិបាលរងខេត្តពោធិ៍សាត់ ថ្លែងនៅថ្ងៃទី ៥ ធ្នូថា ការកាប់ទន្ទ្រានដីព្រៃលិចទឹក នៅខេត្តពោធិ៍សាត់នៅមិនទាន់អាចបញ្ជាក់ច្បាស់ថា មានចំនួនប៉ុន្មាននៅឡើយ ព្រោះមានកន្លែងខ្លះ ពលរដ្ឋអាស្រ័យផលតាំងពីមុនអាជ្ញាធរបឹងទន្លេសាបបោះបង្គោលទៀតផង ហេតុនេះត្រូវនៅបន្តសិក្សាស្រាវជ្រាវបន្ថែមទៀត។
លោកបញ្ជាក់ថា៖« កន្លងមកទោះបីជាមានការបាត់បង់ដីព្រៃលិចទឹកមែន ប៉ុន្តែការទប់ស្កាត់គឺមានជាប្រចាំ អត់មានទ្រង់ទ្រាយធំទន្ទ្រានរាប់ពាន់ហិកតាយកទៅធ្វើកម្មសិទ្ធិនោះទេ តែមានទ្រង់ទ្រាយតូចៗដែលបូកបញ្ជូលគ្នាទៅឃើញមានច្រើនដែរ» ។
យោងតាមរបាយការណ៍របស់ក្រុមការងារអន្តរក្រសួង តំបន់ ៣ នៃភូមិសាស្ត្រខត្តពោធិ៍សាត់ មានទំហំផ្ទៃដីចំនួន ៩៤ ១៤២ ហិកតា ស្មើ ១៤,៥២% នៃទំហំផ្ទៃដីតំបន់ ៣ ទូទាំងប្រទេសដែលមានផ្ទៃដីសរុបចំនួន ៦៤៧ ៤០៦ ហិកតា។
ខេត្តពោធិ៍សាត់ មានស្រុកចំនួន ៣ គឺ ស្រុកបាកានមានចំនួន ៤ឃុំ មានប្រជា ពលលរដ្ឋចំនួន ៣៤៩ គ្រួសារ កំពុងអាស្រ័យផលលើផ្ទៃដី ១ ០២២,៦៨ ហិកតា។
ស្រុកកណ្តៀង មានទំនួន ៦ឃុំ មានប្រជាពលរដ្ឋចំនួន ៦៦២ គ្រួសារ កំពុងអាស្រ័យផលលើផ្ទៃដី ១៨៦៣,៧៩ ហិតា និង ស្រុកក្រគរ មានចំនួន ៧ឃុំ មានប្រជាពលរដ្ឋចំនួន ៩១០គ្រួសារ កំពុងអាស្រ័យផលលើ ផ្ទៃដី ១ ៥៤៧,៦ ហិកតា។
សរុបជារួមខេត្តពោធិ៍សាត់ មានប្រជាពលរដ្ឋចំនួន ១៩២១ គ្រួសារ កំពុងអាស្រ័យផលក្នុង តំបន់៣ លើផ្ទៃដី ៤ ០០០,២៨ ហិកតា ក្នុងនោះមុនឆ្នាំ ២០១២ មាន ១៤០៩ គ្រួសារ លើផ្ទៃដី ២ ៦៤១, ៤៨ ហិកតា និងក្រោយឆ្នាំ ២០១២ មាន ៥១២ គ្រួសារ លើផ្ទៃដី ១ ៣៥៨,៨ ហិតា។
លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ថ្លែងនៅថ្ងៃទី ៥ ខែធ្នូថា ថ្មីៗនេះ ក្រោយពីទទួលបានបទបញ្ជាពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឱ្យចាត់វិធានការ នៅតំបន់ព្រៃលិចទឹក សម្រាប់ខេត្តសៀមរាប មិនមានចាប់បានជនល្មើសឡើយ ប៉ុន្តែដីព្រៃលិចទឹកដែលបានទន្ទ្រានរាប់ចាប់តាំងពីឆ្នាំ២០១៤កន្លងមក មានចំនួនប្រមាណ ២ ០០០ហិកតា នៅទូទាំងខេត្ត។
លោកបញ្ជាក់ថា ទីតាំងដែលមានការកាប់រានទន្ទ្រានច្រើនជាងគេ គឺនៅស្រុកជីក្រែង ប្រមាណ ៥០០ ហិកតា ដោយសារស្រុកនោះ ជាស្រុកដែលមានផ្ទៃដីនៅជាប់បឹងទន្លេសាបធំជាងគេ និងជាតំបន់ស្រូវប្រាំងច្រើនជាងគេផងដែរ។
លោកថ្លែងថា ៖«ផ្ទៃដីហ្នឹងនៅប្រែប្រួលទៀត ក្រោយបញ្ចប់ការលិចទឹកទៅ យើងទៅធ្វើជាក់ស្តែង នៅលើដីនឹងដឹងច្បាស់ជាង ឥឡូវនៅក្នុងទឹក អ៊ីចឹងមិនសូវច្បាស់ទេ ហើយវាបាត់បង្គោលបាត់អីផង ការផ្ទៀងផ្ទាត់មានការលំបាក តែមិនអីទេព្រោះយើងបានធ្វើកន្លងមកហូរហែហើយ» ។
ដោយឡែកនៅខេត្តកំពង់ឆ្នាំង បន្ទាប់ពីមានការដកហូតដីព្រៃលិចទឹកមកវិញ នៅថ្ងៃទី២ ធ្នូ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីរាជការ សិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជា សម្ព័ន្ធយុវជនមូស្លីមកម្ពុជា សមាគមនារីដើម្បីសន្តិភាព និងសម្ព័ន្ធ យុវជនស្រឡាញ់សន្តិភាព បានដាំកូនឈើឡើងវិញ នៅចំណុចគោកព្រះ ក្នុងភូមិសាស្ត្រឃុំច្រណូក ស្រុកកំពង់លែង ចំនួន៤០០០ដើម ។
រដ្ឋបាលខេត្តកំពង់ឆ្នាំងបញ្ជាក់ថា ៖«កូនឈើដែលបានដាំមានចំនួនជាង៤ពាន់ដើម ជាប្រភេទកូនឈើព្រៃលិចទឹក ត្រូវបានដាំនៅតំបន់ដីព្រៃលិចទឹកក្នុងតំបន់៣ ដែលក្រុមការងារអន្តរក្រសួង និងរដ្ឋបាលខេត្ត បានដកហូតពីអ្នកទន្ទ្រានដោយខុសច្បាប់កាលពីពេលថ្មីៗនេះ» ៕