ព្រះសីហនុៈ រាជរដ្ឋាភិបាល សហការ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី និង​ធនាគារពិភពលោក​នៅ​ឆ្នាំ​ ២០២២ ​ខាងមុខ​នឹង​ដាក់​ឱ្យ​ដំណើរការ​ទីលាន​ចាក់សំរាម ស្តង់ដា​បច្ចេកទេស​នៅ​តាម​បណ្ដា​ខេត្ដ​គោលដៅ​មួយចំនួន​ទៀត ក្រោយពី​ទីលាន​ចាក់សំរាម​នេះ​បាន​ដាក់ឱ្យ​ដំណើរការ​ដំបូង​នៅ​ខេត្ដ​ព្រះសីហនុ​កាលពី​ខែវិច្ឆិកា​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​កាលពី​ថ្ងៃទី​ ៣០ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ខេត្ត​ព្រះសីហនុ​ថា ទីលាន​ចាក់សំរាម​នៅ​ខេត្ត​ព្រះសីហនុ គឺជា​ទីលាន​ទី​១ ​នៅ​កម្ពុជា ដែល​សាងសង់ឡើង​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​។ នៅ​ឆ្នាំ ២០២២ ខាងមុខ​ទីលាន​ចាក់សំរាម​បែបនេះ​យ៉ាងហោច​ ៦ ទៀត​នឹង​ត្រូវ​ដាក់ឱ្យ​ដំណើរការ​នៅតាម​បណ្ដា​ខេត្ដ​គោលដៅ​នានា​។

លោក​បានឱ្យ​ដឹងថា ទីលាន​ចាក់សំរាម​នៅ​ខេត្ត​ព្រះសីហនុ​ជា​គម្រោង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​បាន​ផ្ទេរ​មក​ស្ថិតក្រោម​ការគ្រប់គ្រង និង​ប្រតិបត្តិការ​របស់​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​ ៥ ខែវិច្ឆិកា ឆ្នាំ​ ២០២១​។ តាម​បទដ្ឋាន​បច្ចេកទេស​ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​សាងសង់​ទីលាន​ចាក់សំរាម​នេះ គឺ​មាន​គម្រោង​សម្រាប់​ចាក់សំរាម​រយៈពេល​ ៥ ​ឆ្នាំ​ដោយ​ទីលាន​នេះ​មាន ៤ រណ្តៅ សាងសង់​លើ​ផ្ទៃដី​ទំហំ​ជាង ៥ ហិកតា និង​អាច​កាយកប់​សំរាម ៧ ស្រទាប់ និង​មាន​កម្ពស់ ២១ ម៉ែត្រ​អាច​ផ្ទុក​សំរាម​បាន​ប្រមាណ ១ ​លាន​តោន​។

លោក​បន្តថា​៖ «​ជា​គោលដៅ​របស់​រាជរដ្ឋាភិបាល​នឹង​គ្រប់គ្រង​សំណល់​រឹង​សំរាម​ឱ្យបាន​ល្អ​ដែល​ជា​គោលបំណង​នៃ​គោលនយោបាយ​ជាតិ​​គ្រប់គ្រង​សំណល់​រឹង​សំរាម​ដែល​ដាក់ឱ្យអនុវត្ត​»​។

បើតាម​លោក ភក្ត្រា គម្រោង​បង្កើត​ទីលាន​ចាក់សំរាម​ស្តង់ដា​បច្ចេកទេស​នេះ គ្រោង​ដាក់​ឱ្យ​ដំណើរការ​នៅ​អំឡុង​ឆ្នាំ​ ២០២២ ដែល​ស្ថិតនៅ​ខេត្ត​កែប កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​ខេត្ដ​កំពត ជាដើម​។ រាជរដ្ឋាភិបាល​នឹង​ធ្វើការ​ជាមួយ​ដៃគូ​បន្ថែមទៀត ដើម្បី​សាងសង់​ទីលាន​ចាក់សំរាម​នេះ​នៅ​សៀមរាប និង​បន្ទាយមានជ័យ​ផងដែរ​។ ក្រសួង​បរិស្ថាន​នឹង​បន្ត​ផ្តល់ជំនួយ​បច្ចេកទេស បណ្តុះបណ្តាល​សមត្ថភាព​ដល់​មន្ត្រីរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុង​ការគ្រប់គ្រង​សំរាម​នៅតាម​ទីប្រជុំជន​។

លោក ហុក សុផាន់ណារ៉ូ នាយក​គ្រប់គ្រង​ទីលាន​សំរាម​ទីប្រជុំជន​នៅ​ខេត្ត​ព្រះសីហនុ​លើកឡើង​ថា ទីលាន​ចាក់សំរាម​អូរ​តាសេក​ក្នុង​ខេត្ត​ព្រះសីហនុ គិត​ជា​មធ្យម​មាន​សំរាម​ប្រមាណ ៤០០ តោន ក្នុង​ ១ ​ថ្ងៃ ដែល​បាន​យកមក​ចាក់​នៅលើ​ទីលាន​។

លោក​ថា​៖ «​សំរាម​ទាំងនេះ​គឺ​មិនមែន​ប្រមូល​មក​តែ​ពី​ក្រុងព្រះសីហនុ​នោះទេ ប៉ុន្ដែ​បាន​ប្រមូល​មកពី​ផ្ទះ​ប្រជាពលរដ្ឋ រោងចក្រ និង​ក្រុមហ៊ុន​នានា នៅ​ស្រុក​ព្រៃនប់​ផងដែរ​»​។

លោក សុផាន់ណារ៉ូ បាន​ឱ្យ​ដឹងថា បច្ចុប្បន្ន ប្រតិបត្តិករ ក្រុមហ៊ុន​ចំនួន ២ កំពុង​អនុវត្ដ​ការប្រមូល​សំរាម សំណល់​រឹង​នៅក្នុង​ភូមិសាស្ដ្រ​ក្រុង​ព្រះសីហនុ និង​ស្រុក​ព្រៃនប់​យកមក​ចាក់​នៅ​ទីលាន​ចាក់សំរាម​នេះ​។ ទីលាន​នេះ ក្រៅពី​ជា​កន្លែង​សម្រាប់​ទុកដាក់​សំរាម​ប្រកប​ដោយ​ស្តង់ដា​ហើយក៏​អាច​ធ្វើការ​បែងចែក​សំរាម​ត្រឹមត្រូវ ដោយ​ក្នុងនោះ​ប្រភេទ​សំរាម​នីមួយៗ អាច​យក​ទៅ​កែច្នៃ ប្រើប្រាស់ តាម​ប្រភេទ​របស់​វា​ថែមទៀត​។

លោក ភក្ត្រា ថ្លែងថា ក្នុង​ ១ ​ថ្ងៃ​សំណល់​សំរាម​នៅ​កម្ពុជា​មាន​ប្រមាណ​ជាង ១ ម៉ឺន តោន ហើយ​ក្នុង ១​ ​ឆ្នាំ សំណល់​សំរាម​មាន​ប្រមាណ ៤ លាន​តោន​។ ដោយឡែក​នៅក្នុង​ខេត្ត​ព្រះសីហនុ​មាន​សំរាម​ចន្លោះ​ពី ៣៥០-៤០០ ​តោន ក្នុង​ ១ ​ថ្ងៃ​។ ក្នុងចំណោម​សំរាម​ទាំងនេះ គឺ​មាន ៦៥ ភាគរយ គឺជា​សំរាម​សំណល់​សរីរាង្គ ២០ ភាគរយ​ជា​សំណល់​ប្លាស្ទិក ហើយ​នៅសល់​ប៉ុន្មាន គឺជា​សំណល់​រឹង​។ កំណើន​សំរាម​ប្រចាំ​ឆ្នាំមាន​ចន្លោះ​ពី ១០-១៥% នោះ​អាច​នឹង​ធ្វើឱ្យ​ទីលាន​ចាក់សំរាម​ដែល​គ្រោង​ចាក់​រយៈពេល​ ៥ ​ឆ្នាំ​មាន​ការប្រែប្រួល​។ ក្រសួង​បរិស្ថាន​បាន​ជំរុញ​ឱ្យ​មាន​ការញែក​សំរាម​តាម​បច្ចេកទេស និង​ធ្វើការ​កែច្នៃ​ទៅតាម​ប្រភេទ​សំរាម ដើម្បី​កាត់បន្ថយ​សំណល់​សំរាម​៕

វីដេអូ៖