ភ្នំពេញៈ ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ កម្ពុជាបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតរបស់យើងទាំងអស់គ្នាបន្តធ្វើសកម្មភាព ដោយមិនឈប់ឈរឡើយ» ដែលក្នុងនោះដែរ យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្តបានស្ម័គ្រចិត្តចុះធ្វើការអប់រំផ្សព្វផ្សាយ តាមគ្រប់មធ្យោបាយក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយបានជួបផ្ទាល់ជាមួយនឹងពលរដ្ឋជិត ២ លាននាក់នៅតាមខ្នងផ្ទះ និងកន្លែងនានា។
លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានលើកឡើងតាមរយៈសារលិខិតនៃទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២១ ថាប្រធានបទនេះមានគោលបំណងអំពាវនាវចំពោះយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សាធារណជន និងជនរួមជាតិបន្តចូលរួមឱ្យបានកាន់តែសកម្មថែមទៀត នៅក្នុងការទទួលខុសត្រូវទប់ស្កាត់ជំងឺកូវីដ ១៩ ជំងឺឆ្លងរាតត្បាតសកលនានា។
លោកស្រីបញ្ជាក់ថា៖ «យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាធ្វើសកម្មភាពមិនឈប់ឈរឡើយ នៅក្នុងប្រតិបត្តិការមនុស្សធម៌ ជួយអ្នកងាយរងគ្រោះបំផុត និងអ្នករងគ្រោះតាមទិសស្លោកកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល និងបន្តខិតខំសម្រេចឱ្យបានបាវចនាសកម្មភាពនៅមូលដ្ឋានសម្រេចបានគោលដៅសកល»។
អ្នកស្ម័គ្រចិត្តទាំងអស់បានខិតខំប្រឹងប្រែងតស៊ូយ៉ាងស្វិតស្វាញ ពុះពារឧបសគ្គ និងជម្នះ បញ្ហាប្រឈមនានា ធ្វើការអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាព និងមធ្យោបាយ មិនខ្លាចនឿយហត់ ពាំនាំនូវសារគន្លឹះ ទប់ស្កាត់ជំងឺកូវីដ ១៩ បានទៅដល់ប្រជាពលរដ្ឋផ្ទាល់ជិត ២ លាននាក់នៅតាមខ្នងផ្ទះ និងកន្លែងនានា ធ្វើការអប់រំផ្សព្វផ្សាយតាមរយៈសកម្មភាពមិត្តអប់រំមិត្តតាមឧគ្ឃោសនស័ព្ទ តាមរថយន្តចល័ត ក្នុងសហគមន៍ តាមបណ្តាញសង្គម តាមប្រព័ន្ធព័ត៌មាន។ លើសពីនេះពួកគេបាននិងកំពុងបន្តឥតឈប់ឈរឡើយ ក្នុងប្រតិបត្តិការ ផ្តល់សេវាកម្មជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងអ្នករងគ្រោះដោយគ្រោះមហន្តរាយ ដោយការប្រែប្រួលអាកាសធាតុ ដោយគ្រោះថ្នាក់ចរាចរណ៍ជាដើម ប្រកបដោយឆន្ទៈ មនសិការ នៃភាពម្ចាស់ការរបស់សាខា-អនុសាខា តាមទិសវិមជ្ឈការ-វិសហមជ្ឈការ។ នេះបើតាមលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន។
លោកស្រីក៏បានអំពាវនាវដល់សាខា-អនុសាខាពង្រឹងភាពម្ចាស់ការខ្ពស់ ដឹកនាំមន្ត្រី-បុគ្គលិក យុវជនអ្នកស្ម័គ្រចិត្ត ធ្វើសកម្មភាពអប់រំ ផ្សព្វផ្សាយឱ្យបានកាន់តែជ្រួតជ្រាបទូលំទូលាយថែមទៀតក្នុងស្មារតីចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ ១៩ រួមទាំងក្រុមបំប្លែងថ្មី។
លោកស្រីថា៖ «សូមបងប្អូន អ្នកស្ម័គ្រចិត្តនៅតាមសហគមន៍ ក្មួយៗយុវជន កាកបាទក្រហមកម្ពុជានៅតាមគ្រឹះស្ថានសិក្សា រួមកម្លាំងសាមគ្គីភាព ពង្រឹង និងពង្រីកសកម្មភាពកសាងភាពធន់ និងផ្តល់សេវា ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះឱ្យបានឆាប់រហ័ស ទាន់ពេលវេលា»។
ក្នុងទិវាអ្នកស្ម័គ្រចិត្តអន្តរជាតិ ៥ ធ្នូនេះដែរ លោកស្រី Janet Davis អ្នកជំនាញខាងអភិវឌ្ឍប្រកបដោយជំនាញ ដែលបានចាប់ផ្តើមធ្វើការស្ម័គ្រចិត្ត នៅក្នុងប្រទេសកម្ពុជាកាលពីខែតុលា ឆ្នាំ ២០២១ មកក៏បានបង្ហាញពីការពេញចិត្ត ចំពោះការងាររបស់លោកស្រីដែលបានធ្វើជាអ្នកស្ម័គ្រចិត្ត។
យោងតាមស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឱ្យដឹងថា លោកស្រី Janet ធ្វើការស្ម័គ្រចិត្តជាមន្ត្រីគាំទ្រ This Life Cambodia ក្នុងខេត្តសៀមរាប ដែលជាផ្នែកមួយនៃ Australian Volunteers Program។ បន្ទាប់ពីបានធ្វើការឱ្យអង្គការមិនមែនរដ្ឋាភិបាល (NGOs) អស់រយៈពេលជាង ១៧ ឆ្នាំមក លោកស្រី Janet បានចាប់យកឱកាស ដើម្បីចែករំលែកជំនាញ និងបទពិសោធរបស់លោកស្រីជាមួយអង្គការក្រៅរដ្ឋាភិបាលមួយក្នុងប្រទេសកម្ពុជា បំពេញការងារដើម្បីបង្កើតឱ្យមានការផ្លាស់ប្តូរសម្រាប់កុមារ គ្រួសារ និងសហគមន៍។ «ខ្ញុំបានធ្វើការសម្រេចចិត្តខ្លួនឯង ក្នុងការផ្លាស់ប្តូរការងារពីខាងក្រុមហ៊ុនមកក្នុងវិស័យអង្គការក្រៅរដ្ឋាភិបាលវិញ ក្នុងឆ្នាំ ២០០៤ ហើយរីករាយនឹងបានមើលឃើញពីការផ្លាស់ប្តូរដែលខ្ញុំអាចសម្រេចបាន»។ លោកស្រី ថា លោកស្រីរីករាយនឹងធ្វើការជាមួយនឹងអង្គការប្រកបដោយថាមពល និងឥទ្ធិពលបែបនេះដែលធ្វើការជាមួយសហគមន៍ក្នុងកម្មវិធីជាច្រើន ដែលបង្កើតឡើងដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន និងយូរអង្វែង៕