ព្រះសីហនុៈ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ធ្វើការ​ណែនាំ​ដល់​គណៈបញ្ជាការ​ឯកភាព​ស្រុក​ត្រូវ​បន្ត​ស្រាវជ្រាវ​សាវតារ​អ្នក​កាន់កាប់​ដី​ខុសច្បាប់ និង​កាយ​ព្រំ​ការពារ​​ដីសម្បទាន​សង្គមកិច្ច​ឱ្យបាន​ច្បាស់លាស់ និង​ត្រូវបង្កើត​ក្រុមការងារ​ចុះ ស្រាវជ្រាវ រុករក​ដី​អតីតយុទ្ធជន ដែល​មាន​ការពាក់ព័ន្ធ​ជាមួយ​អង្គការ​វ៉ាយអេដ​ផងដែរ​។ ការណែនាំ​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ៣ ខែធ្នូ​។

លោក​ថ្លែងថា​៖ «​យើង​ចង់ដឹងថា ដី​អតីតយុទ្ធជន​នៅសល់​ប៉ុន្មាន បន្ទាប់ពី​ការកាត់​ឆ្វៀល និង​ធ្វើ​ផ្លូវ​ល្បឿន​លឿន​? ផ្ទៃដី​ទាក់ទង ដី​របស់​អង្គការ​វ៉ាយអេដ​ប៉ុន្មាន​? ត្រូវ​កំណត់​និយាម​ការឱ្យ​ច្បាស់លាស់ និង​ស្រាវជ្រាវ​ក្រុមគ្រួសារ ដែល​បាន​សាងសង់​ផ្ទះ នៅ​ទីនោះ តើ​អតីតយុទ្ធជន​បាន​ស្នាក់នៅ​ប៉ុន្មាន​? ស្ថានភាព​យ៉ាងដូចម្តេច​? យើង​ត្រូវ​ធ្វើការ​ដោះស្រាយ​ជា​ជំហានៗ​»​។

លោក​ នូវ សំអុល មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករង​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​សមាគម អតីតយុទ្ធជន ខេត្ត​បានឱ្យដឹងថា អតីត​យុវជន អ្នក​គ្មាន​ដី គ្មាន​ផ្ទះ​ចំនួន ៤៨ ​គ្រួសារ​។ រស់នៅ​លើ​ដីសាធារណៈ​ចំនួន ១៩ ​គ្រួសារ​។

លោក​ គន់ គីម ទេសរដ្ឋមន្ដ្រី និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ថ្លែងថា ការបែងចែក​ដីសម្បទាន​សង្គមកិច្ច​ជូន​អតីតយុទ្ធជន​មកដល់​ពេល​នេះ មាន​រយៈពេល​ ៨ ​ឆ្នាំ​មកហើយ សម្រាប់​អ្នក​ដែល​បានរស់នៅ​ពិតប្រាកដ​ត្រូវ​ចេញ​បណ្ណ​ជូន​ពួកគាត់​។

លោក​បាន​បញ្ជាក់ថា​៖ «​អ្នករស់នៅ​អចិន្រៃ្តយ៍​ត្រូវ​ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​ពួកគាត់​។ តាម​ធម្មតា​អ្នករស់នៅ ៥ ​ឆ្នាំ​ ត្រូវ​ចេញ​បណ្ណ​កម្មសិទ្ធិ ជូន​គាត់ ហើយ​បណ្ណ​កម្មសិទ្ធិ​នោះ គាត់​មាន​សិទ្ធិ​ចាត់ចែង ប្រើប្រាស់ ឬ​ចែក​ទៅ​កូន​ដោយ​ស្របច្បាប់​។ ចំពោះ​អ្នក​មិន​ស្នាក់នៅ​យើង​ត្រូវ​ពិនិត្យ​ដោះស្រាយ​បន្តទៀត​។ យើង​ក៏ត្រូវ​គិតគូរ​ដល់​មន្ត្រីរាជការ ដែល​ក្រ​ពិតប្រាកដ មិន​ចាំតែ​អតីតយុទ្ធជន​ទេ ប្រជាជន​ក្រ​ពិតប្រាកដ ដែល​មាន​បណ្ណ​ក្រី​ក្រលេខ​ ១ លេខ​ ២ ក៏ត្រូវ​គិតគូរ​ដូច​អតីតយុទ្ធជន​ដែរ​»​។

អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំខេត្ត​ព្រះសីហនុ ថ្លែង​នៅ​ថ្ងៃទី​ ៥ ខែធ្នូ​ថា បច្ចុប្បន្ន​វិវាទ​ដីធ្លី​នៅ​តំបន់​ដី​សង្គមកិច្ច​ក៏មាន​បញ្ហា​មួយចំនួន​ដែរ​។ កន្លែង​ដែល​រដ្ឋាភិបាល​ប្រគល់​ដីសម្បទាន​សង្គមកិច្ច​ទៅឱ្យ​អតីតយុទ្ធជន មាន​ការរៀបចំ​សម្រាប់​ការរស់នៅ​បាន​សមរម្យ អ្នក​ដែលមាន​លទ្ធភាព​ក៏បាន​ធ្វើ​ផ្ទះ​ធំ​នៅ អ្នកខ្លះ​បង្កើតជា​ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​កន្លែង​លក់ដូរ​ផ្សេងៗ ខ្លះ​ក៏បាន​ចូល​ទៅ​ធ្វើ​ផ្ទះសំបែង​រស់នៅ និង​ដាំដុះ​ផលដំណាំ​ផ្សេង​ទៅតាម​លទ្ធភាព​៕