ភ្នំពេញៈ រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលមានរដ្ឋបាលស្រុកក្រូចឆ្មារ និងស្រុកតំបែរ ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន គ្រោងរៀបចំតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងកាដេរឱ្យក្លាយជាតំបន់អេកូទេសចរណ៍មានភាពទាក់ទាញ និងប្តេជ្ញាការពារមិនឱ្យមានការកាប់រានទន្ទ្រានព្រៃ ឬបរបាញ់សត្វនៅតំបន់នោះឡើយ ដើម្បីរក្សាការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ តំបន់នោះឱ្យមាននិរន្តរភាព។
លោក កេង ប៊ុនណា អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តត្បូងឃ្មុំ ថ្លែងនៅថ្ងៃទី ៦ ខែធ្នូ ថា រដ្ឋបាលខេត្តគ្រោងនឹងរៀបចំអភិវឌ្ឍន៍តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងកាដេរឱ្យមានភាពទាក់ទាញ ព្រមទាំងប្តេជ្ញារក្សាការពារជីវៈចម្រុះ បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី ទីនោះឱ្យមាននិរន្តភាព។ សកម្មភាពក្នុងការរៀបចំអាចនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២២ ប៉ុន្តែពេលនេះនៅមិនទាន់អាចបញ្ជាក់ច្បាស់ថា នឹងធ្វើអ្វីខ្លះនៅទីនោះទេ។
លោកថ្លែងថា៖ «យើងនឹងរៀបចំកន្លែងហ្នឹងឱ្យមានភាពទាក់ទាញ ធ្វើផ្លូវ ធ្វើអី ដើម្បីឱ្យងាយស្រួលធ្វើដំណើរ ហើយពេលទឹកស្រក កសិករគាត់អាចធ្វើចម្ការនៅក្បែរៗហ្នឹង ដល់ពេលទឹកឡើងលិច យើងទុកជាជម្រកត្រីអ៊ីចឹងទៅ»។
លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ ឱ្យដឹងដែរថា អាជ្ញាធរស្រុកកំពុងធ្វើការងារជាបន្តបន្ទាប់ ដើម្បីអភិវឌ្ឍតំបន់នោះឱ្យក្លាយជាកន្លែងដែលមានភាពទាក់ទាញ និងប្រើប្រាស់បានជាប្រយោជន៍ច្រើន។ ក្នុងនោះអាជ្ញាធរស្រុកដាំដើមសណ្តាន់បានប្រមាណ ១ ០០០ ដើមរួចហើយ និងគ្រោងដាំបន្ថែមទៀតរហូតបាន ២០ ០០០ ដើម។ ដើមសណ្តាន់ទាំងនោះទទួលបានការឧបត្ថម្ភពីលោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា។
លោកបន្តថា ការដាំដើមសណ្តាន់នេះទៀតសោត នឹងដាំជារួមនៅតាមបង្គោលព្រំ ដើម្បីកំណត់ចំណាំបានយូរអង្វែង ព្រោះបង្គោលព្រំដែលធ្វើពីស៊ីម៉ងត៍ អាចនឹងខូចបាត់បង់ក្នុងរយៈប្រមាណ ១០ ឬ ២០ ឆ្នាំទៀត។ ការដាំនឹងមានគម្លាតពីគ្នា ២០ម៉ែត្រ១ដើម ព័ទ្ធជុំវិញ។
លោកសយ ទូច បញ្ជក់ថា៖«ការដាំដើមសណ្តាន់មានប្រយោជន៍ សម្រាប់ការដាំដើមឈើព្រៃលិចទឹកឡើងវិញផង។ ពលរដ្ឋអាចអាស្រ័យផលយកទៅធ្វើម្ជូរផង និងឱ្យក្លាយជាបង្គោលព្រំព្រៃលិចទឹកផង»។
លោកអភិបាលស្រុកប្រាប់ថា នឹងរៀបចំតំបន់ប្រើប្រាស់ច្រើយ៉ាងឱ្យក្លាយជាតំបន់អេកូទេសចរណ៍ ដែលអាចបោះតង់ ស្ទូចត្រីកម្សាន្ត ជិះទូកកម្សាន្ត ខណៈកសិករដែលនៅជុំវិញនោះ អាចទាញយកប្រយោជន៍តាមរយៈការយកទឹកពីតំបន់បឹងនោះយកទៅបម្រើវិស័យកសិកម្មនៅជុំវិញនោះមានផ្ទៃដីប្រើប្រាស់ប្រមាណ ២ ០០០ ហិកតា។
បើតាមលោកអភិបាលស្រុក នៅតំបន់ប្រើប្រាស់ច្រើនយ៉ាងនោះ ក៏មានកន្លែងដើមចារដុះមានផ្កាស្អាតប្រមាណ ១០០ ហិកតា ដែលអំណោយផលដល់ការរៀបចំជាផ្លូវតូច ដើម្បីឱ្យអ្នកទេសចរជិះកង់កម្សាន្តលេង។ ក្រៅពីនោះក៏មានព្រៃល្ពាក់ ព្រៃផ្តៅ ប្រមាណ ៥០ ហិកតា សម្រាប់ប្រជាពលរដ្ឋដកហូតយកទៅត្បាញធ្វើទៅជាសម្ភារប្រើប្រាស់ផ្សេងៗផងដែរ។
លោកបញ្ជាក់ថា តំបន់នោះក៏មានកំប្លោក និងដើមឈូកជាច្រើនដុះក្នុងបឹង ដែលគេអាចយកសូត្រទៅធ្វើសម្លៀកបំពាក់មានតម្លៃ។
លោកថ្លែងថា៖«យើងមានការងារច្រើនដែលត្រូវអភិវឌ្ឍ និងអភិរក្សនៅទីនោះ។ យើងនឹងដាំដើមឈើមួយចំនួនទៀតដែលមានប្រយោជន៍ជាឱសថសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃហើយត្រីសាច់សម្បូរណាស់នៅតំបន់នេះ។ យើងត្រូវការពារបទល្មើសកុំឱ្យមាន ហើយឆ្នាំនេះទូទាំងស្រុកក្រូចឆ្មារ យើងបង្ក្រាបបទល្មើសដាក់ស្បៃមុងសរុបប្រវែងជិត៥ម៉ឺនម៉ែត្រ»។
លោកសុខ សារិទ្ធ អភិបាលស្រុកតំបែរថ្លែងនៅថ្ងៃទី ៦ ខែធ្នូថា ក្រៅពីការចូលរួមអភិរក្ស ថែរក្សា ការពារតំបន់ប្រើប្រាស់ច្រើយ៉ាង រដ្ឋបាលស្រុកតំបែរគ្រោងដាំដើមសណ្តាន់ និងត្របែកព្រៃនៅថ្ងៃខាងមុខ ព្រមទាំងជួសជុលផ្លូវចូលឱ្យងាយស្រួលធ្វើដំណើរផងដែរ។ ការដែលមិនទាន់បានដាំដើមឈើបន្ថែមនៅទីនោះ ដោយសារតែរកកូនឈើមិនទាន់បាន។
លោកថ្លែងថា៖«យើងគ្រោងដាំ ៥០០ កូន ទៅ ១ ០០០ កូន ជាបន្តបន្ទាប់ជាជំហានៗ។ ឥឡូវនេះយើងកំពុងបណ្តុះកូនសណ្តាន់ និងកូនត្របែកព្រៃ។ យើងដាំធ្វើម៉េចឱ្យមានព្រៃធម្មជាតិ និងចង់លម្អកន្លែងហ្នឹងឱ្យមើលទៅស្អាតនិងទាក់ទាញទេសចរ»។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងនៅថ្ងៃទី ៦ ធ្នូថា ក្រសួងបរិស្ថានគ្រោងធ្វើការបោះបង្គោលព្រំនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងកាដេរ ដើម្បីកំណត់ឱ្យបានច្បាស់លាស់ ក្នុងការទប់ស្កាត់កុំឱ្យមានការកាប់ទន្ទ្រានរុករានយកដីជុំវិញតំបន់នោះ។
ជាមួយគ្នានោះ ក្រសួងក៏នឹងស្នើសុំចុះបញ្ជីដីរដ្ឋ ដើម្បីឱ្យមានការការពារស្របតាមច្បាប់ និងជ្រើសរើសមន្ត្រីឧទ្យានុរក្ស ដើម្បីការពារតំបន់នោះផងដែរ។
លោកថ្លែងថា៖ «មន្ត្រីឧទ្យានុរក្សដែលជាមន្ត្រីស្ម័គ្រចិត្តហ្នឹង គឺអាចជ្រើសរើសពីប្រជាពលរដ្ឋដែលរស់នៅទីនោះ ដើម្បីឱ្យគាត់បម្រើការងារក្នុងការការពារ និងអភិរក្សនៅតំបន់ហ្នឹង»។
លោក នេត្រ ភក្ត្រា បញ្ជាក់ថា តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងកាដេរ មានផ្ទៃដី ១ ៦៤៣ ហិកតា ស្ថិតនៅភូមិសាស្ត្រស្រុកក្រូចឆ្មារ និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ការបង្កើតតំបន់នេះ រដ្ឋាភិបាលមានបំណង ថែរក្សា និងការពារសោភណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ បរិស្ថាន និងវប្បធម៌។ ព្រមទាំងផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព បង្កើនតួនាទីប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាផលប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់ជាដើម៕