ភ្នំពេញៈ តំណាងកម្ពុជាប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស ច្រានចោលការលើកឡើងរបស់មន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) អំពីការព្រួយបារម្ភពីភាពមិនស៊ីចង្វាក់គ្នាទៅលើភ័ស្តុតាងដែលផ្តល់ដោយអាជ្ញាធរកម្ពុជា ពាក់ព័ន្ធនឹងករណីឃាតកម្មលើសកម្មជនអតីតគណបក្សប្រឆាំង ១ រូប កាលពីខែវិច្ចិកា ហើយដែលមន្ត្រីសិទ្ធិមនុស្សរូបនេះ អំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យ។
លោក ស៊ិន ខុន សកម្មជននៃអតីតគណបក្សសង្រ្គោះជាតិត្រូវបានជនសង្ស័យកាប់នឹងកាំបិតផ្គាក់ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ២១ ខែវិច្ឆិកា បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នេះបើយោងតាមកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលបានឱ្យដឹងតាមហ្វេសប៊ុក កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា។
កងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជាក់ថា មិនដល់ ៤៨ ម៉ោងផង ជនសង្ស័យត្រូវបានឃាត់ខ្លួន និងបានអះអាងថា ឃាតកម្មនេះមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ ប៉ុន្តែដោយសារជនសង្ស័យឧស្សាហ៍មានទំនាស់ពាក្យសម្តីជាមួយជនរងគ្រោះ។
លោក Rupert Colville អ្នកនាំពាក្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) លើកឡើងក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ៣ ខែធ្នូថា៖ «យើងកត់សម្គាល់ថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន ប៉ុន្តែមានការព្រួយបារម្ភពីភាពមិនស៊ីចង្វាក់គ្នា រវាងភ័ស្តុតាង ដែលផ្តល់ដោយអាជ្ញាធរ និងព័ត៌មានដែលទទួលបានដោយការិយាល័យរបស់យើង។ យើងអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យ និងមិនលម្អៀងលើឧក្រិដ្ឋកម្មនេះ»។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជានៅទីក្រុងហ្សឺណែវ បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ដែលផ្សព្វផ្សាយកាលពីថ្ងៃទី ៦ ខែធ្នូថា អាជ្ញាធរកម្ពុជា ពុំដែលព្រងើយកន្តើយ ចំពោះសេចក្តីរាយការណ៍ អំពីឧក្រិដ្ឋកម្មណាមួយនោះទេ។ ការស៊ើបអង្កេតយ៉ាងហ្មត់ចត់ដោយផ្ទៀងផ្ទាត់ជាមួយភ័ស្តុតាងនិងសាក្សី បានឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ ដែលក្រោយមកបានឆ្លើយសារភាពពីការប្រព្រឹត្តបទល្មើស។
សេចក្តីថ្លែងការណ៍បន្តថា ប្រសិនបើ OHCHR មានភ័ស្តុតាងដោះបន្ទុករឹងមាំ OHCHR ត្រូវបានស្វាគមន៍ឱ្យបញ្ជូនភ័ស្តុតាងទាំងនោះទៅកាន់អាជ្ញាធរកម្ពុជាដែលមានសមត្ថកិច្ច ដើម្បីផ្ទៀងផ្ទាត់ ដោយអនុលោមតាមវិធានដែលមានចែង។ កិច្ចសហប្រតិបត្តិការពិតប្រាកដ ដែលគ្មានរបៀបវារៈលាក់កំបាំងត្រូវបានរំពឹងទុកថា នឹងទទួលបានពីទីភ្នាក់ងារទាំងអស់ របស់អង្គការសហប្រជាជាតិ ដែលមានតួនាទីជួយគាំទ្រ មិនមែនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកនោះទេ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងហ្សឺណែវ ច្រានចោលទាំងស្រុងចំពោះការអត្ថាធិប្បាយបង្កការភាន់ច្រឡំមានលក្ខណៈនយោបាយូបនីកម្ម ជ្រើសរើសតែមួយជ្រុង និងបុរេវិនិច្ឆ័យ របស់លោក Rupert Colville ទាក់ទិនការស៊ើបអង្កេតលើជនសង្ស័យពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម»។
សេចក្តីថ្លែងការណ៍បានឱ្យដឹងថា OHCHR ចាំបាច់ត្រូវបំពេញអាណត្តិរបស់ខ្លួនដោយអនុលោមតាមសេចក្ដីសម្រេច ដែលបានបង្កើតស្ថាប័ននេះឡើង និងបានកំណត់ឱ្យការិយាល័យសិទ្ធិមនុស្សនេះ អនុវត្តមុខងារ របស់ខ្លួនក្នុងវិសាលភាពនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងមានកាតព្វកិច្ចគោរពអធិបតេយ្យភាពនិងដែនយុត្តាធិការក្នុងស្រុករបស់រដ្ឋនីមួយៗ៕