ភ្នំពេញៈ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបន្តបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយដល់កងប្រតិបត្តិការរុករកនិងសង្គ្រោះដើម្បីពង្រឹងជំនាញបន្ថែមទៀតក្នុងការជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់។
លោក ច័ន្ទ លំផាត់ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានក្រុមការងារសម្របសម្រួលកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយនៅថ្ងៃទី៦ធ្នូ បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយលើកទី៦ ដើម្បីបំពាក់បំប៉នដល់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ ៧០៦ នៅទីបញ្ជាការយោធភូមិភាគពិសេស។
នាឱកាសនោះដែរ លោក ច័ន្ទ លំផាត់ បានលើកទឹកចិត្តឱ្យកងកម្លាំងទាំងអស់ហ្វឹកហាត់ដុសខាត់ជំនាញឱ្យបានជាប្រចាំ ដើម្បីត្រៀមឆ្លើយតបគ្រោះធម្មជាតិដែលអាចកើតឡើងក្នុងពេលណាមួយ និងការសង្គ្រោះលើមុខសញ្ញាផ្សេងៗទៀតជាយថាហេតុជូនប្រជាពលរដ្ឋ។
លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា វគ្គហ្វឹកហ្វឺននោះមានសិក្ខាចំនួន ១២០ នាក់ ដែលបានចូលរួមទទួលការបណ្តុះបណ្តាលនេះ។ លោកបន្តថា ការហ្វឹកហ្វឺននេះពិតជាមានសារៈសំខាន់ណាស់ក្នុងការបំពេញចន្លោះខ្វះខ្វាតរបស់កងកម្លាំង និងពង្រឹងជំនាញបច្ចេកទេសដើម្បីត្រៀមសង្គ្រោះឱ្យមានប្រសិទ្ធភាពខ្ពស់។
លោកថា៖ «ការហ្វឹកហ្វឺនសម្រាប់ពេលមានគ្រោះមហន្តរាយកើតឡើង ដូចជា ទឹកជំនន់ រលំបាក់អគារ ពេលនោះហើយ ដែលកងកម្លាំងទាំងអស់មានភារកិច្ចចុះជួយអន្តរាគមន៍ជាបន្ទាន់»។
លោកបន្តទៀតថា ក្នុងវគ្គហ្វឹកហ្វឺននោះ អ្នកជំនាញបានផ្តល់ការបណ្តុះបណ្តុះបណ្តាលជំនាញដូចជា ការបើកបរកាណូត វិធីជួយសង្គ្រោះ ការបញ្ចៀសឧបទ្ទវហេតុគ្រោះថ្នាក់ឬគ្រោះមហន្តរាយធ្ងន់ធ្ងរ។
លោកថា៖ «ក្រៅពីនោះគឺមានការរៀបចំបោះទីតាំងដើម្បីឈរជើងជួយសង្គ្រោះប្រជាពលរដ្ឋ និងរៀបចំទីតាំងសង្គ្រោះនៅតាមផ្លូវគោកនិងទឹកនិងសង្គ្រោះនៅតាមការបាក់រលំអគារឬគ្រោះថ្នាក់ផ្សេង»។
លោកបន្តថា ក្រោយទទួលបានការហ្វឹកហ្វឺនដ៏ពិសេស លោកង្កេតឃើញថា កងកម្លាំងបានចុះប្រតិបត្តិការរុករកនិងជួយសង្គ្រោះពលរដ្ឋក្នុងគ្រោះមហន្តរាយបានល្អជាងមុនដូចជាករណីទឹកជំនន់ បាក់ច្រាំង រាំងស្ងួត ជំងឺឆ្លង និងខ្យល់កន្ត្រាក់ជាដើម។
លោកសុខា ឱ្យដឹងទៀតថា គិតចាប់ពីដើមឆ្នាំ ២០២០ មក មានសិក្ខាកាមសរុបចំនួន ៧២០ នាក់ហើយ ដែលបានទទួលការហ្វឹកហ្វឺននេះ។លោកថា៖«យើងបើកវគ្គបណ្តុះបណ្តាលបានប្រមាណជា៦កងហើយដោយក្នុង១កងមានកម្លាំង ១២០ នាក់ តាមផែនការយើងនឹងហ្វឹកហ្វឺនដល់កងកម្លាំងទាំងអស់ចំនួន ១៦ កង អ៊ីចឹងនៅសល់ ១០ កង ទៀតដែលយើងត្រូវហ្វឹកហ្វឺន»។
លោកបានបញ្ជាក់ថា ការហ្វឺកហ្វឺនកងកម្លាំងនេះដើម្បីឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបង្កើតក្រុមការងារចំនួន២ក្រុមដើម្បីបង្កើនប្រសិទ្ធភាពជួយសង្គ្រោះគឺក្រុមកាងារសម្របម្រួលការគ្រប់គ្រងគ្រោះមហន្តរាយនិងក្រុមការងារអន្តរាគមន៍ប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយកាលពីឆ្នាំ ២០១៩។
លោកបន្តថា៖ «ការបង្កើតកងនេះសម្តេចមានគោលបំណងថានៅពេលមានគ្រោះមហន្តរាយគឺក្រុមទាំងអស់នោះមានភារកិច្ចបន្ទាន់ចាំបាច់ក្នុងការសង្គ្រោះប្រជាពលរដ្ឋទាន់ពេលហើយជាកងកម្លាំងសង្គ្រោះក្នុងការប្រមូលផ្តុំដោយសារយើងមានមធ្យោបាយឧបករណ៍និងសម្ភារដែលយើងបានត្រៀម អីចឹងនៅពេលដែលគាត់ហ្វឹកហ្វឺនហើយគាត់មានចំណេះដឹងជំនាញបន្ថែមទៀតអាចនឹងសង្គ្រោះទាន់ពេលនិងធានាប្រសិទ្ធភាពដល់ប្រជាពលរដ្ឋ» ។
លោក គឹម រតនា នាយកប្រតិបត្តិនៃអង្គការការីតាស បានថ្លែងថា ការបង្កើនវគ្គបំពាក់បំប៉ននេះនឹងជួយពង្រឹងសមត្ថភាពកងកម្លាំងបន្ថែមទៀត ដើម្បីជួយអន្តរាគមន៍ទាន់ពេលវេលាខណៈលោកសង្កេតឃើញថា ការចុះជួយពលរដ្ឋប៉ុន្មានឆ្នាំចុងក្រោយនេះមានលក្ខណៈល្អប្រសើរ។
លោកថា៖ «ខ្ញុំឃើញមានលក្ខណៈល្អប្រសើរច្រើនទាក់ទងនឹងការជួយសង្គ្រោះពេលមានទឹកជំនន់គ្រោះរាំងស្ងួតខ្ញុំឃើញអាជ្ញាធរទាំងថ្នាក់ជាតិនិងក្រោមជាតិសកម្មមែនទែនដូចឆ្នាំមុនអីអាជ្ញាធរឆ្លើយតបទាន់ពេល ទាំងការផ្តល់ព័ត៌មាន ការជម្លៀសទៅទីទួលសុវត្ថិភាព គឺជួយបានលឿន»។