ព្រៃវែងៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកការដាក់ឱ្យប្រើជាផ្លូវការនូវផ្លូវជាតិលេខ ១១ ដែលភ្ជាប់ពីខេត្តព្រៃវែងទៅខេត្តត្បូងឃ្មុំ ជាសមិទ្ធផលថ្មីមួយទៀតនៃទំនាក់ទំនងមិត្តភាពកម្ពុជា និងចិនក្នុងការផ្តល់ភាពងាយស្រួលដល់ការធ្វើចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព ខណៈលោកក៏បានឱ្យសិក្សាសាងសង់ផ្លូវបន្ថែមទៀតផងដែរ ដើម្បីភ្ជាប់ទៅកាន់ព្រំដែន។
ការអះអាងរបស់លោកនាយករដ្ឋមន្ត្រីបែបនេះបានធ្វើឡើងក្នុងពេលលោកធ្វើជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ១១ និងផ្លូវក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង កាលពីថ្ងៃទី ៦ ធ្នូដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនរូប និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
ក្នុងឱកាសនោះ លោក ហ៊ុន សែន បានលើកឡើងថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតដែលរដ្ឋាភិបាលចិន និងប្រជាជនចិនបានជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍប្រទេស និងបង្កភាពងាយស្រួលដល់ពលរដ្ឋខ្មែរ។ លោកបន្តថា ក្នុងសុភាសិតបុរាណខ្មែរមានពាក្យ ១ ឃ្លាថា “មានផ្លូវ មានក្តីសង្ឃឹម” ចំណែកសុភាសិតចិន មានពាក្យថា “ចង់មាន ត្រូវធ្វើផ្លូវមុន” ដែលសុភាសិតទាំងនេះ គឺបានឆ្លុះបញ្ចាំងពីការពិត ចំពោះសេចក្តីត្រូវការរបស់មនុស្ស។
លោកបានបញ្ជាក់ថា៖ «ខ្មែរយើង មានទម្លាប់មួយសួរគ្នាថា មានផ្លូវឬអត់? មានផ្លូវ ឬអត់ប្រើគ្រប់ មិនមែនគ្រាន់តែចង់សំដៅផ្លូវធ្វើដំណើរនោះទេ...គឺមានផ្លូវ គឺមានសង្ឃឹម។ ដូច្នេះដូចគ្នាផងដែរ យើងត្រូវខិតខំដើម្បីបន្តការវិនិយោគទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់។ ក្នុងនោះមិនមែនមានតែផ្លូវទេ ក៏ប៉ុន្តែអ្វី [ដែល] ខ្ញុំចង់លើកក្នុងពេលនេះ គឺការតភ្ជាប់តាមរយៈការធ្វើផ្លូវ ធ្វើស្ពាននេះតែម្តង»។
ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សិក្សាលើការសាងសង់ផ្លូវថ្មី ១ ខ្សែទៀត តភ្ជាប់ពីស្រុកល្វាឯម ខេត្តកណ្តាល មកកាន់ផ្លូវជាតិលេខ ១១ និងផ្លូវជាតិលេខ ១ ទៅព្រំដែនកម្ពុជា វៀតណាម ដើម្បីស្វែងរកថវិកាសាងសង់បន្ថែម បន្ទាប់ពីលោកបានអនុញ្ញាតតាមសំណើរបស់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ផ្លូវជាតិលេខ ១១ ដែលមានប្រវែងសរុប ៩៦,៤៨ គីឡូម៉ែត្រចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ ១) ខេត្តព្រៃវែងដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ ៧) ខេត្តត្បូងឃ្មុំ ត្រូវបានសាងសង់ដោយការផ្ដល់ហិរញ្ញប្បទានសម្បទាន ជំនួយឥតសំណង និងបច្ចេកទេសជាបន្ដបន្ទាប់ពីចិន។
ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា ផ្លូវជាតិលេខ ១១ នេះគឺជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥ សង់ទីម៉ែត្រលើកកម្រិតគុណភាព និងពង្រីកទទឹងផ្លូវពី ៩ ម៉ែត្រទៅ ១១ ម៉ែត្រ ក្រាលស្រទាប់គ្រឹះទាំងលើ និងក្រោមកម្រាស់ ៦០ សង់ទីម៉ែត្រ។
គម្រោងនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយប្រើពេលសាងសង់ត្រឹមតែ ៣០ ខែប៉ុណ្ណោះ គិតចាប់ខែធ្នូ ឆ្នាំ ២០១៧ និងបញ្ចប់នៅខែមិថុនា ឆ្នាំ ២០២០ ដោយចំណាយថវិកាសរុប ៩៨,៣៨ លានដុល្លារអាមេរិក រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ដោះស្រាយផលប៉ះពាល់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផងដែរ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា សក្តានុពលនៃផ្លូវជាតិថ្មីនេះនឹងតភ្ជាប់ទំនាក់ទំនងរូបវន្ត ស្ថាប័ន និងប្រជាជនរវាងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំជាមួយនឹងរាជធានី-ខេត្តផ្សេងៗទៀត។ លោកបានបន្តថា ផ្លូវនេះក៏នឹងជួយសម្រួលដល់ចរាចរណ៍ ការដឹកជញ្ជូនទំនិញ អ្នកដំណើរ និងទេសចរ ព្រមទាំងកសិផល និងដំណាំកសិឧស្សាហកម្មផ្សេងៗទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។
លោកបានបន្ថែមថា៖ «សមិទ្ធផលថ្មីនេះគឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ...»។
ជាមួយនឹងសមិទ្ធផលថ្មីនេះលោក ស៊ុន ចាន់ថុល ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងចូលរួមថែរក្សាទ្រព្យសម្បត្តិទាំងនេះ ឱ្យបានយូរអង្វែងផងដែរ។
បើតាមលោក ស៊ុន ចាន់ថុល កំណើនរថយន្ត និងទោចក្រយានយន្តបច្ចុប្បន្នធៀបនឹងឆ្នាំ ១៩៩៨ ដោយចំនួនរថយន្តបានកើនឡើងប្រមាណពី ៦,៥ ម៉ឺនគ្រឿងរហូតដល់ ៩២ ម៉ឺនគ្រឿង រីឯចំនួនទោចក្រយានយន្តកើនឡើងប្រមាណពី ២០ ម៉ឺនគ្រឿង រហូតដល់ ៥,២ លានគ្រឿង៕