ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រធានវិលជុំនៃសមាជិកអាស៊ានក្នុងឆ្នាំ ២០២២ នេះបានប្រកាសជួបរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ានៅថ្ងៃនេះ បំណងស្វែងយល់អំពីចំណុចដែលត្រូវឈានទៅមុខក្នុងក្របខ័ណ្ឌកុងសង់ស៊ីស ៥ ចំណុចដែលមេដឹកនាំអាស៊ានបានឯកភាពគ្នាទាក់ទងស្ថានភាពនៅមីយ៉ាន់ម៉ា ដើម្បីនឹងអាចរកដំណោះស្រាយ ធ្វើប្រក្រតីភាពអាស៊ានឡើងវិញ ក្រោយពីមានរដ្ឋប្រហារយោធាក្នុងប្រទេសជាសមាជិកមួយនេះកាលពីខែកុម្ភៈ ឆ្នាំ ២០២១។
ការសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ១១ និងសាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែងនៅខេត្តព្រៃវែងកាលពីថ្ងៃទី ៦ ខែធ្នូ លោក ហ៊ុន សែន ថ្លែងថា៖ «ស្អែកខ្ញុំនឹងជួបរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា។ ក្នុងនាមកម្ពុជាបើមិនធ្វើការជាមួយមេដឹកនាំ អ្នកកាន់អំណាចមីយ៉ាន់ម៉ាតើទៅធ្វើជាមួយអ្នកណា? អ៊ីចឹងមិនចាំបាច់អ្នកណាមកទិតៀនកម្ពុជាទេ។ កម្ពុជាចេះធ្វើកិច្ចការខ្លួនឯង»។
លោកក៏បានប្រកាសទៀតថា នឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង ដែលក្នុងការជជែកគ្នានោះគឺមិនប្រាសចាកឆ្ងាយពីគោលការណ៍រួមរបស់អាស៊ាននោះទេ ហើយធម្មនុញ្ញាអាស៊ានចែងថា អាស៊ានមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិកអាស៊ាន។ ជាសមាជិកអាស៊ាន មេដឹកនាំប្រទេសមីយ៉ាន់ម៉ានេះត្រូវតែមានសិទ្ធិចូលរួមប្រជុំនានារបស់អាស៊ាន។
លោកនាយករដ្ឋមន្ត្រីបន្តថាការយករូបមន្តរបស់អង្គការសហប្រជាជាតិ (អសប) មកដាក់ក្នុងរូបមន្តរបស់អាស៊ានគឺមិនត្រឹមត្រូវនោះទេ ព្រោះនៅ អសប មានគណៈកម្មការពិនិត្យសារតាំងចំណែកនៅអាស៊ានមិនមានគណៈកម្មការនេះតែបើមានកិច្ចប្រជុំនានារបស់អាស៊ានគឺសមាជិកអាស៊ានត្រូវតែអញ្ជើញឱ្យចូលរួមកិច្ចប្រជុំទាំងអស់គ្នា។
លោកបញ្ជាក់ថា៖ «បើថ្នាក់រដ្ឋមន្ត្រីហៅរដ្ឋមន្ត្រី បើថ្នាក់កំពូលហៅកំពូល។ វាត្រូវអ៊ីចឹង»។
លោកថ្លែងថា៖ «អង្គការសហប្រជាជាតិផ្សឹង។ រចនាសម្ព័ន្ធអង្គការសហប្រជាជាតិមិនមែនជារចនាសម្ព័ន្ធរបស់អាស៊ាន។ មិនត្រូវយកម៉ូដែលរបស់អង្គការសហប្រជាជាតិមកដាក់ [ក្នុងអាស៊ាន] ហើយមានតែវិធីតែ ១ គត់គឺធ្វើការជាមួយអ្នកកាន់អំណាច»។
កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ និង ៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកាលពីខែតុលាកន្លងទៅ ដែលប្រទេសប្រ៊ុយណេធ្វើជាម្ចាស់ផ្ទះតាមប្រព័ន្ធវីដេអូបានប្រព្រឹត្តទៅដោយមិនមានវត្តមានរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ា។
លោក ហ៊ុន សែន ថ្លែងថា៖ «ពេលនេះជាពេលពង្រឹងអាស៊ានឡើងវិញ។ ពីអាស៊ាន ១០ ទៅអាស៊ាន ៩។ ឥឡូវត្រូវវិលត្រឡប់ទៅ ១០ វិញ។ ខាងមីយ៉ាន់ម៉ា មានបានប្រកាសផ្តាច់ខ្លួនចេញពីអាស៊ានពីអង្កាល់? អត់ផង! ឯក្នុងធម្មនុញ្ញអាស៊ានអត់មាននរណាមានសិទ្ធិដេញសមាជិកចេញទេ។ ស្អែកនេះ ខ្ញុំចង់ស្តាប់រដ្ឋមន្ត្រីការបរទេស [មីយ៉ាន់ម៉ា] ដោយផ្ទាល់»។
លោកថ្លែងថា មីយ៉ាន់ម៉ាក៏នៅតែពង្រឹងសាមគ្គីភាពក្នុងអាស៊ានហើយលោកចោទសួរថាតើត្រូវមានអាស៊ាន ៩ ប្រទេស ឬ ១០ ប្រទេសក្នុងការចូលរួមកិច្ចប្រជុំនានារបស់អាស៊ាន ខណៈកិច្ចប្រជុំកន្លងទៅប្រព្រឹត្តទៅមានសមាជិកអាស៊ានចំនួន ៩ ប្រទេសដែលបានចូលរួម។ សូម្បីតែចិនក៏បានអញ្ជើញថ្នាក់ដឹកនាំមីយ៉ាន់ម៉ាឱ្យចូលរួមកិច្ចប្រជុំរបស់ខ្លួនផងដែរ។
លោក ហ៊ុន សែន អះអាងថា ការដែលកម្ពុជាអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយជួបជាមួយលោក ដោយសារកម្ពុជាគឺជារដ្ឋអធិបតេយ្យដែលមានសិទ្ធិនឹងធ្វើកិច្ចការទាក់ទងនឹងទំនាក់ទំនងទ្វេភាគីផង ហើយក៏ស្វែងយល់អំពីចំណុចដែលត្រូវឈានទៅមុខក្នុងក្របខ័ណ្ឌ ៥ ចំណុចដែលបានព្រមព្រៀង (កុងសង់ស៊ីស) ដែលមេដឹកនាំអាស៊ានបានឯកភាពគ្នាទាក់ទងស្ថានភាពនៅមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំពិសេសរបស់មេដឹកនាំអាស៊ានកាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១។
គួរបញ្ជាក់ថា ចំណុចទាំង ៥ នៃកុងសង់ស៊ីសរួមមាន ការបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ាការចាប់ផ្តើមឱ្យមានកិច្ចសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធ បេសកជនពិសេសរបស់ប្រធានអាស៊ាននឹងសម្របសម្រួលនៃដំណើរការកិច្ចសន្ទនា អាស៊ាននឹងផ្តល់ជំនួយមនុស្សធម៌ និងបេសកជនពិសេស និងគណៈប្រតិភូនឹងទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធ។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គ សម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ៦ ខែធ្នូ ថា ការបរាជ័យរបស់ប្រ៊ុយណេក្នុងការជំរុញឱ្យមីយ៉ាន់ម៉ាទទួលយកចំណុចឯកច្ឆន្ទទាំង ៥ របស់អាស៊ានបានឆ្លុះបញ្ចាំងអំពីភាពរឹងទទឹងរបស់រដ្ឋាភិបាលយោធាដែលបានកាន់អំណាចតាំងពីខែកុម្ភៈមក។
លោកបន្តថា៖ «ជំនួបរវាងប្រមុខដឹកនាំកម្ពុជាជាមួយនឹងរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ានឹងជំរុញ និងពង្រឹងបន្ថែមទៀតក្នុងទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ និងផ្អែកលើបទពិសោធរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅកាន់សុខសន្តិភាពពេញលេញ ដោយសង្ឃឹមថា កម្ពុជានឹងអាចជួយមីយ៉ាន់ម៉ាក្នុងការដោះស្រាយវិបត្តិនយោបាយរបស់ខ្លួនបាន»។
លោកបន្តថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះឆ្នាំក្រោយ កម្ពុជានឹងដើរតួនាទីសំខាន់ក្នុងការស្វះស្វែងរកជំនួយសម្រាប់មនុស្សធម៌ សេដ្ឋកិច្ច-សង្គម និងប្រជាជនមីយ៉ាន់ម៉ាដោយផ្អែកលើគោលការណ៍មិនលូកដៃចូលផ្ទៃក្នុង និងអព្យាក្រឹត និងដើម្បីប្រយោជន៍ប្រជាជាតិអាស៊ាន។
លោកថា៖ «កម្ពុជាមិនចង់ឱ្យមានការបែកបាក់ផ្ទៃក្នុង ឬអាស៊ាន ៩ ឡើយ ដោយសម្តេចតេជោចង់ឱ្យមានអាស៊ានទាំង ១០ ចូលរួមប្រជុំនៅឆ្នាំក្រោយ ដែលនេះក៏ជាសមិទ្ធផលដ៏ធំមួយរបស់កម្ពុជាផងដែរ»៕