ភ្នំពេញៈ ក្នុងសន្និសីទមហាសមុទ្រឥណ្ឌាដែលធ្វើឡើងនាដើមខែធ្នូកន្លងទៅថ្មីៗនេះ កម្ពុជាបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ទំនាក់ទំនងទៅវិញទៅមករវាងបណ្ដាប្រទេសមហាសមុទ្រឥណ្ឌា និងអាស៊ាន ដើម្បីកសាងសន្តិភាព និងវិបុលភាពនៅក្នុងតំបន់។
លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេសថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជាក្នុងការលើកកម្ពស់ទំនាក់ទំនងទៅវិញទៅមករវាងបណ្ដាប្រទេសមហាសមុទ្រឥណ្ឌា និងអាស៊ាន។ ជាពិសេស នៅពេលដែលកម្ពុជានឹងទទួលតួនាទីដ៏សំខាន់ជាប្រធានអាស៊ានចាប់ពីខែមករា ឆ្នាំ ២០២២ ដើម្បីយើងទាំងអស់គ្នាអាចកសាងភាពសុខដុមរមនា សន្តិភាព ចីរភាព និងវិបុលភាពសម្រាប់តំបន់ទាំងមូល»។
លោកថ្លែងដូច្នេះក្នុងសន្និសីទមហាសមុទ្រឥណ្ឌាលើកទី ៥ នៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអារ៉ាប់រួម ដែលបានធ្វើឡើងកាលពីថ្ងៃទី ៤ និងថ្ងៃទី ៥ ខែធ្នូ។ លោក បូររិទ្ធ ថ្លែងថា មហាសមុទ្រឥណ្ឌា គឺជាទីតាំងផ្លូវសមុទ្រសំខាន់ៗដែលតភ្ជាប់មជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ីបូព៌ាជាមួយអឺរ៉ុប និងអាមេរិក។ ផ្លូវសមុទ្រសំខាន់ៗអស់ទាំងនេះ បានសម្រួលដល់ការធ្វើពាណិជ្ជកម្មតាមសមុទ្រក្នុងតំបន់មហាសមុទ្រឥណ្ឌា ផ្ទុកប្រេងលើសពីពាក់កណ្តាលនៃពិភពលោក និងជាម្ចាស់ផ្ទះកំពង់ផែចំនួន ២៣ ក្នុងចំណោមកំពង់ផែកុងតឺន័រកំពូលទាំង ១០០ នៅក្នុងពិភពលោក។
លោកបន្តថា ដោយវិបត្តិកូវីដ ១៩ ត្រូវបានគេរំពឹងថានឹងមានភាពធូរស្រាលក្នុងពេលដ៏ខ្លីខាងមុខ ការលើកកម្ពស់ប្រក្រតីកម្មនៃរំហូរពាណិជ្ជកម្ម ធុរកិច្ច និងការវិនិយោគ ស្របតាមការផ្លាស់ប្តូរពិភពលោក គឺជាកិច្ចការសំខាន់ និងបន្ទាន់សំដៅស្តារ និងលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅក្នុងតំបន់មហាសមុទ្រឥណ្ឌា។
មន្ត្រីការទូតរូបនេះអំពាវនាវដល់បណ្ដាប្រទេសមហាសមុទ្រឥណ្ឌា ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងក្នុងសកលលោក ដើម្បីជំរុញការអភិវឌ្ឍបៃតង។ ជាពិសេសការលើកទឹកចិត្តដល់វិស័យឯកជនក្នុងការបង្កើនការវិនិយោគបៃតង ការលើកកម្ពស់ប្រសិទ្ធភាពនៃការវិនិយោគលើគ្រប់វិស័យពាក់ព័ន្ធនឹងការលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្ម និងការអនុម័តបច្ចេកវិទ្យាបៃតង។
លោកថ្លែងថា៖ «ការលើកកម្ពស់ការអភិវឌ្ឍបៃតង គឺជាសសរស្តម្ភគ្រឹះមួយ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេលវែង ដែលនឹងបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច និងពង្រឹងភាពធន់នឹងអាកាសធាតុ»។
លើសពីនេះ លោក អ៊ុច បូររិទ្ធ ក៏បានអំពាវនាវដល់បណ្តាប្រទេសទាំងនេះជំរុញសេដ្ឋកិច្ចពណ៌ខៀវតាមរយៈការគ្រប់គ្រង និងការប្រើប្រាស់ធនធានមហាសមុទ្រប្រកបដោយចីរភាព និងជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការជាសកល និងតំបន់ ដើម្បីទាញយកធនធានទាំងនេះ តាមរបៀបដែលមាននិរន្តរភាពជាង។
លោក បូររិទ្ធ ថ្លែងថា៖ «តំបន់មហាសមុទ្រឥណ្ឌា គួរតែធានាការប្រើប្រាស់ ប្រកបដោយចីរភាពនូវធនធានសមុទ្រ ដោយសម្របសកម្មភាពរបស់ខ្លួនជាមួយនឹងលិខិតូបករណ៍ស្នូលរបស់អង្គការសហប្រជាជាតិ»។
មន្ត្រីការទូតជាន់ខ្ពស់រូបនេះក៏បានជំរុញឱ្យបណ្តាប្រទេសទាំងនេះធ្វើការរួមគ្នា ដើម្បីជំរុញបដិវត្តន៍ឧស្សាហកម្មទី ៤ ឱ្យដល់កម្រិតអតិបរមា ដើម្បីបង្កើតសសរស្តម្ភកំណើនថ្មីមួយប្រកបដោយភាពធន់ ព្រមទាំងបញ្ជាក់ថា ការសម្របខ្លួនទៅនឹងភាពធម្មតាថ្មីនឹងជំរុញកាន់តែខ្លាំងដល់ការចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម និងការធ្វើឧស្សាហូបនីយកម្មសេដ្ឋកិច្ច។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍ នាថ្ងៃទី ៦ ខែធ្នូ ថាទាំងអាស៊ាន និងកម្ពុជា បានព្យាយាមធ្វើឱ្យមានកិច្ចសហប្រតិបត្តិការល្អទាំងក្នុងក្របខ័ណ្ឌតំបន់ ហើយជាពិសេសតំបន់ធំជាងនេះគឺតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលគេហៅថា តំបន់មហាសមុទ្រឥណ្ឌា។ ក្នុងការដោះស្រាយបញ្ហាប្រឈមរួមគ្នាទាមទារឱ្យមានកិច្ចសហការគ្នាល្អកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងសាមគ្គីភាពក្នុងចំណោមបណ្តាប្រទេសទាំងអស់នៅក្នុងតំបន់។
លោកបានថ្លែងថា៖ «អ៊ីចឹងហើយ ខ្ញុំគិតថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងក្របខ័ណ្ឌអាស៊ាន អាចនឹងធ្វើឱ្យមានសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ឈានទៅដោះស្រាយបញ្ហាធំៗនៅក្នុងតំបន់របស់យើង»។
លោក គិន ភា បានបញ្ជាក់ដែរថា៖ «ហើយបញ្ហាចំពោះមុខជាចម្បង ដែលតែងតែលេចឡើងហ្នឹង គឺខ្ញុំគិតថា បញ្ហាកូវីដ ១៩ ការឡើងកម្តៅពិភពលោក ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយនៃមហាអំណាចហ្នឹងហើយ ធ្វើម៉េចដើម្បីឱ្យរក្សាបាននូវតុល្យភាពនៃទំនាក់ទំនងស្ថិរភាព សន្តិភាព និងបរិយាប័ន្ននៅក្នុងតំបន់»។
គួរបញ្ជាក់ផងដែរថា មហាសមុទ្រឥណ្ឌា គឺជាមហាសមុទ្រធំទី ៣ ក្នុងចំណោមមហាសមុទ្រទាំង ៥ របស់ពិភពលោក ដែលគ្របដណ្តប់លើផ្ទៃដីជាង ៧០ លានគីឡូម៉ែត្រការ៉េ ឬគ្របដណ្តប់ផ្ទៃទឹក ១៩ ភាគរយ។ មហាសមុទ្រនេះមានព្រំប្រទល់ជាប់អាស៊ីនៅភាគខាងជើងជាប់អាហ្វ្រិកនៅភាគខាងលិច និងជាប់អូស្ត្រាលីនៅភាគខាងកើត៕