ភ្នំពេញៈ គណបក្សនយោបាយនានានៅកម្ពុជាបាននិងកំពុងត្រៀមខ្លួន និងប្រកាន់ជំហរដាក់បេក្ខជនឈរឈ្មោះ ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ បើទោះបីគណបក្សខ្លះមិនមានជំនឿទៅលើស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គជប ក៏ដោយ។
លោក ថាច់ សេដ្ឋា អនុប្រធានទី ១ គណបក្សភ្លើងទៀន ដែលគណបក្សនេះ បានធ្វើសមាជកាលពីថ្ងៃទី ២៧ វិច្ឆិកាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គណបក្សបានអនុម័តទៅលើយុទ្ធសាស្ត្រ និងគោលនយោបាយមួយចំនួនសម្រាប់អនុវត្តនៅពេលខាងមុខ និងមួយវិញទៀត រៀបចំរចនាសម្ព័ន្ធឱ្យទៅដល់ឃុំ សង្កាត់ នៅទូទាំងប្រទេស ប៉ុន្តែលទ្ធភាពក្នុងការចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មិនទាន់សម្រេចនៅឡើយទេ ដោយរង់ចាំមើលស្ថានភាពអំណោយផល និងបរិយាកាសនយោបាយ។
លោកពន្យល់ថា៖ «ទោះចូលរួមបោះឆ្នោត ឬមិនចូលរួមបោះឆ្នោត នៅពេលខាងមុខនេះក៏គណបក្សត្រូវធ្វើសមាជរៀបចំរចនាសម្ព័ន្ធ ទាំងនៅថ្នាក់លើ និងថ្នាក់ក្រោមឱ្យមានរួចរាល់ ដើម្បីបើកទ្វារសម្រាប់អ្នកគាំទ្រ និងអ្នកស្រឡាញ់ប្រជាធិបតេយ្យដែលចង់ឱ្យប្រទេសកម្ពុជា មានការគោរពសិទ្ធិមនុស្ស និងបញ្ចប់អំពើហិង្សាផ្សេងៗ ព្រោះគណបក្សភ្លើងទៀន គឺជាជម្រើសមួយ និងធ្លាប់បានធ្វើសកម្មភាពនយោបាយនៅក្នុងប្រទេសជាច្រើនផងដែរ»។
លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៥ ខែធ្នូថា គណបក្សរបស់លោកបានកំណត់ទិសដៅរួចហើយថា នឹងចូលរួមការបោះឆ្នោតដ៏មានសារៈសំខាន់មួយនេះ ប៉ុន្តែសម្រាប់ការជ្រើសរើសបេក្ខជនសម្រាប់ឈរឈ្មោះបោះឆ្នោត មិនទាន់អាចកំណត់ចំនួនប៉ុន្មានភាគរយនោះទេ។
មានបញ្ហាមួយចំនួនដែលធ្វើឱ្យគណបក្សរបស់លោកមិនអាចជ្រើសរើសបេក្ខជនឱ្យបានគ្រប់ឃុំ-សង្កាត់នៅទូទាំងប្រទេស ពីព្រោះថា ពេលវេលាមានរយៈពេលខ្លីបញ្ហាជំងឺកូវីដ ១៩ នៅតែបន្តរំខាន និងមួយទៀតពលរដ្ឋតាមមូលដ្ឋាននៅមានភាពភ័យខ្លាចពាក់ព័ន្ធនឹងកាលពីកន្លងមក ដែលមានការចាប់ខ្លួន និងគំរាមកំហែងដល់អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិដែលធ្វើឱ្យពួកគាត់ពិបាកសម្រេចចិត្តក្នុងការចូលរួមជីវភាពនយោបាយ។
លោកថា ទាំងគណបក្ស និងប្រជាពលរដ្ឋនឹងមានភាពស្ទាក់ស្ទើរក្នុងការទៅចូលរួមបោះឆ្នោតនេះ ពីព្រោះមិនមានជំនឿទុកចិត្តទាំងស្រុងទៅលើស្ថាប័ន គជប បច្ចុប្បន្ននេះទេ ព្រោះសមាសភាពភាគច្រើននៃស្ថាប័ននេះគឺមកពីគណបក្សកាន់អំណាច មិនដូចពីមុនមានសមាសភាពមកពីអតីតគណបក្សសង្គ្រោះជាតិនោះឡើយ។ លោកថ្លែងថា៖ «សម្រាប់ខ្ញុំ មិនមានជំនឿទុកចិត្តទាំងស្រុងទៅលើស្ថាប័ន គជប ទេ ប៉ុន្តែកន្លងមកយើងបានចូលរួមបោះឆ្នោតជាហូរហែមកបើទោះបីទុកចិត្ត ឬមិនទុកចិត្ត។ យើងដឹងថា តាំងពី ១៩៩៨ រហូតមកដល់ ២០១៧ ហ្នឹង មានតែ ១៩៩៣ និង ២០១៧ មានទំនុកចិត្តច្រើន ព្រោះយើងទទួលបានការកោតសរសើរពីមតិជាតិ និងអន្តរជាតិច្រើន។ យើងនៅតែចូលរួមអីចឹងពីព្រោះយើងអត់មានជម្រើសអ្វីផ្សេងក្រៅពីនេះ»។
ស្រដៀងគ្នានេះដែរ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក ឱ្យដឹងថា គណបក្សខ្មែរក្រោកបានត្រៀមខ្លួនរួចហើយ ដើម្បីចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ ខាងមុខប៉ុន្តែមិនមានទំនុកចិត្តទាំងស្រុងលើស្ថាប័នរៀបចំការបោះឆ្នោតនោះទេ ពីព្រោះសមាជិកភាគច្រើននៃស្ថាប័ននេះ មកពីគណបក្សប្រជាជនកម្ពុជា។
លោកថ្លែងថា៖ «យើងដឹងថា ប្រធាន គជប មានសមាសភាពមកពីគណបក្សប្រជាជន ហើយគណបក្សប្រជាជនចូលរួមបោះឆ្នោតដែរ តើយើងសង្ឃឹមប៉ុន្មានភាគរយទៅលើរឿងហ្នឹង? យើងយល់ឃើញថា បើប្រធានអាជ្ញាធរជាតិរៀបចំការបោះឆ្នោតមកពីគេហើយ យើងពិបាកក្នុងការជឿបន្តិច»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្លែងថា បច្ចុប្បន្ននេះគណបក្សប្រជាជនកម្ពុជា បាននិងកំពុងតែរៀបចំឯកសារដាក់បេក្ខជនជាបណ្តើរៗឱ្យរួចរាល់ មុនកាលបរិច្ឆេទរបស់ គជប ដើម្បីចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២។
ចំពោះការចោទប្រកាន់ និងមិនមានជំនឿចិត្តរបស់គណបក្សនយោបាយមួយចំនួនមកលើ គជប ដោយសារមានមន្ត្រីគណបក្សប្រជាជននោះលោកថ្លែងថា គ្រាន់តែជាការចោទប្រកាន់ទេ ប៉ុន្តែដំណើរការនៃការរៀបចំការបោះឆ្នោតនៅតែដំណើរការទៅមុខជាធម្មតា។ លោកពន្យល់ថា គជប ត្រូវបានរៀបចំឡើងតាមរយៈ ការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដាក់អង្គការចាត់តាំងទៅជាស្ថាប័នធម្មនុញ្ញ និងរៀបចំច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ គជប ដែលអនុម័តដោយតំណាងរាស្ត្រមកពីគណបក្សនៅក្នុងរដ្ឋសភាទាំង ២ គឺគណបក្សប្រជាជនកម្ពុជា និងអតីតគណបក្សសង្គ្រោះជាតិ។ ដូច្នេះគ្មាននរណាមានលេសទៅចោទប្រកាន់ថា គជប មានសមាសភាពមកពីខាងនេះ ឬ ខាងនោះទេ។ លោកបញ្ជាក់ថា៖ «គជប រៀបចំស្របទៅតាមច្បាប់សមាសភាព របស់ គជប លែងជាសមាជិកគណបក្សនយោបាយហើយ អត់មានថា គាត់នៅគណបក្សនេះ ឬគណបក្សនោះទេពួកគាត់ធ្វើការដោយឯករាជ្យ ស្របទៅតាមច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃ គជប និងច្បាប់ស្តីពីការបោះឆ្នោត។
លោក សោម សូរីដា អ្នកនាំពាក្យ គជប ថ្លែងថា ចំពោះការបញ្ចេញវោហារស័ព្ទ របស់អ្នកនយោបាយជុំវិញការមិនមានជំនឿចិត្តលើសមាសភាពរបស់ គជប នោះ លោកមិនមានអ្វីអត្ថាធិប្បាយទេ ប៉ុន្តែលោកថា សមាសភាព គជប មកពីគណបក្សនយោបាយ ឬមកពីប្រភពណាក៏ដោយ មិនសំខាន់ទេ ប៉ុន្តែសំខាន់នៅត្រង់ គជប ត្រូវគោរព និងអនុវត្តទៅតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ គជប និងច្បាប់ស្តីការបោះឆ្នោត ដែលនៅជាធរមាន។ អ្វីដែល គជប ត្រូវអនុវត្ត គឺត្រូវតែពិនិត្យទៅលើសមិទ្ធផលការងាររបស់ខ្លួន និងគោរព និងអនុវត្តទៅតាមរដ្ឋធម្មនុញ និងច្បាប់ស្តីពីការប្រព្រឹត្តទៅនៃ គជប រួមជាមួយនឹងច្បាប់បោះឆ្នោតផ្សេងៗសំដៅទៅលើការអនុវត្ត តួនាទី និងភារកិច្ចដែលកំណត់នៅក្នុងដំណាក់កាលទាំង ៤ នៃដំណើរការបោះឆ្នោត។ លោកថ្លែងថា៖ «ដំណាក់កាលទី ១ រៀបចំបញ្ជីបោះឆ្នោត ដំណាក់កាលទី ២ ការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជន ដំណាក់កាលទី ៣ ឃោសនាបោះឆ្នោត និងដំណាក់កាលទី ៤ ការបោះឆ្នោតរាប់សន្លឹកឆ្នោតប្រកាសលទ្ធផលបោះឆ្នោត»៕
វីដេអូ៖