ព្រះសីហនុៈ ក្រុមហ៊ុនអចលនទ្រព្យនៅក្នុងស្រុកចំនួន ៣ បានចុះកិច្ចព្រមព្រៀងសហការជាមួយក្រុមហ៊ុនអចលនទ្រព្យនៅប្រទេសសិង្ហបុរី ដើម្បីរួមគ្នាសម្របសម្រួលដោះស្រាយវិវាទផ្សេងៗ ដោយធ្វើយ៉ាងណា ដើម្បីឱ្យអគារដែលបានផ្អាកការសាងសង់នៅខេត្ដព្រះសីហនុ បានដំណើរការឡើងវិញ ដែលការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងតាមរយៈកិច្ចសម្របសម្រួលពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នេះបើតាមលោក គួច ចំរើន អភិបាលខេត្ដព្រះសីហនុ។
លោក គួច ចំរើន បានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្នុងឱកាសមកបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុកាលពីថ្ងៃទី ២៩ វិច្ឆិកាថា អគារខ្ពស់ៗនៅក្នុងខេត្ដព្រះសីហនុមានប្រមាណ ១ ពាន់អគារក្នុងនោះមានអគារមួយចំនួនត្រូវបានផ្អាកការសាងសង់ ដោយសារតែវិបត្ដិកូវីដ ១៩។ សំណង់អគារទាំងនេះ គឺបានដំណើការសាងសង់យ៉ាងសស្រោកសស្រាំ និងសកម្មនៅត្រឹមចុងឆ្នាំ ២០១៩ មុនពេលកូវីដ ១៩ វាយប្រហារ។ អគារទាំងអស់នេះ គឺជាអគារដែលបានសាងសង់ឡើងដោយវិស័យឯកជន។ ចំណែករដ្ឋបាលខេត្ដ គឺមានតួនាទីគាំទ្រ និងសម្របសម្រួលផ្នែករដ្ឋបាលជូនម្ចាស់អគារ ទាក់ទងនឹងការសាងសង់ និងដោះស្រាយបញ្ហាផ្សេងៗ។
លោក គួច ចំរើន ថ្លែងថា៖ «ថ្ងៃមុននេះ ខ្ញុំក៏គិតថា ត្រូវរកទីប្រឹក្សា ដែលគេមានជំនាញ ដើម្បីឱ្យជួយដោះស្រាយ។ ខ្ញុំក៏បានចូលរួមធ្វើជាសាក្សីនៅក្នុងការចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន ៤ តាមរយៈការសម្របសម្រួលដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានក្រុមហ៊ុនមានជំនាញមកពីប្រទេសសិង្ហបុរី ធ្លាប់ឆ្លងកាត់បទពិសោធដោះស្រាយបញ្ហាទាំងនេះ»។
ក្រុមហ៊ុននេះបានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនអចលនទ្រព្យនៅក្នុងស្រុកចំនួន ៣ ដើម្បីរួមគ្នាធ្វើការសម្របសម្រួលដោះស្រាយ វិវាទទាំងនេះ ដើម្បីធ្វើយ៉ាងណាខិតខំឱ្យអគារទាំងអស់នេះបានដំណើរការទៅមុខទៀត។ ទាក់ទងនឹងអគារដែលបានផ្អាកដំណើរការសាងសង់ក្នុងខេត្ដព្រះសីហនុនេះលោក គួច ចំរើន បានឱ្យដឹងថា គឺមានជាប់ទាក់ទងជាមួយជម្លោះផ្សេងៗច្រើន។ លោកថា៖ «បើនិយាយឱ្យត្រូវ នៅទីនេះទាក់ទងនឹងបញ្ហាអគារនេះ មានច្រើនបញ្ហាដែរ»។ បើតាមលោក គួច ចំរើន ផ្នែកឯកជនដោយសារតែពេលមុនការរីករាលដាលនៃកូវីដ ១៩ ទីផ្សារជួលដីធ្លី និងអគារមានតម្លៃខ្ពស់រហូតដល់ ៨០ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ។ ប៉ុន្ដែនៅពេលដែលកូវីដ ១៩ មកដល់តម្លៃជួលបានធ្លាក់ចុះរហូតដល់ដំណាក់កាលស្មើនឹងសូន្យ ដោយសារមិនមានអ្នកធ្វើសកម្មភាពពាណិជ្ជកម្ម ហើយភូមិសាស្ដ្រក្រុងព្រះសីហនុ កំពុងត្រូវបិទខ្ទប់ដែលនេះក៏ជាបញ្ហានាំឱ្យមានការផ្អាកការសាងសង់អគារមួយចំនួនដែរ។
លោកបញ្ជាក់ថា៖ «ប៉ុន្ដែឥឡូវចាប់ផ្ដើមរើបៗឡើងវិញហើយ។ ដូច្នេះតើដំណោះស្រាយយ៉ាងម៉េច គឺត្រូវផ្អែកទៅតាមស្ថានការណ៍នីមួយៗ។ យើងមានតែការលើកទឹកចិត្ដ ដើម្បីឱ្យវិនិយោគិនបន្តការរៀបចំជួសជុលសាងសង់ ដើម្បីបើកដំណើរការឡើងវិញ បើកដំណើរការបន្តទៀត»។
ប៉ុន្មានថ្ងៃមុន មានការស្នើសុំចុះចតដោយយន្តហោះឯកជន ដោយមានថៅកែប៉ុន្មាននាក់ ហើយលោក គួច ចំរើន បានផ្ដល់ភាពអនុគ្រោះឱ្យមក ដើម្បីបានចាប់ផ្ដើមគិតគូររៀបចំដំណើរការឡើងវិញ។ លោក គួច ចំរើន ឱ្យដឹងថា កាលពីថ្ងៃទី ២៨ វិច្ឆិកា ២០២១ លោកបានធ្វើជាអធិបតី សម្ពោធបើកឱ្យដំណើរការនូវមជ្ឈមណ្ឌលកម្សាន្តឆ្នេរសមុទ្រមួយ ដែលមជ្ឈមណ្ឌលនេះគឺជាលើកដំបូង ដែលវិស័យឯកជនក្នុងខេត្ដព្រះសីហនុបានចាប់យកឱកាសនេះបើកដំណើរការឡើងវិញ ក្រោយពេលដែលរាជរដ្ឋាភិបាលបានសម្រេចបើកសេដ្ឋកិច្ចសង្គមឡើងវិញ។ «ខ្ញុំសង្ឃឹមថា ដំណើរការបើកឡើងវិញនឹងមានជាបន្តបន្ទាប់»។
លោកឱ្យដឹងថា កាលពីពេលចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនអចលនទ្រព្យកម្ពុជា ជាមួយក្រុមហ៊ុនសិង្ហបុរីលោកក៏ស្វែងយល់ពីក្រុមហ៊ុនសិង្ហបុរីដែលមានបទពិសោធ និងធ្លាប់ដោះស្រាយបញ្ហាតាំងពីវិបត្ដិហិរញ្ញវត្ថុនៅប្រទេសថៃ កាលពីឆ្នាំ ១៩៩៨ និងវិបត្ដិតាមបណ្ដាប្រទេសផ្សេងៗទៀតនៅទូទាំងពិភពលោក។ លោកបន្តថា៖ «អ៊ីចឹង ខ្ញុំថាមានតែការរៀនសូត្រពីគាត់ ដើម្បីបន្តការដោះស្រាយជាក់ស្ដែងបន្ថែមទៀត តាមចំណុចនៃវិវាទនីមួយៗ។ រឿងវិវាទនៅទីនេះ អាចមានច្រើនរឿងច្រើនរ៉ាវទាក់ទងនឹងបញ្ហានេះ ដែលយើងត្រូវការរួមគិត រួមដោះស្រាយជាបន្តទៀត»។
កាលពីឆ្នាំ ២០១៩ សំណង់ចម្រុះចំនួន ១៤ កន្លែងនៅខេត្តព្រះសីហនុត្រូវបានអាជ្ញាធរតម្រូវឱ្យរុះរើចេញវិញ បន្ទាប់ពីក្រុមការងារបច្ចេកទេសរកឃើញថា សំណង់ទាំងនោះ សង់ឡើងដោយគ្មានគុណភាព ចំណែកសំណង់ចំនួន ៧០ ផ្សេងទៀតត្រូវបានធ្វើកោសល្យវិច័យពីគុណភាព ក្នុងចំណោមសំណង់ជាង ៥០០ កន្លែងដែលត្រូវបានចុះត្រួតពិនិត្យ។
លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលជាប្រធានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្ដព្រះសីហនុមិនអាចទាក់ទងសុំអត្ថាធិប្បាយលើបញ្ហានេះបានទេ នៅថ្ងៃទី ៦ ធ្នូដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។
លោក ឃាង ភារម្យ អ្នកនាំពាក្យ រដ្ឋបាលខេត្ដព្រះសីហនុឱ្យដឹងនៅថ្ងៃទី ៦ ធ្នូថា វិស័យសំណង់ក្នុងខេត្ដព្រះសីហនុ គិតចាប់តាំងពីឆ្នាំ ២០១៧ រហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២១ នេះមានសំណង់សរុបចំនួន ១ ៦៦១ គម្រោង សរុបទុនវិនិយោគ មានប្រមាណជាង ៨ ៤០០ លានដុល្លារអាមេរិក។ ក្នុងនោះសំណង់អគារខ្ពស់ចាប់ពី ៥ ជាន់ រហូតដល់ ៥៣ ជាន់ គឺមានចំនួន ៦២០ គម្រោង។
ទាក់ទងនឹងសំណង់ចម្រុះចំនួន ១៤ កន្លែងនៅខេត្តព្រះសីហនុត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញតម្រូវឱ្យរុះរើចេញវិញ បន្ទាប់ពីក្រុមការងារបច្ចេកទេសរកឃើញថា សំណង់ទាំងនោះសង់ឡើងដោយគ្មានគុណភាព។ រហូតដល់បច្ចុប្បន្នមានការដ្ឋានដែលបញ្ចប់ការរុះរើ និងសាងសង់ឡើងវិញចំនួន ៥ ការដ្ឋានហើយការដ្ឋានសំណង់ដែលបញ្ចប់ការរុះរើ និងទុកដីទំនេរមានចំនួន ២ ការដ្ឋាន។ ការដ្ឋានដែលបានកាត់ជាន់តាមការណែនាំរបស់គណៈកម្មការមាន ៣ ការដ្ឋាន។ ការដ្ឋានដែលកំពុងរុះរើមាន ១ ការដ្ឋាន។ ការដ្ឋានដែលស្នើសុំកោសល្យវិច័យមាន ១ ការដ្ឋាន។ ការដ្ឋានដែលគ្មានសកម្មភាពរុះរើមានចំនួន ២ ការដ្ឋាន។ បច្ចុប្បន្ន គណៈកម្មការកំពុងតែជំរុញទៅលើការងារដែលនៅសេសសល់៕