
លោកស៊ុន ចាន់ថុល នៅខាងមុខ (កណ្តាល) ពេលចុះពិនិត្យមើលផ្លូវ ដែលជិតសាងសង់រួច នាថ្ងៃទី ៧ ធ្នូ នៅខេត្តសៀមរាប។ AKP
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ចុះត្រួតពិនិត្យវឌ្ឍនភាពការងារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ៣៨ ខ្សែ នៅក្រុងសៀមរាប នាថ្ងៃទី ៧ ខែធ្នូ ដោយបានណែនាំក្រុមការងារឱ្យពិនិត្យបន្ថែមលើការងារពាក់ព័ន្ធនឹងសោភណភាពនៃផ្លូវ ខណៈការចុះពិនិត្យនេះ មិនមានរកឃើញភាពមិនប្រក្រតីនោះទេ។
ទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ចូន បានឱ្យដឹងនៅថ្ងៃទី ៧ ធ្នូ ថា ការចុះត្រួតពិនិត្យការស្ថាបនាផ្លូវនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យគុណភាពនៃការសាងសង់។ ជំរុញឱ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខណៈបច្ចេកទេសសៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ និងស្តង់ដា ដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការគ្រោងទុក។
ទំព័រហ្វេសប៊ុកដដែលបញ្ជាក់ថា៖«ក្នុងដំណើរចុះពិនិត្យស្ថានភាពនៃការសាងសង់នាពេលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី [ស៊ុន ចាន់ថុល] បានអញ្ជើញធ្វើដំណើរ ដោយថ្មើរជើង ដឹកនាំក្រុមជំនាញបច្ចេកទេសពាក់ព័ន្ធ ចុះពិនិត្យបច្ចេកទេសនៃការអ៊ុតកៅស៊ូបេតុង (AC)។ ការដាំកូនរុក្ខជាតិលម្អសោភណភាពនៅតាមបណ្ដោយទ្រូងផ្លូវ ការអ៊ុតភ្ជាប់មុខតំណរបេតុងកៅស៊ូ គំនូសសញ្ញាចរាចរណ៍ គំនូសចែកទ្រូងផ្លូវ រង្វង់មូលព្រះរាជដំណាក់ ខឿនចិញ្ចើមផ្លូវ គំនូសសញ្ញាចរាចរណ៍សម្រាប់អ្នកថ្មើរជើង ការដាំស្មៅ និងផ្កាលម្អសួន និងការដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈផងដែរ»។
ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល ក៏បានណែនាំឱ្យក្រុមការងារជំនាញបច្ចេកទេសរបស់អង្គភាពសាងសង់ទាំងអស់ជិះកង់ ឬដើរត្រួតពិនិត្យគុណភាពផ្លូវដែលបានអ៊ុតកៅស៊ូរួច ដើម្បីធានាបាននូវគុណភាពរឹងមាំប្រើប្រាស់ជាប់បានយូរអង្វែង។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួង។
លោកហេង រ័ដ្ឋពិសិដ្ឋ អគ្គនាយកសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ចូន ដែលបានចុះក្នុងបេសកកម្មត្រួតពិនិត្យផ្លូវនេះប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៧ ធ្នូ ថា ការចុះត្រួតពិនិត្យនេះ ក្រុមការងារ មិនបានរកឃើញពីភាពមិនប្រក្រតីនៃការសាងសង់នោះទេ ក្រោយពីការសាងសង់បានអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។
លោកថ្លែងថា៖«ក្នុងពេលនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានណែនាំការងារបន្ថែមពាក់ព័ន្ធនឹងសោភណភាព។ ការងារដែលក្រុមការងារ បានសម្រេចបានក្នុងពេលនេះ គឺប្រមាណ ៩៥% នឹងបញ្ចប់តាមផែនការ»។
សូមជម្រាបថា គម្រោងសាងសង់ផ្លូវទាំង ៨ ខ្សែនេះ គឺមានប្រវែងសរុប ១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបជាង ១៤៩ ២១៦ ៥៩៥ ដុល្លារ ដោយក្នុងនោះចំនួន ៩ លានដុល្លារចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ស្ថិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨ នេះ។ ចំណាយពេលសាងសង់ចំនួន ១៣ ខែ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២១។
លោកគង់ រតនៈ ប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មិនអាចធ្វើការវាយតម្លៃបានចំពោះដំណើរការទាំងស្រុងនៃការសាងសង់ផ្លូវទាំង ៣៨ ខ្សែនេះស្ថិតក្នុងកម្រិតណានោះទេ។ ប៉ុន្តែលោក មើលឃើញថា ការចុះត្រួតពិនិត្យរបស់ថ្នាក់ដឹកនាំទាំងនេះ បង្ហាញពីការយកចិត្តទុកដាក់ ក្នុងការពង្រឹងគុណភាពនៃការសាងសង់ ចៀសវាងការធ្វេសប្រហែស ជាពិសេសការសាងសង់ដែលមិនគោរពទៅតាមស្តងដាបច្ចេកទេសជាដើម។
លោកបញ្ជាក់ថា៖ «សម្រាប់ខ្ញុំ រាល់ការអភិវឌ្ឍដែលមានការចូលរួមលើកទឹកចិត្តនិងគាំទ្រ សម្រាប់ខ្ញុំនេះ គឺជារឿងដែលប្រសើរ។ ដើម្បីផ្តល់គំរូទាំងនេះទៅដល់កន្លែងផ្សេងៗទៀត នៃស្ថាប័នសាធារណៈហ្នឹង គឺសូមឱ្យគាត់បង្ហាញតម្លាភាព តាមរយៈឱ្យមានការចូលរួមនៅក្នុងការត្រួតពិនិត្យសមិទ្ធផលនានា ក៏ដូចជាឱ្យប្រជាពលរដ្ឋបានដឹង»។
ក្រៅពីចូលរួមសាទរ លោកគង់ រតនៈ ថ្លែងថា គម្រោងនេះ វានឹងផ្តល់ផលដ៏ធំធេងដល់ប្រជាពលរដ្ឋ និងសង្គមជាតិ ក្នុងរយៈពេលវែងណាមួយ។ ដូច្នេះ អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវតែចូលរួមរួមគ្នា ជាពិសេសយកចិត្តទុកដាក់ក្នុងការថែទាំ និងគ្រប់គ្រងឱ្យបានត្រឹមត្រូវ។ ព្រោះក្នុងករណីដែលគ្មានការគ្រប់គ្រងបានត្រឹមត្រូវ នឹងបង្កទៅគុណវិបត្តិដែលនាំឱ្យមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងការឆាប់ខូចខាតផ្លូវទៅវិញ៕