ភ្នំពេញៈភូមិចំនួនប្រមាណ ៥០ ភាគរយនៅទូទាំងប្រទេសកម្ពុជាមិនទាន់មានការផ្គត់ផ្គង់ទឹកស្អាតនៅឡើយទេ។ នេះជាការលើកឡើងរបស់លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីចុងសប្តាហ៍មុន។
ក្នុងជំនួបនៃកិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី ២ ខែធ្នូឆ្នាំ ២០២១ ស្តីពី «ការវាយតម្លៃលទ្ធផលគម្រោងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយធនា
គារអភិវឌ្ឍន៍អាស៊ី ADB ចាប់ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០២០» នោះ លោកចម ប្រសិទ្ធ បានលើកឡើងថា កត្តាប្រែប្រួលអាកាសធាតុនិងកំណើនប្រជាជនព្រមទាំងវឌ្ឍនភាពនៃការអភិវឌ្ឍទីក្រុងនិងទីប្រជុំជនបានធ្វើឲ្យតម្រូវការប្រើប្រាស់ទឹកមានការកើនឡើងឥតឈប់ឈរ។
លោកបានបន្តថា ដោយពិនិត្យឃើញនូវបញ្ហាប្រឈមដែលកើតចេញពីកត្តាទាំងនោះ ក្រសួងបាននិងកំពុងពិចារណាអនុវត្តនូវគោលនយោបាយមួយចំនួនដូចជាការលើកទឹកចិត្តឲ្យប្រតិបត្តិករទឹកស្អាតដែលមានសមត្ថភាពហិរញ្ញវត្ថុនិងមានប្រភពទឹកគ្រប់គ្រាន់ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត និងពង្រីកបណ្តាញទឹកស្អាតរួមទាំងការលក់ទឹកដុំឲ្យតំបន់ដែលប្រឈមនឹងការខ្វះប្រភពទឹក។ ទន្ទឹមនឹងនេះ ក្រសួងក៏បាននិងកំពុងកំពុងអនុវត្ត
គោលនយោបាយគាំទ្រដល់គ្រួសារក្រីក្រតាមរយៈការឧបត្ថម្ភធនភ្ជាប់បណ្តាញនិងការឧបត្ថម្ភធនថ្លៃលក់ទឹក ព្រមទាំងគាំទ្រដល់កិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋនិងឯកជនផងដែរ។
លោក ចម ប្រសិទ្ធ បានបញ្ជាក់ថា៖ «តាមរយៈការសិក្សាស្រាវជ្រាវនាពេលថ្មីៗនេះ យើងបានរកឃើញភូមិចំនួនប្រមាណ ៥០ ភាគរយនៅទូទាំងប្រទេសកម្ពុជាមិនទាន់មានការផ្គត់ផ្គង់ទឹកស្អាតនៅឡើយទេដូច្នេះយើងចាំបាច់ត្រូវប្រឹងប្រែងរកដំណោះស្រាយបន្ថែមទៀតដើម្បីឈានទៅសម្រេចឲ្យបាននូវគោលនយោបាយផ្គត់ផ្គង់ទឹកស្អាតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅទីប្រជុំជនឱ្យបាន ១០០ ភាគរយនៅត្រឹម
ឆ្នាំ ២០២៥»។
លោកបានបន្តថាដើម្បីអាចសម្រេចបានគោលនយោបាយផ្គត់ផ្គង់ទឹកស្អាតរបស់រាជរដ្ឋាភិបាលកម្ពុជាគឺចាំបាច់ត្រូវមានហិរញ្ញប្បទានបន្ថែមទៀតសម្រាប់គាំទ្រដល់ប្រតិបត្តិករទឹកស្អាតក្នុងការពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតក្នុងតំបន់សេវារបស់ខ្លួន។ ខណៈបច្ចុប្បន្នក្រសួងកំពុងរៀបចំសេចក្តីព្រាងច្បាប់គ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យទឹកស្អាតព្រមទាំងបង្កើតនូវយន្តការសម្របសម្រួលរវាងស្ថាប័នដែលមានការពាក់ព័ន្ធដើម្បីពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋឲ្យបានគ្រប់រូប។
ទោះយ៉ាងណា នៅក្នុងកិច្ចប្រជុំពិភាក្សានោះ លោក Srinivasan Palle Venkata ប្រធានប្រតិភូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថាគោលបំណងរបស់បេសកកម្ម ADB គឺដើម្បីស្វែងយល់ថាតើការជួយគាំទ្ររបស់ ADB នៅក្នុងវិស័យទឹកស្អាតនៅកម្ពុជាមានប្រសិទ្ធភាពកម្រិតណា? ហើយតើអាចរៀនសូត្របានអ្វីខ្លះពីការគាំទ្រនេះ (ចំណុចល្អនិងចំណុចខ្វះខាត)? តើបញ្ហាអ្វីខ្លះដែលក្រសួងមានបំណងស្នើសុំឲ្យ ADB បន្តជួយគាំទ្រ ក៏ដូចជាបញ្ហាដែលជួបប្រទះក្នុងការអនុវត្តគម្រោងនាពេលកន្លងមក។
ជុំវិញការលើកឡើងរបស់លោក Srinivasan Palle Venkata លោក ចម ប្រសិទ្ធ បានថ្លែងថា គោលនយោបាយទឹករបស់ ADB គឺស្របជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅទីប្រជុំជនឱ្យបាន ១០០% នៅត្រឹមឆ្នាំ ២០២៥។ ដើម្បីអាចសម្រេចបានគោលនយោបាយនេះក្រសួងត្រូវការជាចាំបាច់នូវការជួយគាំទ្រពីដៃគូអភិវឌ្ឍន៍នានាក្នុងនោះក៏មានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផងដែរ។
លោកថា បច្ចុប្បន្នក្រសួងកំពុងអនុវត្តគម្រោងចំនួន២ដែលគាំទ្រដោយ ADB ក្នុងនោះរួមមាន គម្រោងផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជន (Urban Water Supply Project)និងគម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យខេត្ត (Provincial Water Supply and Sanitation Project)។ មកដល់ពេលនេះការអនុវត្តគម្រោងទាំង ២ កំពុងដំណើរការបានល្អទៅតាមផែនការ ដែលបានគ្រោងទុកទោះបីជាកន្លងមកមានការយឺតយ៉ាវខ្លះដោយមូលហេតុនៃការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងរបស់អគ្គនាយកដ្ឋានទឹកស្អាតនិងការរីករាលដាលជំងឺកូវីដ ១៩ ក៏ដូចជា មន្ត្រីរបស់គម្រោងមិនទាន់មានបទពិសោធគ្រប់គ្រាន់។
ជុំវិញបញ្ហាកង្វះទឹកស្អាតប្រើប្រាស់នេះ អ្នកស្រី អ៊ុង សាមុត ប្រជាកសិករនៅភូមិព្រៃព្រាល ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងមូលដ្ឋានភូមិឃុំ ដែលគាត់រស់នៅ ពុំមានទឹកស្អាតប្រើប្រាស់ទេ មិនតែប៉ុណ្ណោះ ខ្វះទាំងប្រភពទឹកសម្រាប់ប្រើប្រាស់និងស្រោចស្រពថែមទៀតផង។
អ្នកស្រីបានថ្លែងថា៖ «កុំថាឡើយទឹកស្អាត ឲ្យតែមានប្រភពទឹកអាចប្រើប្រាស់បានគ្រប់គ្រាន់ទៅបានហើយ ប៉ុន្តែនៅសហគមន៍ខ្ញុំនេះគឺគ្មានប្រភពទឹកប្រើប្រាស់គ្រប់គ្រាន់នោះទេ។ រៀងរាល់ឆ្នាំ ចាប់ខែមីនា ដល់ខែកក្កដា ហើយឆ្នាំខ្លះ អូសបន្លាយដល់ខែកញ្ញា គឺអត់មានទឹកប្រើប្រាស់ទេ ហើយពួកយើងត្រូវទិញទឹកស្រះឬទឹកអណ្ដូងពីតំបន់ផ្សេងមកប្រើប្រាស់»។
ទន្ទឹមនឹងនេះ អ្នកស្រីក៏បានអំពាវនាវ ដល់អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាអង្គការនានា ទាំងជាតិនិងអន្តរជាតិ ជួយជីកស្ដារស្រះសហគមន៍ និងបុកអណ្ដូងស្នប់ ជូនដល់ប្រជាសហគមន៍មូលដ្ឋានរបស់គាត់ផង៕