ភ្នំពេញៈ គណបក្សនានាបានប្រកាសត្រៀមលក្ខណសម្បត្តិសម្រាប់ដាក់អ្នកបន្តវេនបេក្ខភាពនាយករដ្ឋមន្ត្រី ដើម្បីចូលរួមប្រកួតប្រជែងជាមួយនឹងអនាគតបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សកាន់អំណាច បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីប្រកាសដាក់លោក ហ៊ុន ម៉ាណែត និងយុវជនផ្សេងទៀតជាអនាគតបេក្ខភាពនាយករដ្ឋមន្ត្រីបន្ទាប់ពីលោក។
លោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GPD) ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៧ ខែធ្នូឆ្នាំនេះថា ការប្រកាសឈ្មោះបេក្ខភាពនាយករដ្ឋមន្ត្រីបន្តរបស់លោក ហ៊ុន សែន គឺជារឿងល្អ ព្រោះមានអ្នកបន្តវេនមួយច្បាស់លាស់សម្រាប់គណបក្សប្រជាជនកម្ពុជាដែលអាចបញ្ចៀសភាពចលាចល ឬអសន្តិសុខ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកថា៖ «ការដែលជ្រើសរើសច្បាស់លាស់នេះជាយុទ្ធសាស្ត្រនយោបាយមួយដ៏ឈ្លាសវៃ ប៉ុន្តែជ្រើសបានអ្នកណានោះ គឺជារឿងមួយទៀត បើទោះបីជាកូនជាក្មួយ និងអ្នកណាក៏ដោយវាជាកិច្ចការផ្ទៃក្នុងគណបក្សប្រជាជនទាំងស្រុង»។
ចំពោះគណបក្សប្រជាធិបតេយ្យមូលដ្ឋានវិញ លោកថាមិនបាននិយាយដល់ការដាក់បេក្ខជននាយករដ្ឋមន្ត្រីបន្តវេននៅឡើយទេ។ ក៏ប៉ុន្តែបេសកកម្មរបស់គណបក្ស គឺបណ្តុះអ្នកដឹកនាំល្អ ហើយកន្លងមកនេះគណបក្សបានបណ្តុះជំនាន់ទី ២ រួចហើយ និងកំពុងបន្តបណ្តុះអ្នកជំនាន់ទី ៣ ទៀត។
លោកថ្លែងថា៖ «ជំនាន់ទី ២ យើងត្រៀមឡើងកាច់ចង្កូតរួចហើយ ប្រសិនបើជំនាន់ទី ១ របស់យើងមានបញ្ហាអ្វីមួយនោះ។
បច្ចុប្បន្ននេះគណបក្សក៏កំពុងបន្តបណ្តុះនូវអ្នកជំនាន់ទី ៣ ទៀតដែលអាចចូលរួមប្រកួតប្រជែងជាមួយនឹងឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងស្មារតីប្រជាធិបតេយ្យសេរីពហុបក្ស»។
លោកបានរំពឹងថា អ្នកជំនាន់ទី ២ របស់គណបក្សនឹងអាចមើលបានឆ្ងាយជាងអ្នកជំនាន់ទី ១ ពីព្រោះថា អ្នកជំនាន់ទី ២ បានឈរលើស្មារបស់ជំនាន់ទី ១។
ពេលនេះអ្វីដែលអ្នកដឹកនាំត្រូវធ្វើបន្តគឺត្រូវបណ្តុះអ្នកដឹកនាំបន្ត និងអ្នកដឹកនាំល្អ ដើម្បីឱ្យគ្រប់លក្ខខណ្ឌ និងគុណវុឌ្ឍិដែលត្រូវបានសរសេរយ៉ាងច្បាស់លាស់នៅក្នុងលក្ខន្តិកៈរបស់គណបក្ស។
រីឯលោក គង់ គាំ ទីប្រឹក្សាគណបក្សឆន្ទៈខ្មែរបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ថា លោកបានសាទរចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តរបស់ CPP (តាមការបោះឆ្នោត) ព្រោះមិនគ្រាន់តែស្របនឹងបរិយាកាសរបស់កម្ពុជាទេគឺវា ស្របផងដែរចំពោះនិន្នាការរួមរបស់ប្រទេសក្នុងតំបន់ និងលើពិភពលោក។ លោកថា៖ «ដូចដឹងស្រាប់ អ្នកនយោបាយវ័យចាស់មានអរិភាពជាមួយគ្នា ហើយមិនអាចមើលមុខគ្នាចំ និងមិនអាចមានសាមគ្គីទេ ដូច្នេះការបើកទំព័រឱ្យអ្នកនយោបាយវ័យក្មេងហ្នឹងវានឹងបញ្ចប់អតីតកាលដោយឱ្យក្មេងៗដែលមានការសិក្សា និងកម្រិតវប្បធម៌ ជ្រៅជ្រះនៅក្នុងប្រទេសប្រជាធិបតេយ្យ និងជឿនលឿន ដឹកនាំប្រទេសគឺជារឿងល្អ»។
លោកបន្តថា សម្រាប់គណបក្សឆន្ទៈខ្មែរនឹងជ្រើសរើសលោក គង់ ម៉ូនីកា ដែលជាមេដឹកនាំវ័យក្មេងរបស់គណបក្សធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីនឹងចូលរួមប្រកួតប្រជែងក្នុងការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជាចាប់ពីអាណត្តិ (ឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨) ដោយមិនរង់ចាំ ១០ ឆ្នាំទៀតទេ។
លោកបានបញ្ជាក់ថា៖ «ការបើកទំព័រថ្មីជាប្រវត្តិសាស្ត្រ និងការបើកឱកាសឱ្យអ្នកនយោបាយកម្ពុជាវ័យក្មេងទាំងឡាយដែលមានប្រវត្តិសិក្សាក្នុងប្រទេស ក្រៅប្រទេស និងមានកម្រិតវប្បធម៌ ចំណេះជំនាញខ្ពស់ពីមហាប្រទេសពីប្រទេសរីកចម្រើនជឿនលឿននានាលើពិភពលោកពិតជាការគិតគូរ និងសម្លឹងយ៉ាងត្រឹមត្រូវឆ្ពោះការប្រកួតប្រជែងខ្លាំងក្លាលើគ្រប់វិស័យមិនអាចបង្អែបង្អង់បាន»។
ដោយឡែកលោក ម៉ម សុណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យថ្លែងថា ក្នុងគណបក្សលោកដូចមិនឃើញអ្នកមានសមត្ថភាព និងគុណសម្បត្តិគ្រប់គ្រាន់សម្រាប់ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីទេ។ ដូច្នេះលោកសម្រេចគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី។
លោកថា៖ «ខ្ញុំគ្មានសមត្ថភាពក្នុងការប្រកួតប្រជែងជាមួយឯកឧត្តម ហ៊ុន ម៉ាណែត ទេ ហើយមួយទៀតខ្ញុំអត់អាចរកអ្នកណា ដែលមានសមត្ថភាពលើសពីឯកឧត្តម ហ៊ុន ម៉ាណែត ដែរ»។ យ៉ាងណាក្ដី លោកថា មិនថាលោក ហ៊ុន ម៉ាណែត ជាកូនសម្តេចដែលលោកត្រូវបោះឆ្នោតឱ្យនោះទេ ឱ្យតែអ្នកណាមួយមានចំណេះវិជ្ជា និងបទពិសោធដឹកនាំគឺលោកបោះឆ្នោតឱ្យអ្នកនោះហើយ។
លោក យង់ ពៅ សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយបានបង្ហាញការយល់ឃើញថា នេះគឺជារបត់នយោបាយមួយថ្មីនៅកម្ពុជា ប៉ុន្តែប្រសិនបើមើលក្នុងទិដ្ឋភាពទូទៅវាជារបត់សាមញ្ញដែលថ្នាក់ដឹកនាំគណបក្សត្រូវតែផ្តល់ការបន្តវេនដល់អ្នកជំនាន់ក្រោយ។ ត្រង់ចំណុចនេះកម្ពុជាហាក់ដូចដើរយឺតជាងប្រទេសមួយចំនួន ប៉ុន្តែជារបត់ល្អសម្រាប់អ្នកជំនាន់ក្រោយ។
លោកបន្តថា ការដាក់អ្នកបន្តវេននេះ ប្រសិនបើមិនមានការរៀបចំទុកមុនទេវានឹងធ្វើឱ្យរបត់សង្គមមានគ្រោះថ្នាក់ដូច្នេះ អ្នកនយោបាយត្រូវតែរៀបចំទុកមុននូវអ្នកបន្តវេនហើយក៏មិនមានអ្វីខុសដែរចំពោះការរៀបចំនេះ ពីព្រោះលើពិភពលោកក៏ធ្វើដូចនេះដែរ។ ឧទាហរណ៍នៅអាមេរិកក៏មានរៀបចំអ្នកនយោបាយបន្តវេនដែរ។
លោកថា៖ «ក្មេងៗជំនាន់ក្រោយមានចំណេះដឹង ក៏ប៉ុន្តែបទពិសោធត្រូវការអ្នកជំនាន់មុន។ អ៊ីចឹងយើងត្រូវតែមានវប្បធម៌បន្តវេន ទាំងនយោបាយ ទាំងបច្ចេកទេស ហើយខ្ញុំគាំទ្រឱ្យមានបែបហ្នឹង ហើយអ្នកជំនាន់ក្រោយនេះបានសិក្សាស៊ីជម្រៅ និងការយល់ដឹងក្នុងសង្គមប្រជាធិបតេយ្យបានច្រើនជាងអ្នកជំនាន់មុនដែលធ្វើនយោបាយតាមលក្ខណៈតស៊ូ»៕