ភ្នំពេញៈ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជានឹងផ្តល់បទសម្ភាសរួមគ្នាមួយដល់អ្នកកាសែតនាថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២១ ដើម្បីធ្វើការផ្តល់នូវព័ត៌មានពីវីរុសកូវីដ ១៩ បំប្លែងថ្មីឈ្មោះ អូមីក្រុង (Omicron) ដែលត្រូវបាន WHO រាយការណ៍ពីការរកឃើញវីរុសបំប្លែងថ្មីនេះនៅបណ្តាប្រទេសមួយចំនួនរួចហើយនៅលើសកលលោក។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនាថ្ងៃទី ៧ ខែធ្នូឱ្យដឹងថា ក្រសួងនឹងរៀបចំផ្តល់បទសម្ភាសរួមគ្នាមួយរវាងលោកស្រី ឱវណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោកស្រី លី អៃឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។ ក្រសួងបានបញ្ជាក់ថា៖ «ក្រសួងរៀបចំបទសម្ភាសរួមគ្នានេះឡើង ដើម្បីធ្វើបច្ចុប្បន្នភាពអំពីវីរុសកូវីដ ១៩ បំប្លែងថ្មី អូមីក្រុង»។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានធ្វើការអំពាវនាវ និងក្រើនរំឭកដល់ប្រជាពលរដ្ឋសាជាថ្មីអំពីវិធីការពារដែលក្រសួងបានដាក់ចេញ និងវិធានការរបស់រាជរដ្ឋាភិបាល ៣ កុំ ៣ ការពារឱ្យបានហ្មត់ចត់ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសកូវីដ ១៩ រួមទាំងអនុវត្តវិធានការសុខភាពសាធារណៈ និងសង្គមចាំបាច់នានាដូចជា ការពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ លាងសម្អាតដៃញឹកញាប់ រក្សាគម្លាតសុវត្ថិភាពបុគ្គល ១,៥ ម៉ែត្រឡើង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅថ្ងៃទី ៦ ធ្នូ ដោយលោកអំពាវនាវទៅដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់រួមគ្នាប្រឆាំងនឹងមេរោគកូវីដ-១៩ឱ្យបានដើម្បីកុំឱ្យមានការប្រមាថពីប្រទេសផ្សេង។
លោកមានប្រសាសន៍ថា៖ «យើងត្រូវប្រឹងទាំងអស់គ្នា កុំឱ្យកូវីដងើបឡើងវិញ កុំឱ្យអ្នកណាមើលងាយយើងបាន។ ប្រឹងប្រែងព្យាបាលប្រជាជន ការពារប្រជាជនយើងកុំឱ្យឆ្លង មិនថាតែកូវីដទេ តែជំងឺដទៃទៀតដែរ។ ត្រូវពង្រឹងវិស័យសុខាភិបាលកម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការការពារសុខភាពប្រជាជន»។
អង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាន កាលពីចុងខែវិច្ឆិកាថា «អូមីក្រុង» ជាវីរុសបំប្លែងខ្លួនថ្មីគួរឱ្យព្រួយបារម្ភ សម្រាប់ការឆ្លើយតបជាសកល ចំពោះការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩។ អូមីក្រុង អាចបំប្លែងខ្លួនជាវីរុសចំនួនច្រើន ហើយការបំប្លែងខ្លួនមួយចំនួននៅក្នុងចំណោមនោះ បង្កឱ្យមានការព្រួយបារម្ភ។
WHO បានបញ្ជាក់ថា ភ័ស្តុតាងបឋមបង្ហាញថា វីរុសបំប្លែងខ្លួនថ្មីនេះបង្កឱ្យមានហានិភ័យខ្ពស់ជាងវីរុសបំប្លែងថ្មីដែលគួរឱ្យព្រួយបារម្ភដទៃទៀត នៅក្នុងការឆ្លងជំងឺកូវីដ ១៩ ឡើងវិញ។ អូមីក្រុង ក៏ត្រូវបានគេរកឃើញក្នុងអត្រាឆ្លងលឿនជាងអត្រានៃការកើនឡើងជាគំហុកនៃការឆ្លងនានាកន្លងមក ដែលនេះបង្ហាញថា វីរុសបំប្លែងខ្លួនថ្មីមួយនេះ អាចឆ្លងដល់មនុស្សបានយ៉ាងងាយស្រួល ហើយធ្វើឱ្យវាជាវីរុសដែលងាយឆ្លងជាងវីរុសបំប្លែងខ្លួនថ្មីមុន។
អង្គការសុខភាពពិភពលោក ប្រចាំកម្ពុជាបានបន្តថា៖ «យើងមិនដឹងអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងចំពោះវីរុសបំប្លែងខ្លួនថ្មីនេះទេ។ អ្នកស្រាវជ្រាវ កំពុងពិនិត្យមើលឥទ្ធិពលរបស់វីរុសបំប្លែងខ្លួនថ្មីនេះទៅលើវ៉ាក់សាំង និងឧបករណ៍ផ្សេងៗទៀត»។ ជាមួយគ្នានេះ «អ្នកវិទ្យាសាស្ត្រ ក៏កំពុងធ្វើការដើម្បីស្វែងយល់បន្ថែមអំពីថាតើការបំប្លែងខ្លួន និងផលប៉ះពាល់នឹងមានប៉ុនណា ដោយសារលទ្ធភាពចម្លងរបស់វីរុសថ្មីនេះ ថាតើវាខ្លាំងហើយឆាប់រាលដាលកម្រិតណា»៕