ភ្នំពេញៈ ក្រុមអ្នកជំនាញ ធ្វើវិសោធនកម្មច្បាប់ស្តីពីព្រៃឈើ ជលផល និងច្បាប់តំបន់ការពារធម្មជាតិ កំពុងបន្តធ្វើការពិភាក្សា ត្រង់ចំណុចស្តីពីការផ្ទេរមុខងារ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិរបស់ក្រសួងទៅថ្នាក់ក្រោមជាតិ ខណៈដែលបញ្ហាស្មុគស្មាញផ្សេងៗទៀត បានស្រុះស្រួលគ្នាអស់ហើយ។ នេះបើតាមលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ។
លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃថ្លែងនៅថ្ងៃទី ៦ ធ្នូថា ការធ្វើវិសោធនកម្មច្បាប់ចំនួន ៣ ដែលរួមមាន ច្បាប់ស្តីពី ព្រៃឈើ ច្បាប់ស្តីពីជលផល និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ បានស្រុះស្រួលគ្នាច្រើនហើយ ប៉ុន្តែនៅមានបញ្ហាមួយដែលកំពុងបន្តជជែកគ្នា នោះគឺជម្រើសក្នុងការផ្ទេរមុខងារក្នុងការគ្រប់គ្រង ថែរក្សា និងអភិរក្សធនធានធម្មជាតិពីថ្នាក់ក្រសួងទៅថ្នាក់ក្រោមជាតិ។
លោកថា ការផ្ទេរមុខងារត្រូវភ្ជាប់ជាមួយរចនាសម្ព័ន្ធ ភ្ជាប់ទាំងតួនាទី និងមន្ត្រី ហេតុនេះ ក្រសួងពាក់ព័ន្ធត្រូវយល់គ្នាអំពីជម្រើសនេះ ដើម្បីឱ្យការអនុវត្តមានភាពរលូនជាមួយគ្នា។ ចំណុចនេះត្រូវតែមានការសិក្សាឱ្យបានច្បាស់លាស់ព្រោះពាក់ព័ន្ធនឹងធនធានធម្មជាតិ និងនិរន្តរភាពនៃកិច្ចការថែរក្សា។
លោកបញ្ជាក់ថា៖ «បញ្ហានៅសល់តែមួយហ្នឹងទេ ចំណែកធ្វើគោលនយោបាយព្រៃឈើបានឯកភាពគ្នាហើយ គឺច្បាប់ហ្នឹងធ្វើគ្របដណ្តប់ព្រៃឈើទាំងអស់ ទាំងព្រៃឈើដែលគ្រប់គ្រងដោយបរិស្ថានទាំងព្រៃឈើដែលគ្រប់គ្រង់ដោយកសិកម្មក្តី ព្រោះពីមុនមកច្បាប់ហ្នឹង ផ្តល់តែលើព្រៃដែលគ្រប់គ្រងដោយផ្នែកកសិកម្ម»។
បើតាមលោក សក់ សេដ្ឋា ច្បាប់នេះមានរចនាសម្ព័ន្ធច្រើនជំពូក និងបានសរសេររួចរាល់ច្រើនជំពូកហើយ ប៉ុន្តែនៅសល់ជំពូកចំនួន ២ ដែលចែងពីរចនាសម្ព័ន្ធ និងតួនាទី និងជំពូកដែលចែងពីទោសប្បញ្ញត្តិនៅមិនទាន់ស្រុះស្រួលគ្នា។ យ៉ាងណាលោកបញ្ជាក់ថា ចំពោះទោសប្បញ្ញត្តិមិនមានបញ្ហាចោទច្រើនទេ ព្រោះអាចរំឭកឡើងវិញនូវច្បាប់ទាំង ៣ ដែលមានស្រាប់ឱ្យស៊ីគ្នាជាមួយក្រមនីតិវិធីព្រហ្មទណ្ឌប៉ុណ្ណោះ។
ទោះយ៉ាងណាលោក សក់ សេដ្ឋា មិនបានប្រាប់ឱ្យដឹងថា សេចក្តីព្រាងច្បាប់ទាំងនេះនឹងត្រូវបញ្ចប់នៅពេលណានោះទេ។
លោក ប៉ែន បុណ្ណារ៍ មន្ត្រីជាន់ខ្ពស់ សមាគមអាដហុកថ្លែងនៅថ្ងៃទី ៦ ធ្នូថា ច្បាប់នៅក្នុងការធ្វើវិសោធនកម្មនោះគឺមានគ្រប់គ្រាន់ហើយ ប៉ុន្តែមិនទាន់បែងចែកតួនាទីបានច្បាស់លាស់។ ការដាក់ទោសទណ្ឌ ការកំណត់តួនាទីរបស់ស្ថាប័ននីមួយៗរបស់មន្ត្រីយុត្តិធម៌ គឺគ្រប់គ្រាន់ដើម្បីធ្វើឱ្យច្បាប់មានប្រសិទ្ធភាព។ ច្បាប់មានប្រសិទ្ធភាពទៅបានលុះត្រាតែអ្នកល្មើសត្រូវបានទទួលទោសទៅតាមច្បាប់នោះ។
លោកបញ្ជាក់ថា៖ «កន្លងមកអ្នកណាធ្វើខុសធ្វើត្រូវយ៉ាងម៉េច គឺថាដូចជាបង្កើតបានជាប្រព័ន្ធមួយការពារគ្នា អនុវត្តបានតែលើប្រជាពលរដ្ឋទន់ខ្សោយ ហើយបើអ្នកធំបានមួយៗអ៊ីចឹងទៅ។ អ៊ីចឹងវាធ្វើឱ្យភាពអនាធិបតេយ្យនៃការកាប់បំផ្លាញធនធានព្រៃឈើ លុបបឹង ដណ្តើមដីគេ កើតឡើងយ៉ាងអនាធិបតេយ្យ»។ បើតាមលោក បុណ្ណារ៍ ការធ្វើវិសោធនកម្មច្បាប់មិនមានប្រសិទ្ធភាពនោះទេ បើសិនជាគ្រប់គ្នាមិនទទួលខុសត្រូវក្នុងការអនុវត្ត ហើយមានការយោគយល់គ្នា និងធ្វើឡើងបានតែចំពោះអ្នកទន់ខ្សោយនោះ ទោះបីធ្វើវិសោធនកម្ម ១០០ ដងទៀត ក៏នៅតែមិនអាចការពារធនធានធម្មជាតិបានដែរ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) លោក ង៉ាន់ ចំរើន ថ្លែងនៅថ្ងៃទី ៦ ខែធ្នូថា ការតម្រូវឱ្យធ្វើវិសោធនកម្មច្បាប់នោះ ដោយសារតែច្បាប់បានផ្តល់សិទ្ធិអំណាចផ្តាច់មុខទៅឱ្យតែក្រសួងថ្នាក់ជាតិ ទាំងករណីបង្ក្រាប និងករណីរៀបចំបណ្តឹងទៅតុលាការ ហេតុនេះទើបធ្វើវិសោធនកម្មច្បាប់ ដើម្បីឱ្យរដ្ឋាភិបាលអនុវត្តច្បាប់បានងាយស្រួល មិនប្រាសចាកពីទិដ្ឋភាពច្បាប់ និងដើម្បីកុំឱ្យសិទ្ធិអំណាចតែលើរដ្ឋបាលព្រៃឈើផ្តាច់មុខ ឬរដ្ឋបាលជលផលផ្តាច់មុខ ហើយគួរតែមានការចូលរួមពីស្ថាប័នមានសមត្ថកិច្ចដទៃទៀតជាពិសេសបែងចែងអំណាចទៅឱ្យថ្នាក់ក្រោមជាតិជួយបង្ក្រាបបទល្មើសធនធានធម្មជាតិ។
លោកថ្លែងថា៖ «ឱ្យថ្នាក់ក្រោមជាតិលោកជួយមើល កុំឱ្យផ្តាច់មុខតែក្រសួងកសិកម្មអ៊ីចឹង អ្នកណាឃើញករណីចុះបង្ក្រាបភ្លាមហើយរៀបចំបណ្តឹងទៅតុលាការខ្លួនឯង ជាអ្នករៀបចំម្ចាស់បណ្តឹងមិនបាច់ផ្ទេរអាហ្នឹងទៅរដ្ឋបាលជលផល ព្រៃឈើជាអ្នករៀបចំនីតិវិធីដាក់បណ្តឹងទៅតុលាការទេ តែកន្លងមកច្បាប់យើងវាអ៊ីចឹង ទើបយើងត្រូវកែឡើងវិញ»៕