ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា រយៈពេល ២ ថ្ងៃ ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២២ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារប្រក្រតីភាពអាស៊ានឡើងវិញគឺលោកចង់ឱ្យកិច្ចប្រជុំកំពូលអាស៊ានឆ្នាំក្រោយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះមានវត្តមានគ្រប់ប្រទេសជាសមាជិកចូលរួម។
ការប្រកាសរបស់លោកធ្វើឡើងក្នុងជំនួបជាមួយលោក វុនណា ម៉ោងលីន រដ្ឋមន្ត្រីការបរទេស និងជាបេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងនាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ានៅវិមានសន្តិភាពរាជធានីភ្នំពេញកាលពីថ្ងៃទី ៧ ខែធ្នូ។
លោក អ៊ាង សុផល្លែត ជំនួយការលោក ហ៊ុន សែន បានប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនេះថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក វុនណា បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា។ ភាគីទាំង ២ ព្រមទាំងបានពិភាក្សាគ្នាអំពីបញ្ហាអាស៊ាន ដើម្បីស្វែងរកមធ្យោបាយ ធ្វើយ៉ាងណាឱ្យអាស៊ានមានកិច្ចសហប្រតិបត្តិការល្អ និងមានសាមគ្គីភាពល្អឡើងវិញ។
លោក សុផល្លែត ថ្លែងបន្តថា លោក វុនណា ក៏បានប្រគល់ជូននូវលិខិតរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ា ដើម្បីអញ្ជើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី ៧ និងថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២២ ខាងមុខ។
លោក សុផល្លែត ថ្លែងថា៖ «ជាការឆ្លើយតប សម្ដេចតេជោបានទទួលនូវការអញ្ជើញ ហើយសម្ដេចតេជោបានជម្រាបជូនឯកឧត្តម វុនណា ថា សម្តេចនឹងទៅធ្វើទស្សនកិច្ចនៅថ្ងៃទី ៧ ទី ៨ ខែមករា ឆ្នាំ ២០២២ នៅប្រទេសមីយ៉ាន់ម៉ា តបតាមការអញ្ជើញ»។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ១១ និងសាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែងនៅខេត្តព្រៃវែងកាលពីថ្ងៃទី ៦ ខែធ្នូ លោក ហ៊ុន សែន បានប្រកាសថា លោកនឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួប និងធ្វើការជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង តែមិនប្រាសចាកឆ្ងាយពីគោលការណ៍រួមរបស់អាស៊ាននោះទេ។
លោកបានលើកយកធម្មនុញ្ញអាស៊ានដែលបានចែងថា អាស៊ានមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកខ្លួននោះទេ។ ជាសមាជិកអាស៊ាន មេដឹកនាំប្រទេសមីយ៉ាន់ម៉ាត្រូវតែមានសិទ្ធិចូលរួមប្រជុំរបស់អាស៊ាន។ មីយ៉ាន់ម៉ាក៏នៅតែពង្រឹងសាមគ្គីភាពក្នុងអាស៊ាន។
ការសន្យាទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ារបស់លោក ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីប្រទេសមីយ៉ាន់ម៉ាត្រូវបានផាត់ចេញពីកិច្ចប្រជុំកំពូលអាស៊ាននាពេលថ្មីៗនេះ ដោយប្រទេសសមាជិកផ្សេងទៀត ដោយសារវិបត្តិនៅក្នុងប្រទេសនេះ ដែលមេដឹកនាំស៊ីវិលជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានឃុំខ្លួនពីបទ «ញុះញង់ឱ្យមានការប្រឆាំងនឹងយោធា និងបំពានច្បាប់ទប់ស្កាត់ជំងឺកូវីដ ១៩»។
លោកស្រី ស៊ូជី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំពីបទចោទទាំងនោះកាលពីថ្ងៃទី ៦ ខែធ្នូ។
លោក មីន អ៊ុងឡាំង ត្រូវបានចោទប្រកាន់ថាបានធ្វើ «រដ្ឋប្រហារយោធា» ប្រឆាំងនឹងរដ្ឋាភិបាលស៊ីវិលនៃប្រទេសដែលកាន់ព្រះពុទ្ធសាសនាលើសលប់មួយនេះ។
កិច្ចប្រជុំកំពូលអាស៊ានកាលពីខែតុលាកន្លងទៅ ដែលប្រទេសប្រ៊ុយណេធ្វើជាម្ចាស់ផ្ទះតាមប្រព័ន្ធវីដេអូបានប្រព្រឹត្តទៅដោយមិនមានវត្តមានរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ានោះទេ។
លោក ហ៊ុន សែន ថ្លែងថា៖ «ពេលនេះជាពេលពង្រឹងអាស៊ានឡើងវិញ។ ពីអាស៊ាន ១០ ទៅអាស៊ាន ៩។ ឥឡូវត្រូវវិលត្រឡប់ទៅ ១០ វិញ។ ខាងមីយ៉ាន់ម៉ា មានបានប្រកាសផ្តាច់ខ្លួនចេញពីអាស៊ានពីអង្កាល់? អត់ផង! ឯក្នុងធម្មនុញ្ញអាស៊ានអត់មាននរណាមានសិទ្ធិដេញសមាជិកចេញទេ»។
លោកប្រកាសថា ជំនួបរវាងលោក និងរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាធ្វើឡើងក៏ដើម្បីស្វែងយល់អំពីចំណុចដែលត្រូវឈានទៅមុខនូវកុងសង់ស៊ីសទាំង ៥ ចំណុច ដែលមេដឹកនាំអាស៊ានបានឯកភាពគ្នាទាក់ទងស្ថានភាពនៅមីយ៉ាន់ម៉ា។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃ ៧ ខែធ្នូថា ការសន្យាទៅបំពេញទស្សនកិច្ច របស់លោក ហ៊ុន សែន ទៅកាន់មីយ៉ាន់ម៉ានេះគឺជាជំហាននយោបាយការទូតដ៏ល្អសម្រាប់កម្ពុជា។
លោកបន្តថា ថ្វីបើការសន្យាទៅប្រទេសនេះមានការលេចឡើងមួយចំនួនដែលមានលក្ខណៈអវិជ្ជមានក្តី ប៉ុន្តែវាជាចំណុចចាប់ផ្តើមមួយដែលបង្ហាញពីសុច្ឆន្ទៈ និងចេតនាច្បាស់លាស់របស់កម្ពុជាក្នុងការរួមចំណែកស្វែងរកដំណោះស្រាយនយោបាយនៅប្រទេសមីយ៉ាន់ម៉ា ហើយទៅរកការឈាននាំត្រឡប់មីយ៉ាន់ម៉ាចូលមកក្នុងកិច្ចប្រជុំនានារបស់អាស៊ានវិញនាពេលខាងមុខ។ លោក ភា ថ្លែងថា៖ «កម្ពុជាជាប្រទេសដែលធ្លាប់មានបទពិសោធបែកបាក់ និងសង្គ្រាមស៊ីវិលមិនខុសគ្នាពីស្ថានភាពនៅភូមាបច្ចុប្បន្នទេ។ អ៊ីចឹងទេខ្ញុំគិតថា សម្តេចដែលជាយុទ្ធសាស្ត្រវិទូជា Diplomat [អ្នកការទូត] ដែលជើងចាស់ហ្នឹងគឺប្រហែលជាគាត់អាចនឹងចែករំលែកមេរៀនល្អៗ ឧត្តមានុវត្តន៍ជាមួយនឹងប្រទេសភូមា»៕
វីដេអូ៖