សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (The Association of Southeast Asian Nations) ដែលហៅកាត់ថា «អាស៊ាន» (ASEAN) ផ្ដោតសំខាន់លើសសរស្ដម្ភសហគមន៍ ៣ គឺ សសរស្ដម្ភសហគមន៍នយោបាយ-សន្តិសុខ សសរស្ដម្ភសហគមន៍សេដ្ឋកិច្ច និងសសរស្ដម្ភសហគមន៍សង្គម-វប្បធម៌។ សសរស្ដម្ភសហគមន៍សង្គម-វប្បធម៌គឺជាសសរស្ដម្ភទី ៣ ដែលទើបតែត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៥ និងក្នុងគោលបំណងសម្រេចឱ្យបាននូវសក្ដានុពលពេញលេញនៃប្រជាជាតិអាស៊ាន។ ខ្លឹមសារអត្ថបទប្រចាំខែធ្នូ ឆ្នាំ ២០២១ នេះ ផ្ដោតលើការដឹកនាំសសរស្ដម្ភទី ៣ «សហគមន៍សង្គម-វប្បធម៌អាស៊ានកម្ពុជា» ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងជាតិសហគមន៍សង្គមវប្បធម៌ ដោយរំលេចឡើងនូវការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការមេរបស់សហគមន៍សង្គម-វប្បធម៌អាស៊ានឆ្នាំ ២០២៥ មូលបទប្រធានអាស៊ានរបស់កម្ពុជាសម្រាប់ឆ្នាំ ២០២២ និងចំណុចអាទិភាព និងកិច្ចប្រជុំសំខាន់ៗសម្រាប់សសរស្ដម្ភសហគមន៍សង្គម-វប្បធម៌អាស៊ានកម្ពុជាក្នុងឆ្នាំ ២០២២។
សសរស្ដម្ភសហគមន៍សង្គម-វប្បធម៌ធ្វើការជំរុញដើម្បីឆ្ពោះទៅរក (១) សហគមន៍ដែលមានការប្ដេជ្ញាចិត្ត ការចូលរួម និងការទទួលខុសត្រូវក្នុងសង្គមដើម្បីផលប្រយោជន៍ប្រជាជនអាស៊ាន (២) សហគមន៍ប្រកបដោយបរិយាប័ន្នដែលលើកកម្ពស់គុណភាពជីវិត ការទទួលបានឱកាសប្រកបដោយសមធម៌ និងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស (៣) សហគមន៍ប្រកបដោយនិរន្តរភាពដែលលើកកម្ពស់ការអភិវឌ្ឍសង្គម និងការការពារបរិស្ថាន (៤) សហគមន៍ដែលមានភាពធន់ រួមជាមួយការពង្រឹងសមត្ថភាព និងលទ្ធភាព ដើម្បីសម្របខ្លួន និងឆ្លើយតបទៅនឹងភាពងាយរងគ្រោះនៃសង្គម និងសេដ្ឋកិច្ច គ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមថ្មីផ្សេងៗទៀត និង (៥) សហគមន៍ប្រកបដោយភាពស្វាហាប់ និងសុខដុមរមនា ដែលមានការយល់ដឹង និងមានមោទនភាពចំពោះអត្តសញ្ញាណ វប្បធម៌ និងបេតិកភណ្ឌរបស់ខ្លួន។ ដើម្បីសម្រេចបានគោលបំណងទាំងនេះ ប្រទេសសមាជិកអាស៊ានទាំង ១០ ខិតខំបង្កើតសហប្រតិបត្តិការលើវិស័យជាច្រើនរួមមាន វប្បធម៌ និងសិល្បៈ ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ អប់រំ យុវជន កីឡា សុខុមាលភាពសង្គមនិងការអភិវឌ្ឍ យេនឌ័រ សិទ្ធស្ត្រី និងកុមារ ការអភិវឌ្ឍជនបទ និងការលុបបំបាត់ភាពក្រីក្រ ការងារ មុខងារសាធារណៈ បរិស្ថាន ការគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌ និងសុខាភិបាល។
សម្រាប់ប្រទេសកម្ពុជា សសរស្ដម្ភសហគមន៍សង្គម-វប្បធម៌កម្ពុជាត្រូវបានដឹកនាំដោយ ឯកឧត្តមបណ្ឌិត-សភាចារ្យ ហង់ជួន ណារ៉ុន ដែលជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានកម្ពុជា និងជារដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីសំណាក់ ១១ ក្រសួង-ស្ថាប័នដែលទទួលបន្ទុកលើ ១៥ វិស័យគឺ (១) គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (២) ក្រសួងកិច្ចការនារី (៣) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (៤) ក្រសួងបរិស្ថាន (៥) ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (៦) ក្រសួងមុខងារសាធារណៈ (៧) ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (៨) ក្រសួងអប់រំ យុវជន និងកីឡា (៩) ក្រសួង សុខាភិបាល (១០) ក្រសួងព័ត៌មាន និង (១១) ក្រសួងអភិវឌ្ឍន៍ជនបទ។
នៅក្នុងឆ្នាំ ២០២០ ក្រសួងអប់រំ យុវជន កីឡា បានដឹកនាំដំណើរការនៃការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការមេរបស់សហគមន៍សង្គម-វប្បធម៌អាស៊ានឆ្នាំ ២០២៥ (Mid-Term Review of the ASEAN Socio-Cultural Community Blueprint 2025) ដោយទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់។ ក្រុមការងារពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិត្រូវបានបង្កើតឡើង និងបានចាប់ផ្ដើមការងាររបស់ខ្លួនក្នុងខែមេសា ឆ្នាំ ២០២០ ដោយត្រូវសិក្សាលើសមាសភាព ៥ រួមមាន៖ (១) ធាតុនៃសកម្មភាព (២) ប្រសិទ្ធភាពនៃការអនុវត្ត (៣) យន្តការស្ថាប័ន (៤) មធ្យោបាយក្នុងការអនុវត្ត និង (៥) ប្រភពធនធាន។
ការសិក្សាទៅលើសមាសភាពទាំង ៥ នេះ គឺដើម្បីពិនិត្យមើលលទ្ធផលនៃគោលបំណងទាំង ៥ របស់ផែនការមេរបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Blueprint) ដែលមានដូចជា៖ (១) ការចូលរួម និងផលប្រយោជន៍ប្រជាជន (Engage and Benefit the People) (២) បរិយាប័ន្ន (Inclusive) (៣) និរន្តរភាព (Sustainable) (៤) ភាពធន (Resilient) និង (៥) ឌីណាមិក (Dynamics)។ ក្រុមការងារនេះបានប្រើវិធីសាស្ត្រចម្រុះ តាមរយៈការសម្ភាសតាមកម្រងសំណួរបែបបរិមាណវិស័យ និងការសម្ភាសជាយុទ្ធសាស្ត្របែបគុណវិស័យជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ពាក់ព័ន្ធ ការពិភាក្សាជាមួយក្រុមមនុស្ស ករណីសិក្សា ការសិក្សាពីភាពជោគជ័យរបស់បុគ្គលសំខាន់ៗមួយចំនួន និងការសិក្សាទៅលើឯកសារពាក់ព័ន្ធ។ ក្រុមការងារក៏បានចូលរួម នៅក្នុងកិច្ចប្រជុំសម្របសម្រួលចំនួន ២ លើក ស្ដីពីផែនការប្រមូលទិន្នន័យដែលរៀបចំឡើងដោយលេខាធិការដ្ឋានអាស៊ាន។ បន្ទាប់ពីប្រមូលទិន្នន័យបានគ្រប់គ្រាន់ ក្រុមការងារវិភាគ និងសរសេររបាយការណ៍បានចាប់ផ្ដើមសរសេរ ដោយបានបញ្ចប់របាយការណ៍ចុងក្រោយនៅដើមខែកញ្ញា ឆ្នាំ ២០២០។ ជាលទ្ធផល ការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិនេះបានបង្ហាញឱ្យឃើញថា កម្ពុជាស្ថិតនៅលើផ្លូវត្រូវក្នុងការអនុវត្តផែនការមេរបស់សហគមន៍សង្គម-វប្បធម៌អាស៊ានឆ្នាំ ២០២៥ និងឈានទៅរកការសម្រេចបានដោយជោគជ័យនូវផែនការមេនេះក្នុងឆ្នាំ ២០២៥។
នៅក្នុងឆ្នាំ ២០២២ ខាងមុខនេះ កម្ពុជានឹងធ្វើជាប្រធានផ្លាស់វេន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១។ សូមរំឭកផងដែរថា ចាប់តាំងពីពេលដែលកម្ពុជាបានក្លាយជាសមាជិកអាស៊ានក្នុងឆ្នាំ ១៩៩៩ មក នេះជាលើកទី ៣ ហើយសម្រាប់កម្ពុជាក្នុងការធ្វើជាប្រធានផ្លាស់វេន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ដោយលើកទី ១ ក្នុងឆ្នាំ ២០០២ និងលើកទី ២ ក្នុងឆ្នាំ ២០១២។
នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជាផ្លូវការនូវ «ញញួរប្រធានអាស៊ាន» (និមិត្តរូបនៃភាពជាប្រធានអាស៊ាន) សម្រាប់ធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ ២០២២ ពីប្រទេសប្រុយណេដារូសាឡឹម ដែលជាប្រធានអាស៊ានក្នុងឆ្នាំ ២០២១។ សូមគូសបញ្ជាក់ផងដែរថា កម្ពុជានឹងចាប់ផ្ដើមការងារជាប្រធានអាស៊ានរបស់ខ្លួនចាប់ពីខែមករា ឆ្នាំ ២០២២ តទៅ។ សម្រាប់ការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ ២០២២នេះ កម្ពុជាកំណត់យកមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដែលមានគោលបំណងជំរុញឱ្យសមាជិកអាស៊ានមានឆន្ទៈបើកទូលាយ ស្មោះត្រង់ គ្មានការបែងចែក និងរើសអើងគ្នា និងតម្កល់ផលប្រយោជន៍រួមជាធំ សំដៅបន្តជំរុញ ដំណើរការកសាងសហគមន៍អាស៊ានដែលប្រជាជនទាំងអស់រួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុម ក្នុងសន្តិភាព សន្តិសុខ និងវិបុលភាព។
ឈរលើមូលដ្ឋាននេះ សសរស្ដម្ភសហគមន៍សង្គម-វប្បធម៌អាស៊ានកម្ពុជាបានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយស្ថាប័នអន្តរវិស័យសមាជិកទាំងអស់ និងបានសម្រេចកំណត់យកចំណុចអាទិភាពចំនួន ៤ រួមមាន៖ (១) លើកកម្ពស់តម្លៃ ការយល់ដឹង និងអត្តសញ្ញាណអាស៊ានតាមរយៈការអប់រំ យុវជន កីឡា និងវប្បធម៌ (២) លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងតួនាទីស្ត្រីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង (៣) លើកកម្ពស់សុខភាព សុខុមាលភាព និងកិច្ចគាំពារសង្គមដល់ប្រជាជនអាស៊ាន សំដៅកសាងសហគមន៍អាស៊ាន និង (៤) ពង្រឹងសមត្ថភាពស្ថាប័ន និងប្រសិទ្ធភាពរបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន។
ជាមួយគ្នានេះដែរ ក្រសួងអប់រំ យុវជន និងកីឡា លើកឡើងនូវគំនិតផ្ដួចផ្ដើមចំនួន ៣ សម្រាប់វិស័យអប់រំ យុវជន និងកីឡា ដើម្បីដាក់ជូនថ្នាក់ដឹកនាំកំពូលអាស៊ានអនុម័ត ដូចជា៖ (១) សេចក្ដីថ្លែងការណ៍ឆ្នាំ ២០២២ ជាឆ្នាំយុវជនអាស៊ាន (Year of ASEAN Youth 2022) (២) ការបង្កើតតំបន់កីឡា និងកម្សាន្តអាស៊ាន និង (៣) ផែនការសកម្មភាពថ្នាក់តំបន់សម្រាប់ការលើកកម្ពស់កីឡា និងល្បែងប្រពៃណី។ វិស័យផ្សេងៗទៀតដែលស្ថិតនៅក្រោមឆត្រសសរស្ដម្ភសហគមន៍សង្គម-វប្បធម៌ ក៏បានលើកឡើងនូវសកម្មភាពគាំទ្រ និងគំនិតផ្ដួចផ្ដើមរៀងៗខ្លួនផងដែរ។
ស្ថិតក្នុងមូលដ្ឋាននៃការធ្វើជាប្រធានអាស៊ាន នៅក្នុងឆ្នាំ ២០២២ នេះដែរ សសរស្ដម្ភសហគមន៍សង្គម-វប្បធម៌អាស៊ានកម្ពុជានឹងត្រូវដឹកនាំ និងចូលរួមរៀបចំ កិច្ចប្រជុំធំៗមួយ ចំនួនទាំងនៅក្នុង និងឆ្លងសសរស្ដម្ភ ពោលគឺ៖ (១) កិច្ចប្រជុំឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន (SOCA Retreat) ស្ដីពីសកម្មភាពគាំទ្រ និងចំណុចអាទិភាពសម្រាប់ឆ្នាំ ២០២២ របស់សសរស្ដម្ភសហគមន៍សង្គម-វប្បធម៌ (២) សន្និសីទ សម្របសម្រួលអាស៊ានលើកទី ១៦ សម្រាប់សសរស្តម្ភសហគមន៍សង្គម-វប្បធម៌ (16th Coordinating Coference on the ASCC) (៣) កិច្ចប្រជុំលើកទី ៥ នៃក្រុមការងារអាស៊ានលើសេចក្តីថ្លែងការណ៍ស្តីពីវប្បធម៌នៃការការពារ ដើម្បីសង្គមមួយដែលមានវិបុលភាព បរិយាប័ន្ន ភាពធន់ សុខុមាលភាព និងភាពសុខុដុមរមនា (5th Meeting of ASEAN Working Group on the Declaration on Culture of Prevention for a Peaceful, Inclusive, Resilient, Healthy and Harmonious Society) (៤) កិច្ចប្រជុំឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី ៣២ (32nd SOCA Meeting) (៥) កិច្ចប្រជុំក្រុមប្រឹក្សាសសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី ២៧ (27th ASCC Council Meeting) (៦) កិច្ចប្រជុំឧត្តមមន្ត្រី សហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី ៣៣ (33rd SOCA Meeting) និង (៧) កិច្ចប្រជុំក្រុមប្រឹក្សាសសរស្តរម្ភសហគមន៍វប្បធម៌អាស៊ានលើកទី ២៨ (28th ASCC Council Meeting) ។ ស្ថិតក្នុងភាពមិនច្បាស់លាស់វិបត្តិសុខាភិបាលជាសកលដែលបណ្ដាលមកពីជំងឺកូវីដ ១៩ កាល បរិច្ឆេទ និងទីកន្លែងជាក់លាក់នៃកិច្ចប្រជុំសំខាន់ៗខាងលើនឹងមានភាពបទបែនដោយស្របទៅតាមស្ថានភាពជាក់ស្ដែង។
ក្រសួងអប់រំ យុវជន និងកីឡា ខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការដឹកនាំ និងសម្របសម្រួលជាមួយស្ថាប័នអន្តរវិស័យទាំងអស់ដែលស្ថិតក្រោមសសរស្ដម្ភសហគមន៍សង្គម-វប្បធម៌អាស៊ានកម្ពុជាទាំងក្នុងក្របខណ្ឌជាតិ និងថ្នាក់តំបន់ ដើម្បីជួយឱ្យកម្ពុជាសម្រេចបានដោយជោគជ័យនូវការអនុវត្តផែនការមេរបស់សហគមន៍សង្គម-វប្បធម៌អាស៊ានឆ្នាំ ២០២៥ និងចំណុចអាទិភាពដែលបានដាក់ចេញសម្រាប់សសរស្ដម្ភសហគមន៍សង្គម-វប្បធម៌អាស៊ានកម្ពុជាទាំងនៅក្នុងពេល និងក្រោយពេលកម្ពុជាធ្វើជាប្រធានអាស៊ាន៕