ភ្នំពេញៈ តុលាការ​កំពូល​កម្ពុជា​​បាន​កោះហៅ​ស្ថាបនិក​នៃ​គណបក្ស​បេះដូង​ជាតិ និង​មេធាវី​តំណាង​ដោយ​អាណត្តិ​ឱ្យចូលរួម​ក្នុង​សវនាការ​ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​ ២៤ ខែធ្នូ ឆ្នាំ​ ២០២១ ដើម្បី​ដោះស្រាយ​បណ្តឹង​ដែល​សុំឱ្យ​តុលាការ​កំពូល​ចេញ​ដីកា​បង្គាប់​ក្រសួងមហាផ្ទៃ​ចុះបញ្ជី​គណបក្ស​នយោបាយ​ជូន​គណបក្ស​បេះដូង​ជាតិ​។

យោងតាម​ដីកា​កោះហៅ​ផ្សេងៗ​គ្នា​ដែល​ចុះហត្ថលេខា​ដោយ​លោក ឌិត មុន្ទី ប្រធាន​តុលាការ​កំពូល​កាលពី​ថ្ងៃទី​​ ៣ ធ្នូ ឆ្នាំ​ ២០២១ ត្រូវបាន​កោះហៅ​លោក​សៀម ភ្លុក ជា​ស្ថាបនិក​នៃ​គណបក្ស​បេះដូង​ជាតិ លោក​ ជូង ជូងី មេធាវី​តំណាង​ដោយ​អាណត្តិ និង​លោក សំ សុគង់ មេធាវី​តំណាង​ដោយ​អាណត្តិ​ឱ្យ​ចូលរួម​សវនាការ​នៅ​ថ្ងៃទី​ ២៤ ខែធ្នូ ឆ្នាំ​ ២០២១ នៅ​តុលាការ​កំពូល​។

លោក សៀម ភ្លុក ស្ថាបនិក​នៃ​គណបក្ស​បេះដូង​ជាតិ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៨ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ​ថា លោក និង​មេធាវី​តំណាង​ដោយ​អាណត្តិ​ចំនួន​ ២ ​រូប​នឹង​ទៅ​ចូលរួម​សវនាការ​នេះ​ដោយ​នាំយក​ទាំង​ឯកសារ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បណ្តឹង​នេះ​ ដើម្បី​បង្ហាញ​តុលាការ​កំពូល​។

លោក​បាន​បន្តថា ការជំនុំជម្រះ​នេះ​មាន​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​។ ​ក៏ប៉ុន្តែ​លោក​រំពឹងថា​គណបក្ស​របស់​លោក​នឹង​ទទួល​បាន​ភាពវិជ្ជមាន​ច្រើនជាង​អវិជ្ជមាន​ព្រោះ​គណបក្ស​មាន​អំណះអំណាង​ ១០០ ​ភាគរយ​ប្រសិន​បើ​តុលាការ​កំពូល​យក​ផ្លូវច្បាប់​មក​ដោះស្រាយ ប៉ុន្តែ​បើ​តុលា​កំពូល​យក​ករណីនេះ​ទៅ​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ លោក​រំពឹងថា ដំណោះស្រាយ​អាចមាន​ត្រឹម​ ៥០ ​ភាគរយ​។

លោក​ថ្លែងថា​៖ «​វា​អាស្រ័យ​លើ​ឆន្ទៈ អ្នកនយោបាយ អ្នកនយោបាយ​គាត់​សម្រេច​ទៅខាង​ណា គឺ​ខាង​នោះ​ជា​អ្នកឈ្នះ​ហើយ ប៉ុន្តែ​បើ​ពឹង​លើ​អង្គហេតុ អង្គច្បាប់ ខ្ញុំ​រំពឹង​ច្រើន ព្រោះ​ខាង​ខ្ញុំ​ពឹង​តែ​លើ​ច្បាប់​ទេ​»​។

លោក សៀម ភ្លុក បញ្ជាក់​ថា លោក​បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​កំពូល​កាលពី​ថ្ងៃទី​ ២៦ ខែវិច្ឆិកា ស្របតាម​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​មាត្រា​ ២៥ ​ថ្មី ដែល​បើកផ្លូវ​ឱ្យ​គណបក្ស​នយោបាយ​ណា​ដែល​ក្រសួង​មហាផ្ទៃ​បានចេញ​លិខិត​មិន​យល់ព្រម​ចុះបញ្ជី​គណបក្ស​នយោបាយ​នោះ មាន​សិទ្ធិ​ប្តឹង​ទៅ​តុលាការ​កំពូល​។

លោក ជូ ជូងី មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​គណបក្ស​បេះដូង​ជាតិ អះអាងថា លោក​ក៏​នឹង​ទៅ​ចូលរួម​សវនាការ​តាម​ការណាត់​របស់​តុលាការ​កំពូល​​ដើម្បី​ធ្វើជា​តំណាងឱ្យ​គណបក្ស​​ក្នុង​ការទាមទារ​ឱ្យ​តុលាការ​កំពូល​​ចេញ​សាលដីកា​ឱ្យ​ក្រសួង​មហាផ្ទៃ​ទទួល​ចុះបញ្ជី​គណបក្ស​។

លោក​បាន​រំពឹង​ដែរ​ថា តុលាការ​នឹង​ពិចារណា​តាមផ្លូវ​ច្បាប់​ និង​មាន​ដំណឹង​ល្អ​សម្រាប់​ឱ្យ​គណបក្ស​បេះដូង​ជាតិ​អាច​ដំណើរការ និង​ធ្វើ​សកម្មភាព​នយោបាយ​ក្នុងប្រទេស​បាន​។

លោក​ថ្លែងថា​៖ «​គណបក្ស​មាន​ឯកសារ​ដែល​គាត់​បានដាក់​​ទៅ​ក្រសួង​មហាផ្ទៃ ដែល​ឱ្យ​​បំពេញ​ផ្សេងៗ​ និង​មួយទៀត គាត់​មាន​ស្នាម​មេដៃ​ដែល​គាត់​បានដាក់​ទៅ​ក្រសួងមហាផ្ទៃ​កន្លង​​មក ដើម្បី​លើក​ជា​សំអាង​»​។

លោកស្រី ម៉ៅ ធីតា អ្នកនាំពាក្យ​តុលាការ​កំពូល​បានឱ្យដឹង​​នៅ​ថ្ងៃទី​ ៨ ​ធ្នូ​ថា ចៅក្រម​កំពុងតែ​ដំណើរ​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់ ប៉ុន្តែ​ការសម្រេច​យ៉ាងណា អាស្រ័យ​ទៅលើ​ចៅក្រម និង​តុលាការ​ប៉ុណ្ណោះ​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​សុំ​ធ្វើ​អត្ថាធិប្បាយ​បានទេ នៅ​ថ្ងៃទី​ ៨ ខែធ្នូ ឆ្នាំ​ ២០២១ ប៉ុន្តែ​លោក​ធ្លាប់បាន​ប្រាប់​កាលពី​ថ្ងៃទី​ ២២ ខែ​​វិច្ឆិកា ឆ្នាំ​ ២០២១ ថា លោក​ស្វាគមន៍​ចំពោះ​គណបក្ស​បេះដូង​ជាតិ​ដែល​ប្តឹង​ក្រសួង​មហាផ្ទៃ​ជុំវិញ​ការបដិសេធ​មិន​ចុះបញ្ជី​គណបក្ស​នេះ​នៅក្នុង​បញ្ជី​គណបក្សនយោបាយ​របស់​ក្រសួងមហាផ្ទៃ និង​ត្រៀម​តតាំង​​គ្នា​នៅ​តុលា​កំពូល​ផងដែរ​។

លោក​ថ្លែងថា​៖ «​ឥឡូវ​វា​ល្អ​ដែរ ប៉ុន្តែ​សូម​ជម្រាបជូន​គាត់​មុន​ថា កុំ​រត់ចោលស្រុក កុំ​រត់ចោល​ស្រែ កុំ​រត់ចោល​ចម្ការ នៅ​តតាំង​គ្នា​នៅ​តុលាការ​។

ផ្តាំ​ទៅ​មេគណបក្ស​មុន​ឱ្យ​ហើយ បើ​លេង​កុំ​ខឹង បើ​ខឹង​កុំ​លេង​»​។

ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃទី​ ១៦ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ​បាន​បដិសេធ​ចុះបញ្ជី​គណបក្ស​បេះដូង​ជាតិ បន្ទាប់ពី​ក្រសួង​មហាផ្ទៃ​រកឃើញ​ភាពមិនប្រក្រតី​មួយ​​ចំនួន​ពាក់ព័ន្ធ​នឹង​ការផ្តិត​ស្នាម​មេដៃ​ជំនួស​ការក្លែងបន្លំ​អត្តសញ្ញាណ​បុគ្គល និង​ការផ្តិត​ធ្វើ​​ឱ្យ​ខូចគុណភាព​ ដើម្បី​បង្កើន​បរិមាណ​ចំនួន​សមាជិក​ព្រមទាំង​ខ្លឹមសារ​មួយចំនួន​នៃ​លក្ខន្តិកៈ​របស់​គណបក្ស​ផ្ទុយទៅនឹង​​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ផងដែរ​៕

វីដេអូ៖