ភ្នំពេញៈ អង្គការសង្គមស៊ីវិលចំនួន ៤៥ សំណូមពរឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់សច្ចាប័នលើអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ ចំនួន ៤ អនុសញ្ញា ដើម្បីជាសក្ខីភាព បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។
ការស្នើសុំនេះធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍រួម ១ នាថ្ងៃទី ៧ ធ្នូ ក្នុងឱកាសដែលកម្ពុជាកំពុងចូលរួមប្រារព្ធយុទ្ធនាការ ១៦ ថ្ងៃ ដើម្បីលុបបំបាត់អំពើហិង្សា ផ្អែកលើយេនឌ័រឆ្នាំ ២០២១ នេះ។ ក្នុងសេចក្តីថ្លែងការណ៍រួមអង្គការសង្គមស៊ីវិល ឱ្យដឹងថា អនុសញ្ញាទាំង ៤ នោះ មាន អនុសញ្ញា ១៨៣ ស្តីពីការការពារមាតុភាព អនុសញ្ញា ១៨៩ ស្តីពីការងារសមរម្យ សម្រាប់កម្មករការងារតាមផ្ទះ អនុសញ្ញា ១៩០ ស្តីពីការលុបបំបាត់អំពើហិង្សា និងការបៀតបៀននៅក្នុងពិភពការងារ និង អនុសញ្ញា ១៤៤ ពីការពិគ្រោះយោបល់ត្រីភាគីរវាងរដ្ឋ និយោជក និងកម្មករនិយោជិត។
ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា ករណីអំពើហិង្សា និងការបៀតបៀនផ្លូវភេទលើស្ត្រី និងក្មេងស្រី បន្តកើតមានជារៀងរាល់ថ្ងៃ ទាំងនៅក្នុងផ្ទះ នៅតាមដងផ្លូវ សាលារៀន និងកន្លែងធ្វើការងារ ដែលប៉ះពាល់ដល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ស្ត្រី។ ក្នុងវិស័យការងារកន្លងមកមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបមួយចំនួនបានកំណត់វិធានផ្ទៃក្នុងមិនឱ្យមានការប្រើប្រាស់ហិង្សាក្នុងកន្លែងធ្វើការ។ ប៉ុន្តែតាមរបាយការណ៍របស់អង្គការឃែរកម្ពុជា ឆ្នាំ ២០១៧ និងរបាយការណ៍របស់មជ្ឈមណ្ឌលសាមគ្គីភាពឆ្នាំ ២០១៨ កម្មការិនីយ៉ាងហោចម្នាក់ក្នុងចំណោម ៣ នាក់បានរាយការណ៍ថា ពួកគាត់រងនូវអំពើហិង្សា និងការបៀតបៀនពីអ្នកគ្រប់គ្រង និងអ្នករួមការងារជាមួយ។
អង្គការទាំងនោះលើកឡើងទៀតថា ស្ថានភាពនៃអំពើហិង្សា និងការបៀតបៀននៅក្នុងពិភពការងាររឹតតែធ្ងន់ធ្ងរ ចំពោះកម្មការិនី ក្នុងវិស័យសេវាកម្សាន្ត ទេសចរណ៍ សិល្បៈ រហូតដល់វិស័យសារព័ត៌មាន។ ទន្ទឹមនឹងនេះ ផ្នត់គំនិតសង្គមដែលមានលក្ខណៈរើសអើងទៅលើស្ត្រី ប្រភេទការងារស្ត្រី និងវប្បធម៌នៃការបន្ទោសស្ត្រីរងគ្រោះ នៅតែបន្តកើតមានពីសំណាក់មន្ត្រីអ្នកផ្តល់សេវាផ្លូវច្បាប់ និងសេវាពាក់ព័ន្ធនានា។
ក្រុមអង្គការសង្គមស៊ីវិលបញ្ជាក់ថា៖ «ជាញឹកញាប់នៅពេលដែលស្ត្រីរងគ្រោះរាយការណ៍ករណីរបស់ខ្លួន អាជ្ញាធរមួយចំនួនបែរជាបន្ទោសថា ករណីនោះមិនបានមកប្តឹងភ្លាម បន្ទាប់ពីកើតហេតុ ខណៈអាជ្ញាយុកាលនៃបណ្តឹងនៅមិនទាន់ផុតនៅឡើយ»។
មានករណីខ្លះអាជ្ញាធរបានបំភ័យ ស្ត្រីរងគ្រោះឱ្យបោះបង់ចោលនូវការដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌទៅវិញ តាមរយៈការបន្លាចស្ត្រីរងគ្រោះអំពីកាតព្វកិច្ចធ្វើត្រាប់ទៅវិញ ឬការផ្តល់ព័ត៌មានទៅដល់ក្រុមគ្រួសារ ឬអាជ្ញាធរភូមិឃុំ ដែលនឹងធ្វើឱ្យបែកការសម្ងាត់របស់ស្ត្រីជាដើម។ នេះជាការបញ្ជាក់បន្ថែមរបស់អង្គការទាំងនោះ។
ក្រុមអង្គការបន្តថា៖ «ទង្វើនេះបានជះផលប៉ះពាល់ដល់អវិជ្ជមានជាខ្លាំងទៅលើស្ត្រីរងគ្រោះ ធ្វើឱ្យពួកគេបាក់ទឹកចិត្ត និងកាន់តែរងគ្រោះបន្ថែមទៀត។ កត្តាដែលលើកឡើងទាំងនេះក៏ជាហេតុផលដែលរារាំងលើស្ត្រី និងក្មេងស្រីរងគ្រោះក្នុងការរាយការណ៍ពីករណីអំពើហិង្សាដែលខ្លួនជួបប្រទះផងដែរ។ ជាពិសេសសម្រាប់កម្មការិនី ទាំងខ្លាចបាត់បង់ការងារផង ទាំងមិនមានទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ផង»។
ឆ្លើយតបនឹងការទាមទារនេះ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ថ្លែងនាថ្ងៃទី ៨ ធ្នូ ថា ក្រសួង នឹងពិនិត្យពិចារណាលើទិដ្ឋភាពខ្លឹមសារ និងនិន្នាការតំបន់លើការផ្តល់អនុសញ្ញាទាំងនេះ។ ខ្លឹមសារ ស្នូលដែលមានចែងក្នុងអនុសញ្ញា គឺមានចែងក្នុងច្បាប់ និងលិខិតូបករណ៍របស់កម្ពុជារួចហើយ។
លោកក៏ធ្លាប់ប្រាប់ដែរថាក្រសួងការងារនឹងពិនិត្យពិចារណាចំពោះការស្នើសុំរបស់អង្គការសង្គមស៊ិវិល។ ប៉ុន្តែលោកបញ្ជាក់ អ្វីដែលអង្គការសមាគមទាំងនោះបានស្នើ គឺមាននៅក្នុងច្បាប់ និងបទដ្ឋានគតិយុត្តិរបស់ក្រសួងរួចហើយ។
លោកថ្លែងថា៖ «យើងនឹងពិនិត្យពិចារណា ប៉ុន្តែច្បាប់ និងលិខិតបទដ្ឋានរបស់យើង គឺក្តោបលើបញ្ហានេះរួចហើយ»។
ទោះយ៉ាងណា ក្នុងពិធីបើកសិក្ខាសាលាត្រីភាគីថ្នាក់ជាតិស្តីពីការពិនិត្យឡើងវិញប្រចាំឆ្នាំលើ “កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ ២០១៩-២០២៣” នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី ៨ ធ្នូ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ថ្លែងអំណរគុណដល់អង្គការអន្តរជាតិខាងការងារ ដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធសំដៅសម្រេចនូវគោលដៅរួមគ្នា។ ជាពិសេសគោលដៅទាំងឡាយដែលរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញក្នុងកម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ ក៏ដូចជា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ ២០១៩-២០២៣។
លោកថ្លែងថា៖ «ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានខិតខំបន្តយកចិត្តទុកដាក់លើការបង្កើត បរិយាកាសការងារ និងមុខរបរឱ្យកាន់តែទូលំទូលាយដោយការបង្កើនឱកាសការងារសមរម្យ និងផលិតភាពការងារខ្ពស់ ការពង្រីកយន្តការ វិសាលភាព និងប្រសិទ្ធភាពក្នុងការផ្តល់សេវាមុខរបរ និងការងារឱ្យឆ្លើយតបកាន់តែប្រសើរតាមតម្រូវការអ្នកប្រើប្រាស់សេវា»៕