ភ្នំពេញៈ សេចក្ដីព្រាងច្បាប់ស្ដីពីសាសនានៅកម្ពុជា បាននិងកំពុងសិក្សា ដើម្បីប្រមូលធាតុចូលដែលសេចក្ដីព្រាងនេះគ្រោងនឹងបញ្ចប់មុនពេលបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ ក្នុងនោះមានមាត្រាមួយរឹតបន្តឹងចំពោះព្រះសង្ឃក្នុងព្រះពុទ្ធសានា ដែលមានចេតនាចូលរួមធ្វើបាតុកម្ម កូដកម្ម កុបកម្ម ដើម្បីប្រឆាំងជាមួយគណបក្សនយោបាយណាមួយ។
យោងតាម មាត្រា ៣៥ នៃសេចក្ដីព្រាងច្បាប់ស្ដីពីសាសនានៅកម្ពុជា ដែលភ្នំពេញប៉ុស្តិ៍ ទទួលបានបានឱ្យដឹងថា ព្រះសង្ឃអាចប្រឈមនឹងការផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ ឆ្នាំ ដល់ ១៥ ឆ្នាំ ដោយមិនទាន់គិតពីទោសដទៃទៀតដែលចែងក្នុងក្រមព្រហ្មទណ្ឌ។
ទោះជាយ៉ាងណាក៏ដោយ សង្គមស៊ីវិល និងមន្ដ្រីអតីតបក្សប្រឆាំងបានបង្ហាញឆន្ទៈចង់ឱ្យសេចក្ដីព្រាងច្បាប់នេះស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា និងសិទ្ធិប្រជាពលរដ្ឋ។
លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ៨ ធ្នូ ថា ទោសប្បញ្ញត្តិនេះបានចែងនៅក្នុងសេចក្ដីព្រាងច្បាប់ ត្រង់ជំពូកទី ១០ និងមាត្រា ៣៥ ដែលបានកំណត់ថា ព្រះសង្ឃព្រះពុទ្ធសាសនា មានចេតនាចូលរួមធ្វើបាតុកម្ម កូដកម្ម កុបកម្ម ដើម្បីប្រឆាំង ឬប្រឆាំងនឹងគណបក្សនយោបាយណាមួយ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ។
លោកបានបញ្ជាក់ថា៖ «ចំណុចសំខាន់នៃមាត្រា ៣៥ នៃច្បាប់នេះ គឺចង់ថែរក្សាតម្លៃពុទ្ធសាសនា ដែលជាទីសក្ការៈ និងជាសទ្ធារបស់ពុទ្ធបរិស័ទ ខណៈកន្លងមកការធ្វើបាតុកម្ម គឺតែងតែមានការប៉ះទង្គិចគ្នា ស្របពេលដែលព្រះសង្ឃ ជាស្រែបុណ្យដ៏បរិសុទ្ធរបស់បរិស័ទ ដូច្នេះចំណុចនេះគឺបានការពារ កុំឱ្យព្រះសង្ឃទៅចូលក្នុងហ្វូងមនុស្ស ប្រាសចាកធម៌វិន័យជាដើម»។
ទោះយ៉ាងណាក៏ដោយ លោក សុមុនី បានអះអាងថា ចំណុចនៃសេចក្ដីព្រាងនេះ គឺជាគំនិតគោលៗរួមប៉ុណ្ណោះ ដែលសេចក្ដីព្រាងច្បាប់នេះ នៅមានការអភិវឌ្ឍបន្ថែមទៀត។
លោកបន្តថា៖ «ក្រុមការងារចង់បានធាតុផ្សំថា តើសាសនាទាំងអស់ មានធាតុផ្សំអ្វីខ្លះ? ពុទ្ធសាសនាមានធាតុអ្វីមកផ្សំ ហើយទន្ទឹមនឹងនោះមហាជនទាំងអស់ ដែលចង់បាននោះ គឺមានអ្វីធាតុផ្សំខ្លះ ដែលមានចែងក្នុងច្បាប់ រដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីបាតុកម្ម កូដកម្មជាគោល។ កាលណាទៅ (ធ្វើបាតុកម្ម កូដកម្ម) វាប្រមាថអ្នកនេះ អ្នកនោះ។ កាលណាតែជេរ ប្រមាថ ព្រះសង្ឃម៉េចនឹងត្រូវ ហើយបើជ្រុលទៅវ៉ៃគ្នា យើងឃើញ ដូចស្ទឹងមានជ័យ លោក សង្ឃ ចោលដុំថ្មអី អាហ្នឹងវាមិនត្រូវទេ មិនមែនជាព្រះសង្ឃជាស្រែបុណ្យរបស់ពុទ្ធបរិស័ទទេ»។
លោកបញ្ជាក់ថា៖ «ដូច្នេះហើយបានជាយើងគិតថាដាក់យ៉ាងម៉េចដើម្បីការពារតម្លៃព្រះពុទ្ធសាសនា កុំឱ្យមានអ្នកដែលបន្លំក្នុងព្រះពុទ្ធសាសនាទៅបំផ្លាញព្រះពុទ្ធសាសនា ដែលជាសាសនាមានតម្លៃសម្រាប់ជាតិ ទើបបានជាយើងត្រូវរៀបចំមាត្រានេះឡើងហើយកំពុងតែត្រៀមបន្ថែមយ៉ាងម៉េចឱ្យល្អឱ្យសម ឱ្យទំនង ឱ្យមានប្រយោជន៍ ឱ្យប្រតិបត្ដិបាន»។
លោក សេង សុមុនី ថ្លែងថា ក្រុមការងារនៃក្រសួងធម្មការ និងសាសនា បានរៀបចំធ្វើសេចក្តីព្រាងច្បាប់ស្តីពីសាសនានៅកម្ពុជានេះឡើងកាលពីឆ្នាំ ២០១៣ ហើយបច្ចុប្បន្ននេះក្រុមការងារកំពុងធ្វើសិក្ខាសាលាជាមួយភាគីពាក់ព័ន្ធដើម្បីពិនិត្យ និងប្រមូលធាតុចូលបន្ថែមទៀត ដើម្បីបំពេញចំណុចខ្វះខាតលើសេចក្ដីព្រាងច្បាប់នេះ។
លោកបានថ្លែងថា លោក ឈិត សុខុន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា ក៏បានឆ្លងស្ថាប័នជំនាញមួយចំនួន ដូចជា ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងគណៈកម្មការពិគ្រោះ និងផ្ដល់យោបល់របស់រដ្ឋសភា និងព្រឹទ្ធសភាជាដើម ដើម្បីទទួលបានធាតុផ្សំបន្ថែមលើសេចក្ដីព្រាងច្បាប់នេះ ដើម្បីអាចឈានទៅបញ្ចប់ឱ្យបានមុនការបោះឆ្នោតជាតិនាពេលខាងមុខ។
លោកថ្លែងថា៖ «(ថ្ងៃទី ៧ ធ្នូ ២០២១) ឯកឧត្ដមរដ្ឋមន្ដ្រីបានធ្វើជាសិក្ខាសាលាអន្តរសាសនា ដែលមានសាសនាទាំងអស់នៅកម្ពុជារួមនឹងមន្ដ្រីថ្នាក់ខេត្ដ មន្ដ្រីក្រសួង ដើម្បីផ្ដល់យោបល់ធាតុផ្សំ ហើយគណៈកម្មការនឹងធ្វើការអភិវឌ្ឍនូវអ្វីដែលបានព្រាងនោះមុននឹងបន្តថាត្រូវធ្វើយ៉ាងម៉េចទៀត»។
លោកបានឱ្យដឹងថា តាមរយៈកិច្ចប្រជុំតាមប្រព័ន្ធវីដេអូហ្ស៊ូមនេះ គឺដើម្បីសុំយោបល់ពីអ្នកពាក់ព័ន្ធ និងថ្នាក់ក្រោមជាតិបន្ថែមទៀតថា តើមានអ្វីត្រូវបំពេញបន្ថែម?
លោកបញ្ជាក់ថា៖ «យើងឃើញថា មានចំណុចល្អៗជាច្រើន ដែលថ្នាក់មូលដ្ឋាន ក៏ដូចជាថ្នាក់ដឹកនាំសាសនា ដែលកំពុងប្រតិបត្ដិនោះ ដែលយើងអាចអភិវឌ្ឍបន្ថែមទៀតលើចំណុចមួយចំនួន ដែលជាចំណុចត្រូវការចាំបាច់»។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រអតីតគណបក្សប្រឆាំងបានលើកឡើងថា គ្រប់ច្បាប់ទាំងអស់មិនអាចធ្វើឱ្យប៉ះពាល់សិទ្ធិជាមូលដ្ឋានរបស់បុគ្គលទេ។ ការធ្វើច្បាប់ទាំងអស់ គឺត្រូតែរក្សាសិទ្ធិជាមូលដ្ឋានសម្រាប់មនុស្សទាំងអស់ក្នុងការចូលរួម ការបញ្ចេញមតិ ពាក់ព័ន្ធនឹងនយោបាយ និងសង្គមជាដើម។
លោកបានបន្តថា៖ «ខ្ញុំយល់ថា គួរតែរក្សា បើកឱ្យទូលាយបន្តិច។ យើងដឹងហើយ សាសនាមានប្រយោជន៍ណាស់សម្រាប់សង្គមនីមួយៗ ជាពិសេស អ្នកបួស គឺសុទ្ធតែបានសិក្សាបានរៀនសូត្រ ភាគច្រើនសុទ្ធតែបានគិត បានពិចារណាលើរឿងប្រទេសជាតិនេះច្រើន ហើយក្នុងប្រវត្ដិសាស្ដ្រក៏យើងឃើញដែរ ការដឹកនាំចេញពីអាចារ្យ ព្រះសង្ឃនេះច្រើនណាស់។ ខ្ញុំយល់ថា ច្បាប់ណាដែលប៉ះពាល់ដល់សិទ្ធិសេរីភាព ក្នុងការចូលរួម បញ្ចេញមតិ ការចូលរួមតវ៉ាជាដើមនេះ គឺមិនល្អសម្រាប់សង្គមលទ្ធិប្រជាធិប្បតេយ្យទេ»។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាលោក ប៉ា ចន្ទរឿន បានលើកឡើងថា ច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជាឆ្នាំ ១៩៩៣ បានចែងអំពីការប្រកាន់របបនយោបាយនៅកម្ពុជា គឺប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានការគោរពសិទ្ធិមនុស្ស ដូចមានចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ សេចក្ដីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស ជាដើមដែលកម្ពុជាបានផ្ដល់សច្ចាប័នរួមនឹងសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋផងដែរ ដូច្នេះព្រះសង្ឃក៏ជាពលដ្ឋមានភេទជាបព្វជិត ដែលព្រះអង្គក៏មានសិទ្ធិក្នុងការចូលរួមក្នុងកិច្ចការងារសង្គម នយោបាយ ការប្រើប្រាស់សិទ្ធិនៅក្នុងការគាំទ្រ ប្រឆាំង តវ៉ា ទាមទារណាមួយ និងការបោះឆ្នោត។
លោកថ្លែងថា៖ «យោងតាមចំណុច (មាត្រានោះ) ប្រសិនបើហាមមិនឱ្យព្រះសង្ឃសម្ដែងមតិ ប្រឆាំងអ្វីមួយរួមទាំងគណបក្សនយោបាយ គឺផ្ទុយគ្នាហើយគោលការណ៍ច្បាប់នេះ។ ពិសេសត្រង់ចំណុចមាត្រា ៣៥ នៃច្បាប់នេះ គឺផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងសេចក្ដីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស ជាពិសេសគឺសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋតែម្ដង»។ លោកថា សេចក្ដីព្រាងច្បាប់ស្ដីពីសាសនានៅកម្ពុជានេះមាន ១៣ ជំពូក និង ៥៤ មាត្រា ហើយតាមផែនការក្រុមការងារចង់ឱ្យសេចក្ដីព្រាងច្បាប់នេះរួចរាល់នៅមុនការបោះឆ្នោតជាតិនាពេលខាងមុខ។ គោលដៅការធ្វើច្បាប់នេះ គឺដើម្បីការពារ ថែរក្សានូវសាសនាដែលមានវត្ដមាននៅកម្ពុជាឱ្យមានសុខដុមនីយកម្ម និងពង្រឹង ពង្រីក ប្រសិទ្ធភាពនៃការប្រតិបត្ដិ និងប្រសិទ្ធភាពនៃការដុះដាលសាសនារបស់រដ្ឋទាក់ទងនឹងពុទ្ធសាសនាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ លោកថា៖ «ខ្ញុំចង់ជម្រាបថា ការធ្វើច្បាប់នេះ មិនមែនជារឿងសុខដុមនីយកម្មដែលមានហើយទេ គឺយើងគិតដល់ពេលខាងមុខ សុខដុមនីយកម្មរបស់យើងឋិតថេរគង់វង្សដូច្នេះត្រូវតែមានច្បាប់ដើម្បីការពារនូវសុខដុមនីយកម្មនេះឱ្យរឹងមាំ»៕