ព្រះវិហារៈ រដ្ឋាភិបាលអាមេរិកប្រកាសផ្តល់ជំនួយបន្ថែមជាង ៨ ម៉ឺនដុល្លារ ដែលជាជំនួយលើកទី ៣ សម្រាប់ជួសជុលជណ្តើរខាងជើងប្រាសាទព្រះវិហារ ដើម្បីរួមចំណែកក្នុងការជួយអភិរក្សប្រាសាទរបស់កម្ពុជាដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
នៅក្រោយពិធីចុះហត្ថលេខាជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅប្រាសាទព្រះវិហារ ខេត្តព្រះវិហារ កាលថ្ងៃទី ៨ ខែធ្នូ លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានថ្លែងថា លោកពិតជាមានមោទនភាព ក្នុងការសហការនូវការបរិច្ចាគបន្ថែម ដើម្បីជួយដល់ការអភិរក្សប្រាសាទព្រះវិហារដ៏អស្ចារ្យនេះ ហើយសហរដ្ឋអាមេរិកនឹងបន្តធ្វើជាដៃគូដ៏សំខាន់ក្នុងកិច្ចប្រឹងប្រែងអភិរក្សនូវសម្បត្តិអច្ឆរិយរបស់កម្ពុជា។ ជំនួយនេះក៏បង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងអាមេរិក និងកម្ពុជាក្នុងកិច្ចការអភិរក្សបេតិកភណ្ឌពិភពលោក។
លោកថា៖ «សហរដ្ឋអាមេរិកគឺជាដៃគូដ៏ធំមួយក្នុងការអភិរក្សនៅលើពិភពលោក មិនមែនសម្រាប់តែនៅកម្ពុជានោះទេ តែទីនេះគឺជាតំបន់បេតិកភណ្ឌពិភពលោក ដូច្នេះអាមេរិកមានមោទនភាពក្នុងការផ្តល់ជំនួយជួយអភិរក្សប្រាសាទព្រះវិហារ »។ គម្រោងដែលបានកំពុងធ្វើនេះគឺបានផ្តល់ការងារជាច្រើនដល់ប្រជាជនកម្ពុជាក្នុងតំបន់ ពីព្រោះបានជួយអភិរក្សផង និងបានផ្តល់ចំណេះក្នុងការជួសជុល សម្រាប់មនុស្សជំនាន់ក្រោយផង។
លោកឯកអគ្គរដ្ឋទូតបានឱ្យដឹងថា នេះជាជំនួយលើកទី ៣ ដល់ការអភិរក្សប្រាសាទព្រះវិហារដែលមានទឹកប្រាក់ចំនួន ៨៦ ៦៦៤ ដុល្លារ ខណៈជំនួយលើកទី ១ ចំនួន ២០ ម៉ឺនដុល្លារ និងលើកទី ២ ១២ ម៉ឺនដុល្លារ។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងថា នៅក្នុងការថែរក្សា ការការពារបេតិកភណ្ឌជាតិ សហរដ្ឋអាមេរិកគឺជាដៃគូដ៏សំខាន់បំផុត ក្នុងការជួយរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាក្នុងការទប់ស្កាត់ការបំផ្លិចបំផ្លាញ និងការនាំចេញវត្ថុបុរាណខុសច្បាប់ និងបាននាំវត្ថុបុរាណត្រឡប់មកប្រទេសកម្ពុជាវិញជាបន្តបន្ទាប់។ លោកស្រីថា៖ «ដូច្នេះ ខ្ញុំថ្លែងអំណរគុណដល់រដ្ឋាភិបាលអាមេរិកដែលបានខិតខំចូលរួមជាមួយក្រសួង ដើម្បីថែរក្សាបេតិកភណ្ឌជាតិខ្មែរ ហើយការដែលរៀបចំជួសជុលប្រាសាទបេតិកភណ្ឌជាតិ យើងមិនត្រឹមតែប្រើប្រាស់ថវិកាជាតិ និងសប្បុរសជនប៉ុណ្ណោះទេ យើងបានប្រើប្រាស់ថវិការបស់ដៃគូអន្តរជាតិនានា ដើម្បីបន្តការជួសជុល»។
លោកស្រីបន្តថា ជំនួយនេះមិនត្រឹមតែជួយថែរក្សាបេតិកភណ្ឌប៉ុណ្ណោះទេ ថែមទាំងជួយប្រជាជនកម្ពុជាបង្កើនជំនាញអាចបង្កើនសមត្ថភាពក៏ដូចជាស្រាវជ្រាវការងារថ្មី សម្រាប់អនុវត្តជាពិសេសលើកកម្ពស់ជីវភាពពលរដ្ឋនៅតំបន់នេះ។ លោកស្រីបញ្ជាក់ថា ការថែរក្សាបេតិកភណ្ឌទាំងរូបិយ និងអរូបិយ ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានដឹងពីតម្លៃ និងស្នាដៃសិល្បៈរបស់ដូនតា ហើយអ្វីដែលយើងធ្វើរួមគ្នានាពេលនេះ គឺនឹងក្លាយទៅជានិមិត្តរូប និងចំណងមិត្តភាពនៃការជួយគ្នាទៅវិញទៅមកខាងផ្នែកវប្បធម៌រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។
អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ លោក គង់ ពុទ្ធិការ ថ្លែងថា ការចូលរួមចំណែកនេះពិតជាមានអត្ថន័យសំខាន់ណាស់ក្នុងការជួយការងារអភិរក្សប្រាសាទព្រះវិហារ។ លោកថា៖ «នេះគឺជាការជួយសាមគ្គីគ្នាក្នុងកម្រិតអន្តរជាតិក្នុងការជួយអភិរក្សបេតិកភណ្ឌកម្ពុជា។ អ៊ីចឹងយើងមានមោទនភាពណាស់ដែលបានទទួលការជួយទាំងថវិកា និងកម្លាំងចិត្ត ទាំងបច្ចេកទេសក្នុងការងារអភិរក្ស» ។ គម្រោងនេះនឹងជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារនៃជណ្តើរថ្នាក់ទី ៦ និងទី ៧ ហើយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ ២០២២ ខាងមុខ។
បើតាមលោកឯកអគ្គរដ្ឋទូតអាមេរិក រដ្ឋាភិបាលអាមេរិក បានផ្តល់ជំនួយដល់កម្ពុជា ជាង ៥ លានដុល្លារ តាំងពីឆ្នាំ ២០០១ មក ដើម្បីជួយដល់ការអភិរក្សទីតាំងបេតិកភណ្ឌសំខាន់ៗផ្សេងទៀត មានទាំងសម្ភារ ឯកសារប្រវត្តិសាស្ត្រនៅប្រទេសកម្ពុជា ដោយក្នុងនោះ រួមមានការអភិរក្សនៅ ប្រាសាទភ្នំបាខែង ប្រាសាទបន្ទាយស្រី សារមន្ទីរជាតិ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងសារមន្ទីរអង្គរបុរី៕