ខណៈ​កម្ពុជា​នឹង​ធ្វើជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​ ២០២២ លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​បានបង្ហាញ​ទស្សនៈ​មើលឃើញ​របស់​លោក តាមរយៈ​បទសម្ភាស​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍ ពាក់ព័ន្ធ​នឹង​មុខមាត់ និង​តួនាទី​របស់​កម្ពុជា​នៅក្នុង​តំបន់ និង​នៅលើ​ឆាក​អន្តរជាតិ​ដែលមាន​ខ្លឹមសារ​ដូចតទៅ​៖

តើ​មុខមាត់​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ មាន​ការវិវឌ្ឍ​បែបណា​ដែរ រហូត​មកដល់​បច្ចុប្បន្ន​?

មុខមាត់​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​នេះ កំពុង​មាន​ការវិវឌ្ឍ​ជា​វិជ្ជមាន គួរឱ្យកត់សម្គាល់ ពីព្រោះ​ប្រទេស​កម្ពុជា បាននិង​កំពុង​ទទួល​នូវ​តួនាទី​ជា​ម្ចាស់ផ្ទះ​នូវ​កិច្ចប្រជុំ​ធំ​។ ជាក់ស្តែង​កន្លងមកនេះ កម្ពុជា​បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប លើក​ទី​ ១៣ (ASEM13) ដោយ​ជោគជ័យ​ហើយ​ឆ្នាំក្រោយ​កម្ពុជា​ក៏​ទទួល​ធ្វើជា​ប្រធាន​ផ្លាស់​វេន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែរ​។

ដូច្នេះ​តួនាទី​របស់​កម្ពុជា​លើ​កិច្ចការ​អន្តរជាតិ​ក៏ដូចជា​កិច្ចការ​តំបន់​គឺ​កាន់តែ​មាន​ភាពលេច​ត្រដែត​ឡើង​។ កាលពី​អតីតកាល កម្ពុជា​គឺជា​ប្រទេសមួយ​ដែល​ត្រូវ​ហែកហួរ​ដោយ​សង្គ្រាមស៊ីវិល និង​ការរត់​ប្រណាំង​នៃ​មនោគមន៍វិជ្ជា​របស់​ប្រទេស​មហាអំណាច​។ ហ៊ុមព័ទ្ធ​ដោយសារ​ឥទ្ធិពល​មនោគមន៍វិជ្ជា​នេះ កម្ពុជា​ត្រូវបាន​ហ៊ុមព័ទ្ធ​ទាំង​ខាង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​។ ប៉ុន្តែ​ក្រោយ​ឆ្នាំ​ ១៩៩៣ តួនាទី​កិត្យានុភាព និង​មុខមាត់​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ គឺ​កាន់តែ​រីក​ធំធាត់​ឡើង​តាមរយៈ​កិច្ចការ​ជាច្រើន​ដែល​កម្ពុជា​រួមចំណែក នៅក្នុង​កិច្ចការ​តំបន់ និង​ពិភពលោក​ដូចជា​បេសកកម្ម​រក្សា​សន្តិភាព បេសកកម្ម-មនុស្សធម៌ បេសកកម្ម​ដោះមីន​ក្រោម​ស្លាក​អង្គការ​សហប្រជាជាតិ និង​ការរួមចំណែក​ជាមួយ​សហគមន៍​អន្តរជាតិ​លើ​កិច្ចការ​ជាច្រើន​ទៀត​ដែល​កម្ពុជា​បាននិង​កំពុង​ធ្វើ​មកដល់​ពេលនេះ​។

ខណៈ​កម្ពុជា​នឹងធ្វើ​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំក្រោយ តើ​កម្ពុជា​អាច​នឹង​ទាញ​ប្រយោជន៍​បាន​បែបណា​ដែរ​?

វា​គឺជា​ឱកាស​ដែល​កម្ពុជា​អាច​បង្ហាញ​សមត្ថភាព​ខាង​ធនធាន​មនុស្ស និង​ស្ថាប័ន​របស់ខ្លួន ក្នុង​ឋានៈ​រដ្ឋ​ជា​សមាជិក​របស់​អាស៊ាន​ក្នុង​ការដឹកនាំ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន ក៏ដូចជា​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងៗ​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន រយៈពេល​ ១ ​ឆ្នាំ​ពេញ​នៅ​ឆ្នាំ​ ២០២២​។ ចាប់តាំងពី​បាន​ចូល​ជា​សមាជិក​អាស៊ាន​កម្ពុជា​ធ្លាប់បាន​ធ្វើជា​ប្រធាន​អាស៊ាន ចំនួន​ ២ ​ដង​រួចមកហើយ​គឺ​នៅ​ឆ្នាំ​ ២០០២ និង​ឆ្នាំ​ ២០១២ ហើយ​ឆ្នាំ​ ២០២២ នេះ​គឺជា​ប្រធាន​អាស៊ាន​លើក​ទី​ ៣ ​របស់​កម្ពុជា​។ វា​គឺជា​ឱកាស​ដែល​កម្ពុជា​បង្ហាញ​អំពី​វឌ្ឍនភាព​នៃ​នយោបាយ និង​សង្គម​កម្ពុជា សុខសន្តិភាព និង​ការអភិវឌ្ឍ​ដែល​​កម្ពុជា​មាន​។ វា​ក៏​ជា​ឱកាស​ដែល​កម្ពុជា អាច​បង្ហាញ​អំពី​រូបភាព​វិជ្ជមាន​ទាំងឡាយ​របស់​កម្ពុជា​ទៅកាន់​អន្តរជាតិ ពីព្រោះ​នៅពេល​ដែល​មាន​ការរៀបចំ​កិច្ចប្រជុំ​នានា​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះការ​ផ្តិតយក​រូបភាព​អំពី​កម្ពុជា​ទៅកាន់​ពិភពលោក​នឹងមាន​យ៉ាង​សស្រាក់សស្រាំ​។ អ្វី​ដែលជា​ឱកាស​សំខាន់​មួយទៀត គឺ​កម្ពុជា​អាច​ដាក់​បញ្ចូល​នូវ​របៀបវារៈ​ដែលជា​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា ក្នុង​ការធ្វើឱ្យ​អាស៊ាន​ទទួល​បាន​ផលប្រយោជន៍​ជាក់ស្តែង​ពី​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ពហុភាគី ក្រោម​យន្តការ​អាស៊ាន​នេះ ពីព្រោះ​អាស៊ាន​គឺជា​តួអង្គ​ដែល​ធ្វើឱ្យមាន​តុល្យភាព នៅក្នុង​តំបន់ និង​ជា​មជ្ឈមណ្ឌល​ដែល​អាច​ទប់ស្កាត់​នូវ​ការប្រជែង​គ្នា​ខ្លាំង​នៃ​ប្រទេស​មហាអំណាច​។ ការណ៍​នេះ​បានធ្វើឱ្យ​ប្រទេស​មហាអំណាច​ទាំង​ក្នុង និង​ក្រៅ​តំបន់​បាន​សម្លឹង​មិន​ដាក់​ភ្នែក​ចំពោះ​អាស៊ាន​។ ដូច្នេះ​តួនាទី​របស់​កម្ពុជា​ក៏​មាន​សារៈសំខាន់​បែបនេះ​ផងដែរ​។

តើ​កម្ពុជា​ត្រូវធ្វើ​បែបណា​ក្នុង​ការជំរុញ​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឱ្យ​ទទួល​បាន​ជោគជ័យ​?

កម្ពុជា​ចាំបាច់​ត្រូវតែ​គោរព និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ធម្មនុញ្ញ​អាស៊ាន និង​ដើរតួនាទី​ជា​អ្នកសម្របសម្រួល​ដោយ​គោរព​នូវ​គោលការណ៍ តួនាទី​ជា​ស្នូល និង​មជ្ឈភាព​អាស៊ាន និង​ព្យាយាម​ធ្វើយ៉ាងណា​ឱ្យ​ការប្រកួតប្រជែង​ទាំងឡាយ​ដែល​គេ​ប្រើប្រាស់​យន្តការ​អាស៊ាន​ឱ្យទៅជា​ស្ថាប័ន​មួយ​ដែល​អាច​សម្របសម្រួល និង​អាច​ទប់​ឥទ្ធិពល​នៃ​ការប្រកួតប្រជែង​នេះ​។ កម្ពុជា​ចាំបាច់​ត្រូវតែ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃ​គូសន្ទនា​នានា​របស់​អាស៊ាន ដើម្បី​ជជែក​គ្នា​អំពី​របៀបវារៈ​ទាំងឡាយ ដែល​នាំមក​នូវ​ផលប្រយោជន៍​រួម​ការយល់​គ្នា និង​ផលប្រយោជន៍​ជាក់ស្តែង សម្រាប់​ប្រជាពលរដ្ឋ​អាស៊ាន ក៏ដូចជា​ប្រជាពលរដ្ឋ​នៃ​ដៃគូ​សន្ទនា​ដោយ​ចៀសវាង​នូវ​ការដាក់បញ្ចូល​នូវ​របៀបវារៈ​ទាំងឡាយ​ណា ដែល​នាំឱ្យ​មាន​ការយល់​ច្រឡំ​គ្នា​ ឬក៏​ដែល​មិន​ផ្តល់​ប្រយោជន៍​ជាក់ស្តែង​ដល់​ប្រជាពលរដ្ឋ​អាស៊ាន​។

តើ​កម្ពុជា​ត្រូវ​មាន​កិច្ចសហការ​បែបណា​ខ្លះ ជាមួយ​ប្រទេស​ពាក់ព័ន្ធ ដើម្បីឱ្យ​ទទួលបាន​ជោគជ័យ​ក្នុង​ការធ្វើ​ជា​ប្រធាន​អាស៊ាន​?

កម្ពុជា​ក៏​ចាំបាច់​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​ដទៃទៀត​ក្នុង​ការធ្វើឱ្យ​បាន​ជោគជ័យ​នូវ​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា ជាពិសេស​កិច្ចប្រជុំ​កំពូល​អាស៊ាន របៀបវារៈ​ដែល​ទទួល​យកបាន​ទាំងអស់​គ្នា​ ដើម្បី​ឧត្តមប្រយោជន៍​នៃ​អាស៊ាន ប្រជាពលរដ្ឋ​អាស៊ាន និង​ប្រជាពលរដ្ឋ​កម្ពុជា​ខ្លួនឯង​។ មួយវិញទៀត​កម្ពុជា​ត្រូវខិតខំ​ព្យាយាម​ធ្វើយ៉ាងណា ដោះស្រាយ​បញ្ហា​នៅ​មីយ៉ាន់ម៉ា​ដែលជា​រឿង​ក្តៅ​នៅក្នុង​អាស៊ាន ប្រកប​ដោយ​លក្ខណៈ​បរិយាប័ន្ន​ដោយ​មាន​ការចូលរួម​ពាក់ព័ន្ធ​ពី​ភាគី​នានា​នៅក្នុង​ជម្លោះ​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ខ្លួនឯង ហើយ​ជាពិសេស​ពង្រឹង​តួនាទី​ជា​ស្នូល​របស់​អាស៊ាន ដោយ​ទទួល​យក​នូវ​ការជាប់​ពាក់ព័ន្ធ​នៃ​ដៃគូ​សន្ទនា​របស់​អាស៊ាន ដើម្បី​ធ្វើយ៉ាងណា​ជួយ​គ្នា​ដោះស្រាយ​បញ្ហា​មីយ៉ាន់ម៉ា​ឱ្យ​ទទួល​បាន​ជោគជ័យ​ព្រមទាំង​ជំរុញ​ឱ្យ​សភាពការណ៍​​របស់​មីយ៉ាន់ម៉ា​វិលត្រឡប់​ទៅរក​ភាពប្រក្រតី​ដូច​មុន​ខែកុម្ភៈ ឆ្នាំ​ ២០២១​។

តើ​កម្ពុជា​គួរ​ជំរុញ​បែបណា​ក្នុង​ការដោះស្រាយ​បញ្ហា​ក្នុង​តំបន់​ក៏ដូចជា​ពិភពលោក​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ​?

បញ្ហា​តំបន់ និង​ពិភព​លោកធំៗ​នៅ​ចំពោះ​មុខ​បច្ចុប្បន្ន គឺ​បញ្ហា​ជំងឺ​កូវីដ​ ១៩ និង​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​។ ក្នុង​លក្ខណៈ​នេះ កម្ពុជា​ចាំបាច់​ត្រូវតែ​ជំរុញ និង​លើក​ទឹកចិត្ត​ឱ្យ​មាន​ការគោរព​នូវ​គោលការណ៍​ពហុភាគី​និយម ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​ទាមទារ​ធ្វើយ៉ាងណា​ឱ្យ​ប្រទេស​ទាំងអស់​នៅក្នុង​តំបន់ ក៏ដូចជា​ពិភពលោក​រួមគ្នា​ប្រយុទ្ធប្រឆាំង​ជំងឺ​នេះ​ក្នុង​ស្មារតី​តែមួយ រីឯ​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក៏​ទាមទារ​ឱ្យប្រើប្រាស់​នូវ​យន្តការ​ពហុភាគី​និយម​នេះដែរ​។

ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នេះ កម្ពុជា​ចាំបាច់​ត្រូវ​ជំរុញ​ធ្វើយ៉ាងណា​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​សេចក្តីប្រកាស​ស្តីពី​ក្រម​ប្រតិបត្តិ​សមភាគី​សមុទ្រ​ចិន​ខាងត្បូង (DOC) និង​ជំរុញ​លើកទឹកចិត្ត​ធ្វើយ៉ាងណា​ពន្លឿន​ការចរចា​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ (COC) ​ឱ្យ​បាន​សម្រេច​ឈានទៅរក​ការបញ្ចប់ COC នៅ​ឆ្នាំ​ ២០២២ នេះ ដែលជា​រឿង​មួយ​ប្រសើរ​បំផុត​។ កម្ពុជា​ក៏​ចាំបាច់​ជំរុញ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ប្រកាន់​នូវ​គោលការណ៍​សន្តិវិធី​ក្នុង​ការដោះស្រាយ​ដោយ​ផ្អែកលើ​ការចរចា​​ក្នុង​កម្រិត​ទ្វេភាគី​រវាង​ប្រទេស​ដែល​​មានការ​ពាក់ព័ន្ធ​រវាង​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ប្រទេស​ចិន ហើយ​ព្យាយាម​ធ្វើយ៉ាងណា​ដើម្បី​កុំឱ្យ​មាន​ការពង្រីក​ជម្លោះ ឬ​ធ្វើ​អន្តរ​ជាតូបនីយកម្ម​ទៅលើ​បញ្ហា​ដែល​ធ្វើឱ្យ​បញ្ហា​នោះ កាន់តែ​រីក​ធំ​។

ចុះ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​ដែល​កំពុង​ក្លាយជា​កង្វល់​របស់​ពិភពលោក តើ​កម្ពុជា​គួរ​ធ្វើ​បែបណា​?

ចំពោះ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ តួនាទី​របស់​កម្ពុជា​គឺ​ជំរុញ​ឱ្យ​មាន​ដំណោះ​ស្រាយ​រួមគ្នា ជាពិសេស​គឺ​ការចូលរួម​យ៉ាងសំខាន់​ពី​ប្រទេស​ដៃគូ​សន្ទនា​របស់​អាស៊ាន​ធំៗ ដែលជា​ប្រទេស​ដែល​បំផ្លាញ​បរិស្ថាន​ច្រើនជាងគេ រួមមាន​សហរដ្ឋ-អាមេរិក ចិន រុស្ស៊ី និង​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ផ្សេងទៀត​។ ចំពោះ​បញ្ហា​មីយ៉ាន់ម៉ា កម្ពុជា​ចាំបាច់​ត្រូវ​ជំរុញ​តួនាទី​អាស៊ាន​ឱ្យបាន​កាន់តែខ្លាំង ដើម្បី​បញ្ចៀស​នូវ​ «​ទ្វេគ្រោះ​» ​សម្រាប់​អាស៊ាន ដើម្បី​ចៀសឱ្យ​ផុត​ពី​ការចោទប្រកាន់​ពី​ប្រទេស​មហាអំណាច​ខាងក្រៅ​ផង ហើយ​វា​នាំឱ្យ​មាន​ការបែកបាក់​អាស៊ាន​គ្នាឯង​ផង​។ ចំពោះ​បញ្ហា​នុយក្លេអ៊ែរ​នៅ​កូរ៉េខាងជើង កម្ពុជា​ចាំបាច់​ត្រូវតែ​ប្រើប្រាស់​តួនាទី​របស់ខ្លួន​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន គឺ​ធ្វើយ៉ាងណា​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​វិល​ទៅរក​តុចរចា​ ៦ ​ភាគី​ឡើងវិញ ដើម្បី​ឈានទៅរក​ដំណោះស្រាយ​ជាក់លាក់​ណាមួយ​។

នៅពេល​មានការ​ប្រកួតប្រជែង​គ្នា​ខាង​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​រវាង​ប្រទេស​មហាអំណាច តើ​កម្ពុជា​គួរប្រកាន់​ជំហរ​បែបណា​?

ទាំង​កម្ពុជា ទាំង​អាស៊ាន គឺ​ត្រូវ​រក្សា​នូវ​តុល្យភាព ដើម្បី​ទាញ​គំនិត​ផ្តួចផ្តើម និង​យុទ្ធសាស្ត្រ​ដ៏ធំ​ទាំង​ ២ ​គឺ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ (BRI) និង​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ (Indo-pacific) ​ឱ្យក្លាយ​ទៅជា​យន្តការ​ដែល​បំពេញ​ឱ្យ​គ្នា​ដែល​ទាំង​កម្ពុជា ទាំង​អាស៊ាន គឺអាច​ទាញ​ប្រយោជន៍ ដោយ​ចៀសវាង​ការប្រកាន់​យក​ភាគី​ណាមួយ​។ ដូច្នេះហើយ​បានជា​អាស៊ាន​ក៏បាន​ចេញ​នូវ​ទស្សន​វិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូ​ប៉ាស៊ីហ្វិក ហើយ​ប្រទេស​ជា​សមាជិក​អាស៊ាន ក៏មាន​ការសម្របសម្រួល​។ ដោយសារ​ការប្រកួតប្រជែង​រវាង​យុទ្ធសាស្ត្រ​ធំ​ទាំង​ ២ គឺជា​យន្តការ​ធំ​ ២ ដែល​ប្រកួតប្រជែង​គ្នា ទាំង​អាស៊ាន និង​សមាជិក​របស់​អាស៊ាន​មិន​ចង់​ស្ថិតក្នុង​ស្ថានភាព​មួយ ដែល​ត្រូវ​បង្ខំ​ឱ្យ​ជ្រើសរើស​រវាង BRI និង Indo-pacific ឬក៏​ត្រូវ​ជ្រើសរើស​រវាង​ចិន និង​សហរដ្ឋអាមេរិក​នោះទេ​គឺ​អាស៊ាន និង​សមាជិក​អាស៊ាន​ចង់ឃើញ BRI ក៏ដូចជា Indo-pacific ក្លាយទៅជា​តួអង្គ​ ឬ​យន្ត​ការបំពេញ​ឱ្យ​គ្នា ដែល​ប្រទេស​ជា​សមាជិក​អាស៊ាន រួមទាំង​អាស៊ាន​ទាំងមូល​អាច​ទាញ​ផលប្រយោជន៍​ពី​តួនាទី​បំពេញ​ឱ្យ​គ្នា​នៃ​គំនិត​ផ្តួចផ្តើម​ទាំង​ ២ ​នេះ គឺ BRI និង Indo-pacific ។

តើ​កម្ពុជា​បាន​ចូលរួម​បែបណា​ក្នុង​ការដោះស្រាយ​បញ្ហា​តំបន់ ក៏ដូចជា​ពិភពលោក​នាពេល​កន្លងមក​?

នៅក្នុង​បញ្ហា​តំបន់ កម្ពុជា​បាន​រួមចំណែក​ច្រើន​ទាក់ទង​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ ការឡើង​កម្ដៅ​ផែនដី និង​បញ្ហា​គន្លឹះ​ធំៗ​មួយចំនួន​ទៀត សូម្បីតែ​បញ្ហា​ជំងឺ​កូវីដ​ ១៩ ក៏​កម្ពុជា​បានរួម​ចំណែក​តិច ឬ​ច្រើន​នៅក្នុង​លទ្ធភាព​ដែល​កម្ពុជា​អាច​ធ្វើបាន​ក្នុង​ការដោះស្រាយ​បញ្ហា​ទាំងអស់​។ កម្ពុជា​បាន​ក្លាយ​ជា​តួអង្គ​ដែល​ធ្វើឱ្យមាន​ស្ថិរភាព​នៃ​ទំនាក់ទំនង​នេះ​ក្នុង​ក្របខ័ណ្ឌ​ទំនាក់ទំនង​អាស៊ាន-ចិន​។ ​នៅ​ឆ្នាំ​ ២០១២ និង​ឆ្នាំ​ ២០១៦ កម្ពុជា​សុខចិត្ត​ធ្វើការងារ​ដ៏ធំ​ដើម្បី​រក្សា​ស្ថិរភាព​នៃ​ទំនាក់ទំនង​អាស៊ាន-ចិន​។ នៅពេលនោះ ប្រសិនបើ​កម្ពុជា​ធ្វើ​សកម្មភាព​ណាមួយ​ដែល​នាំឱ្យ​មាន​ភាពប្រទូសរ៉ាយ​រវាង​អាស៊ាន-ចិន គឺ​អាស៊ាន​ទាំងមូល​នឹង​ខាតបង់​ផលប្រយោជន៍​ច្រើនណាស់ ប៉ុន្តែ​កម្ពុជា​សុខចិត្ត​ធ្វើ​សកម្មភាព​ជាច្រើន​ ដើម្បី​រក្សា​តុល្យភាព​ទំនាក់ទំនង​អាស៊ាន-ចិន​។ ប្រទេស​ទាំងអស់​ដែល​ពេលខ្លះ​ចោទប្រកាន់​មក​កម្ពុជា​ថា បាន​ទទួល​ផលប្រយោជន៍​ពី​ទំនាក់ទំនង​ល្អ​រវាង​អាស៊ាន និង​ចិន នៅពេលនោះ ប្រសិនបើ​អាស៊ាន​នាំគ្នា​ប្រឆាំង​ជាមួយ​នឹង​ចិន ដោយសារ​ប្រទេស​ ១ ​ឬ​ ២ វា​ធ្វើឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​អាស៊ាន និង​ចិន​ទាំងមូល ហើយក៏​វា​អាចធ្វើឱ្យ​ខូច​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​សមាជិក​អាស៊ាន ជាមួយ​ចិន​ផងដែរ​។

ចំណុច​នេះ គឺជា​ការរួមចំណែក​ខ្លាំង​របស់​កម្ពុជា​ក្នុង​ការធ្វើឱ្យ​មាន​តុល្យភាព និង​ស្ថិរភាព​នៃ​ទំនាក់ទំនង​របស់​អាស៊ាន​ជាមួយ​ប្រទេស​មហាអំណាច​ទាំង​ក្នុង​តំបន់ និង​ក្រៅ​តំបន់​៕