នំពេញៈ ការចាក់​វ៉ាក់សាំង​​កូវីដ​ ១៩ ​ដូស​ទី​ ៤ ​ប្រហែល​ជា​អាច​នឹងត្រូវ​ចាក់​នៅក្នុង​ឆ្នាំ​ ២០២២ សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​ ៣ ក្នុង​រយៈពេល​ចន្លោះ​ពី​ ៦ ​ខែ​ទៅ​ ១ ​ឆ្នាំ​ ខណៈ​ដែល​ទាំង​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​លើកឡើងថា មកដល់​ពេលនេះ មិនទាន់​មាន​វ៉ាក់សាំង​ណាមួយ​ដែល​អាច​ការពារ​ការឆ្លង​វីរុស​កូវីដ​ ១៩ ​បាន​ ១០០ ​ភាគរយ​នោះទេ​។

លោកស្រី​ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​បាន​ថ្លែង​នា​រសៀល​ថ្ងៃទី​ ៩ ខែធ្នូ ក្នុង​បទសម្ភាស​រួមគ្នា​រវាង​ក្រសួង​សុខាភិបាល​ និង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​ពី​បច្ចុប្បន្នភាព​នៃ​វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី «​អូមីក្រុង​»​។ ​លោកស្រី​ថ្លែងថា៖ «​តាម​ការយល់ឃើញ​របស់​ខ្ញុំ ប្រហែលជា​ដូស​ទី​ ៤ ​ត្រូវ​ប្រើប្រាស់​នៅក្នុង​ឆ្នាំ​ ២០២២ ​សម្រាប់​អ្នក​ដែល​បាន​ចាក់​ដូស​ទី​ ៣ ​បាន​ក្នុង​រយៈពេល​ពី​ ៦ ​ខែ​ទៅ​ ១ ​ឆ្នាំ ដែល​យើង​អាច​ត្រូវ​ចាក់​ដូស​ទី​ ៤ ​នេះ​ជា​បន្តទៀត​។ ប៉ុន្តែ​ចំណុច​នេះ​ត្រូវ​ឱ្យមាន​ភាពច្បាស់លាស់ នៅពេល​ណា​ដែលមាន​ការបកស្រាយ និង​សិក្សា​បន្ថែមទៀត​»​។

លោកស្រី​បញ្ជាក់ថា ក្រោយពី​មាន​ការចាក់​វ៉ាក់សាំង​ដូស​ទី​ ៤ ការចាក់​ដូស​ទី​ ៥ ក៏​នឹង​អាច​កើតមាន​ដែរ ប្រសិនបើ​មាន​ការរកឃើញថា រយៈពេល​ ៦ ​ខែ​ត្រូវ​ចាក់​ម្តង ឬ​ ១ ​ឆ្នាំ​ត្រូវ​ចាក់​ម្តង ដែល​ចំណុច​នេះ​កំពុងតែ​ត្រូវ​ធ្វើការ​សិក្សា​។

រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ឱ្យ​វិស័យ​ឯកជន ធ្វើការ​ផ្តល់​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដែរ ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ជម្រើស​ក្នុង​ការស្វែងរក​សេវា​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នៅពេល​ណា​ដែល​វិស័យ​ឯកជន​ចាប់ផ្តើម​អនុវត្ត​ទៅតាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​មាន​ការទុកដាក់​រក្សា​វ៉ាក់សាំង​នេះ​បាន​ល្អ​ត្រឹមត្រូវ តាម​ក្បួន​បច្ចេកទេស​របស់​ក្រសួង​។

ទាក់ទង​នឹង​ការចាក់​វ៉ាក់សាំង​នេះដែរ បើតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល ដែល​ចេញ​ជា​រៀងរាល់​ថ្ងៃ​ឃើញថា អ្នកស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ១៩ នៅតែ​មាន​ហើយ​អ្នកស្លាប់​ទាំងនោះ​ខ្លះ​បាន​ចាក់​វ៉ាក់សាំង និង​ខ្លះ​មិនបាន​ចាក់​វ៉ាក់សាំង​។

ត្រង់ចំណុច​នេះ លោកស្រី ឱ វណ្ណឌីន បាន​សង្កត់ធ្ងន់​ថា មកដល់​ពេល​នេះ មិនទាន់​មាន​វ៉ាក់សាំង​កូវីដ​ ១៩ ​ណាមួយ​ដែល​បាន​អះអាងថា ចាក់​ហើយ​នឹង​ការពារ​ការឆ្លង​បាន​ ១០០% ​នោះទេ​។

ជាមួយ​គ្នា​នោះដែរ លោកស្រី លី អៃឡែន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា មកដល់​ពេល​នេះ​មិនទាន់​មាន​វ៉ាក់សាំង​ណា​ដែលមាន​ប្រសិទ្ធភាព​ ១០០ ​ភាគរយ សម្រាប់​ការពារ​ទៅលើ​ការឆ្លង ប៉ុន្តែ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​សម្រាប់​ការពារ​ទៅលើ​ការឈឺ​ធ្ងន់ធ្ងរ ការសម្រាក​ពេទ្យ​ការបាត់បង់​ជីវិត រួមទាំង​ជំងឺ​កូវីដ​ ១៩ ​បណ្តាល​មកពី​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ផងដែរ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួមគ្នា​រវាង​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បានលើកឡើង​ថា គិត​ត្រឹម​ថ្ងៃទី​ ៧ ខែធ្នូ ឆ្នាំ​ ២០២១ អត្រា​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ មាន​ចំនួន ១០១,១០% នៃ​ប្រជាជន​គោលដៅ ១០ ​លាន​នាក់ ដែលមាន​អាយុ​ចាប់ពី ១៨ ​ឆ្នាំ​ឡើងទៅ​ដែល​បាន​ចាក់​វ៉ាក់សាំង​យ៉ាងហោចណាស់​ក៏ ១ ​ដូស ហើយ​មនុស្ស​ពេញវ័យ​បាន​ចាក់​វ៉ាក់សាំង​ដូស​មូលដ្ឋាន​ពេញលេញ​សរុប​បាន​ចំនួន ៩៦,៤៤%​។

រីឯ​បុគ្គល​ដែលមាន​អាយុ​ចាប់ពី ៥ ​ឆ្នាំ​ឡើងទៅ ទទួល​បាន​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ សរុប​បាន​ចំនួន ៩៥,២២ ​ភាគរយ និង​បុគ្គលិក​សុខាភិបាល​នៅ​ទូទាំង​ប្រទេស​បាន​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ដូស​ពេញលេញ​សរុប​បាន​ចំនួន​ ១០០ ​ភាគរយ ហើយ​មនុស្ស​វ័យចាស់​ដែល​មាន​អាយុ​ចាប់ពី ៦០ ​ឆ្នាំ​ឡើងទៅ ក៏ត្រូវ​ទទួលបាន​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ពេញលេញ​បាន​ចំនួន ៩៩ ​ភាគរយ នៃ​ចំនួន​សរុប​ក្រុម​អាយុ​នេះ​ផងដែរ​។

លោកស្រី ឱ វណ្ណឌីន បាន​បញ្ជាក់ថា ក្រសួង​សុខាភិបាល​នៅតែ​បន្ត​ដំណើរ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ជាពិសេស ការចាក់​ដល់​អ្នក​ដែល​មិនមាន​លទ្ធភាព​អាច​មករក​សេវា​ចាក់​វ៉ាក់សាំង​បាន (hard to reach population) ដើម្បី​ឈាន​ទៅ​ដល់​កម្រិត​អប្បបរមា និង​ដើម្បី​បំពេញ​កម្រិត​វ៉ាក់សាំង​ឱ្យបាន​គ្រប់​ដូស​ពេញលេញ​៕

វីដេអូ៖