ព្រះវិហារៈ ស្ថានភាពការប្រកបរបររកទទួលទានជាមួយវិស័យទេសចរណ៍របស់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារបានចាប់ផ្តើមវិលត្រឡប់ទៅរកស្ថានភាពប្រក្រតីឡើងវិញបន្តិចម្តងៗហើយ ខណៈភ្ញៀវទេសចរបានទៅលេងប្រាសាទព្រះវិហារ និងរមណីយដ្ឋាននានាថ្ងៃខ្លះមានរហូតដល់ ១ ០០០ នាក់។
នៅពេលធ្វើដំណើរនៅតាមដងផ្លូវទៅខេត្តព្រះវិហារ ដែលធ្លាប់តែមានភាពស្ងប់ស្ងាត់ តែពេលនេះបានប្រែក្លាយទៅជាមានភាពអ៊ូអរនៅតាមដងផ្លូវ ទាំងការលក់ដូរ អាហារដ្ឋាន និងវិស័យសណ្ឋាគារ។ ចំណែកអ្នករត់តាក់ស៊ី អ្នកលក់ដូរ និងអ្នកលក់វត្ថុអនុស្សាវរីយ៍នៅលើប្រាសាទព្រះវិហារក៏មានភាពមមាញឹកក្នុងអាជីវកម្មរបស់ពួកគេដែរ។
លោក ចាន់ សំបូរ ជាអ្នករត់តាក់ស៊ីម្នាក់នៅប្រាសាទព្រះវិហារបានថ្លែងថា ជីវភាពរបស់លោកមានភាពប្រសើរឡើង ១ កម្រិតទៀត បើប្រៀបធៀបក្នុងអំឡុងពេលផ្ទុះកូវីដ ១៩ ខ្លាំង ដែលរដ្ឋាភិបាលបានបិទវិស័យទេសចរណ៍។ លោកថា៖ «ពេលគេបិទទេសចរណ៍ ខ្ញុំនៅតែផ្ទះទេ អត់សូវមានការធ្វើដែរ ដល់ពេលរដ្ឋាភិបាលបើកប្រទេសឡើងវិញ មានភ្ញៀវទេសចរ គាត់មកលេងប្រាសាទព្រះវិហារបណ្តើរ ហើយក្នុង ១ ថ្ងៃខ្ញុំអាចរកប្រាក់បាន ១០ ម៉ឺនរៀលដែរ»។ កម្រៃដែលរកបានអាស្រ័យទៅលើចំនួនភ្ញៀវទេសចរ។ បើភ្ញៀវទេសចរមកលេងច្រើន គឺលោកអាចដឹកភ្ញៀវបានច្រើន តែបើមិនសូវមានទេ ក៏អត់ទៅ ព្រោះនៅប្រាសាទព្រះវិហារនេះ គេមានលេខរៀង ដើម្បីដឹកភ្ញៀវទៅលើប្រាសាទព្រះវិហារ។
អ្នកគ្រប់គ្រងទូទៅនៃម៉ូតែលប្រាសាទព្រះវិហារសុភមង្គលដែលមាន ៥៨ បន្ទប់ អ្នកស្រី ខៀវ សាក់ បានថ្លែងថា ភ្ញៀវទេសចរចាប់ផ្តើមមកស្នាក់នៅជាបណ្តើរៗវិញហើយ ជាពិសេសភ្ញៀវជាតិ។ អ្នកស្រីថា៖ «មួយរយៈចុងក្រោយនេះ ភ្ញៀវទេសចរមកស្នាក់នៅថ្ងៃខ្លះ ១០ ថ្ងៃខ្លះ ២០ បន្ទប់ វាទៀងទាត់ គឺវាប្រសើរជាងកាលពីផ្ទុះកូវីដ ១៩ ខ្លាំង គឺរកចំណូលអត់បានសោះតែម្តង»។
អ្នកស្រីបញ្ជាក់ថា កំណើនភ្ញៀវទេសចរឡើងវិញ ជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដែលបង្កើនឱកាសការងារ និងមានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារលោក គង់ ពុទ្ធិការ ថ្លែងថា ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរ អាជ្ញាធរពាក់ព័ន្ធបានរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងវិធានសុខាភិបាល ដើម្បីធានាសុវត្ថិភាពអ្នកមកកម្សាន្ត។ លោកថា៖ «ក្នុងកិច្ចការងារនេះ យើងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់សម្រាប់ទទួលភ្ញៀវទេសចរ ទាំងវិធានការសុខាភិបាល និងផ្ទះសំណាក់ សណ្ឋាគារ និងអាហារដ្ឋាននៅទីនេះ។ យើងបានធ្វើការជាមួយមន្ទីរសុខាភិបាល ក៏ដូចជាមន្ទីរទេសចរណ៍ខេត្ត ក្នុងការផ្សព្វផ្សាយអំពីវិធានការសុខាភិបាល។ អ៊ីចឹងភាគីទាំងអស់បានយល់ពីការងារនេះ»។
លោកឱ្យដឹងថា បើគិតជាមធ្យមក្នុង ១ ថ្ងៃមានភ្ញៀវទេសចរទៅលេងប្រាសាទព្រះវិហារចន្លោះពី ១០០ ទៅ ១៥០ នាក់ ហើយបានបង្កើតការងាររកប្រាក់ចំណូលដល់អ្នកលក់ដូរនៅម្តុំប្រាសាទព្រះវិហារ។
ប្រធានអង្គភាពនគរបាលទេសចរណ៍ប្រចាំប្រាសាទព្រះវិហារ លោក ប៊ុន ធារ៉ា បានថ្លែងថា បើចំថ្ងៃឈប់សម្រាកធំៗ មានភ្ញៀវទេសចរទៅលេងប្រាសាទខ្ទង់ ១ ០០០ នាក់ឯណោះក្នុង ១ ថ្ងៃ។ ក្រៅពីប្រាសាទព្រះវិហារ ខេត្ត ១ នេះក៏មានតំបន់ទេសចរណ៍ផ្សេងទៀត ដូចជា តំបន់ទឹកធ្លាក់ ភ្នំត្បែង ឡើងកំពូលភ្នំ។ ប៉ុន្តែលោកថា តំបន់ទាំងនេះ នៅមិនទាន់រៀបចំឱ្យទូលំទូលាយនៅឡើយទេ។ អ្នកមកលេងកម្សាន្ត ភាគច្រើនគឺភ្ញៀវទេសចរក្នុងស្រុកពុំទាន់សូវមានភ្ញៀវទេសចរបរទេសនៅឡើយទេ។
ទាក់ទងនឹងបញ្ហាសន្តិសុខវិញលោកថា៖ «យើងបានដាក់កម្លាំងការពារគ្រប់ច្រកល្ហកសហការគ្នាជាមួយគ្រប់ស្ថាប័ន ហើយមិនធ្វើការតែម្នាក់ឯងកើតទេ អ៊ីចឹងស្ថាប័ននីមួយៗគាត់ជួយគ្នា ហើយយើងក៏បានផ្សព្វផ្សាយការអប់រំដល់ពលរដ្ឋពាក់ព័ន្ធកូវីដដែរ»។
ភ្ញៀវទេសចរមកពីខេត្តកំពង់ឆ្នាំង ដែលទៅលេងប្រាសាទព្រះវិហារ ជាលក្ខណៈគ្រួសារមានគ្នា ១១ នាក់ក្នុងនោះ អ្នកស្រី ចាន់ធូ បានថ្លែងថា អ្នកស្រីបានមកលេងប្រាសាទព្រះវិហារលើកទី ២ ហើយ ដោយសារទីតាំងនេះសម្បូរទៅដោយព្រៃធម្មជាតិ និងប្រាសាទនៅលើកំពូលភ្នំដ៏ខ្ពស់។ អ្នកស្រីថា៖ «ដោយសារអាកាសធាតុល្អ បរិសុទ្ធ ណាមួយចង់មកមើលព្រំដែនផង ព្រោះប្រាសាទព្រះវិហារយើងអាចមើលឃើញនៅព្រំដែនថៃ»។ អ្វីដែលកាន់តែពិសេសនោះអ្នកស្រីនិយាយថា ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌជាតិផង និងពិភពលោកផង ដែលមានក្បាច់រចនាស្អាតនៅជញ្ជាំង។
ប្រាសាទព្រះវិហារស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត នៅលើខ្នងភ្នំដងរែក (ទំហំ ៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ)។ ប្រាសាទព្រះវិហារមានចម្ងាយ ៤០៥ គីទ្បូម៉ែត្រពីរាជធានីភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារវិញ វាមានចម្ងាយត្រឹមតែ ១០៨ គីឡូម៉ែត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ ២១១ ទៅកាន់ស្រុកជាំក្សាន្ត។ ប្រាសាទដ៏អស្ចារ្យមួយនេះត្រូវបានចុះបញ្ជីក្នុងបេតិកភណ្ឌពិភពលោកនៅ អង្គការ UNESCO កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨៕