ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសពីការបង្កើតគណៈរដ្ឋមន្ត្រីបម្រុងទុកថ្មីមួយ ដោយលោកបញ្ជាក់នាថ្ងៃទី ៩ ធ្នូ ថា គម្រោងនេះត្រូវបានត្រៀមរួចហើយ សម្រាប់យុវជនជំនាន់ក្រោយ ប៉ុន្តែមិនមែនសម្រាប់អាណត្តិរដ្ឋាភិបាល ឆ្នាំ ២០២៣ នេះទេ គឺសម្រាប់ពេលខាងមុខណាមួយ ដែលវានឹងមកដល់ ហើយគណៈរដ្ឋមន្ត្រីនេះនឹងមាននិរន្តរភាពទៀតផង។
លោក ហ៊ុន សែន ថ្លែងថា៖ «គណៈរដ្ឋមន្ត្រីថ្មីមួយត្រូវបានរៀបចំត្រៀមរួចហើយ សម្រាប់ពួកក្មេងជំនាន់ក្រោយ។ ផ្តាំទៅអ្នកឯងទៅ [អ្នករិះគន់]! ហើយពិនិត្យក្នុងគណៈរដ្ឋមន្ត្រីហ្នឹង ថ្នាក់បណ្ឌិតជិតពាក់កណ្តាល។ ក្រៅពីនោះអនុបណ្ឌិត ហើយសាកល្បងមើលទៅជាមួយនឹងធនធានមនុស្សរបស់គណបក្សប្រជាជន។ អាយុជាស្តង់ដា គឺថា ក្រោម ៦០ [ឆ្នាំ]»។ ពួកយើងដល់ពេលហ្នឹង គេហៅថាពួក U70 [អាយុក្រោម ៧០ ឆ្នាំ] និង U80 [អាយុក្រោម ៨០ ឆ្នាំ] នាំគ្នាដើរចេញ។ គេឯកភាពគ្នាអ៊ីចឹង»។
ការបញ្ចេញសារបែបនេះរបស់លោកនាយករដ្ឋមន្ត្រី ខណៈលោកចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២១។
លោកនាយករដ្ឋមន្ត្រីទម្លាយឱ្យដឹងថា លោកបានប្រជុំជាមួយលោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី កាលពី ថ្ងៃទី ៨ ខែធ្នូ នៅឯគេហដ្ឋានរបស់លោក។ កិច្ចប្រជុំនេះបានសម្រេចលើបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីត្រៀមបម្រុងថ្មីនេះ ប៉ុន្តែមិនមែនសម្រាប់អាណត្តិរដ្ឋាភិបាលក្នុងឆ្នាំ ២០២៣ នេះទេ គឺសម្រាប់ពេលខាងមុខណាមួយ។ លោកក៏បានប្រកាសដែរថា សម្រាប់អាណត្តិឆ្នាំ ២០២៣ នេះលោកនៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រីដដែល។
លោកថ្លែងថា៖ «ប៉ុន្តែពេលណាមួយអាហ្នឹង គឺចាំឮសភាពការណ៍ជាក់ស្តែង ហើយមាននិរន្តរភាព។ ក្រុមហ៊ុននានាកុំបារម្ភ កសាងព្រលានយន្តហោះគិតតែកសាងទៅ ព្រោះវាច្បាស់ណាស់ហើយ អស់ពីឪវា កូនវាធ្វើ [នាយករដ្ឋមន្ត្រី]។ សមិទ្ធផលមួយត្រូវបានការពារទៅដោយកូនចៅរបស់គណបក្សប្រជាជនដដែលហ្នឹង! បើបក្សដទៃចូលមក អាហ្នឹងគួរភ័យ»។
ថ្មីៗនេះ ក្រោយពីលោក ហ៊ុន សែន ប្រកាសជាសាធារណៈគាំទ្រកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកឱ្យឈរជាបេក្ខភាពនាយករដ្ឋមន្ត្រីម្នាក់ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីផ្សេងទៀតក្នុងគណបក្សប្រជាជន-កម្ពុជា អ្នកដែលគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត បានចេញញត្តិគាំទ្រលោកព្រោងព្រាត តាមបណ្តាញសង្គមហ្វេសប៊ុក។
លោក ហ៊ុន សែន បានប្រកាសច្រានចោលអ្វីដែលលោកអះអាងថា ការចេញញត្តិគាំទ្របេក្ខភាពនេះ គឺធ្វើឡើងដើម្បីទទួលបានផលប្រយោជន៍ពីលោក។ លោកបញ្ជាក់ថា អ្វីដែលយកជាការបានសម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រី គឺសេចក្តីសម្រេចនៃសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជន។ បន្ទាប់មកអាចនឹងឈានទៅប្រថាប់ត្រាដល់មហាសន្និបាតរបស់គណបក្ស ដែលនឹងដំណើរការនាពេលខាងមុខទៀតផង ដើម្បីក្លាយទៅជាបេក្ខភាពនាយករដ្ឋមន្ត្រី។
លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ៩ ធ្នូ ថាការរៀបចំយុវជនបន្តវេន គឺជាយុទ្ធសាស្ត្រ ឬគោលនយោបាយរបស់គណបក្សនីមួយៗក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្ស។ កម្ពុជាស្ថិតក្នុងរបបរាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ ឬរបបសភានិយម។
លោកថា តាមទិដ្ឋភាពផ្លូវច្បាប់ អ្នកដែលសម្រេចថា អ្នកណាជានាយករដ្ឋមន្ត្រី លុះត្រាតែសភាជាអ្នកសម្រេច។ គណបក្សដែលឈ្នះឆ្នោត មានសិទ្ធិជ្រើសរើស និងតែងតាំងសមាសភាពនាយករដ្ឋមន្ត្រី ហើយសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដែលត្រូវការសំឡេង ៥០ ភាគរយបូក ១ ឬភាគច្រើនដាច់ខាត ផ្អែកលើរូបមន្តបច្ចុប្បន្ន។
លោក រ៉ូ វណ្ណៈ ថ្លែងថា៖ «ប៉ុន្តែទាក់ទងផ្ទៃក្នុងបក្សរបស់គណបក្សកាន់អំណាច ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី វាជាការគិតគូររបស់ប្រមុខបក្សកាន់អំណាចរូបនេះក្នុងការប្រមើលមើលពីអនាគតនៃការដឹកនាំរបស់គណបក្ស។ តែជំហរយ៉ាងណា អាហ្នឹងអាស្រ័យទៅលើយន្តការ និងនីតិវិធីផ្លូវច្បាប់របស់គណបក្សកាន់អំណាច»៕