ភ្នំពេញៈ អាជ្ញាធរខេត្តកំពង់ធំ រកឃើញផ្ទៃដីព្រៃលិចទឹកប្រមាណជាង ១ ម៉ឺនហិកតា ក្នុងតំបន់ ៣ នៃបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំទទួលរងនូវការកាប់ទន្ទ្រាន ខណៈមកដល់ពេលនេះមានអ្នកចូលខ្លួនប្រគល់ដីត្រឡប់មកវិញជាង ២០០ គ្រួសារលើផ្ទៃដីជាង ២ ពាន់ហិកតា។
លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៩ ធ្នូថា មកដល់ពេលនេះ សកម្មភាពរំលោភបំពានថ្មីលើផ្ទៃដីហាមឃាត់ បឹងទន្លេសាប គឺមិនត្រូវបានរកឃើញទៀតនោះទេ។ ប៉ុន្តែតាមរយៈសកម្មភាពចុះត្រួតពិនិត្យរបស់អាជ្ញាធរថ្នាក់ខេត្ត គឺបានរកឃើញផ្ទៃដីព្រៃលិចទឹកក្នុងតំបន់ ៣ ដែលរងការកាប់ទន្ទ្រានប្រមាណ ១ ម៉ឺនហិកតា។
លោកបន្តថា ក្នុងនោះក៏មានប្រជាពលរដ្ឋជាង ២០០ គ្រួសារសម្រេចប្រគល់ដីជាង ២ ០០០ ហិកតា ត្រឡប់មករដ្ឋដោយភ្ជាប់ជាមួយកិច្ចសន្យា បញ្ឈប់ការកាប់ទន្ទ្រាន និងកាន់កាប់ដីរដ្ឋបន្តទៀត ខណៈផ្ទៃដីជាង ៣ ៥០០ ហិកតា ដែលកំពុងជាប់ពាក់ព័ន្ធនឹងបណ្តឹង ៤០ ករណី អាជ្ញាធរកំពុងសហការដើម្បីដកហូតមកវិញ។
លោកបញ្ជាក់ថា៖ «យើងធ្វើការវាស់វែងមិនទាន់ចប់ទេ ព្រោះកន្លែងខ្លះ យើងចុះវាស់វែងមិនទាន់កើត ដោយសារតែទឹកមិនទាន់ស្រក រកបង្គោលព្រំមិនទាន់ឃើញ។ គ្រាន់តែយើងដឹងថា ដីក្នុងតំបន់ ៣ មានជាង ១ ម៉ឺនហិកតា ដែលត្រូវបានរំលោភបំពាន។ យើងអត់បានឃាត់ខ្លួនអ្នកពាក់ព័ន្ធអ្វីថ្មីទេ តាំងពីសម្តេចប្រកាសមក ពួកគាត់ចេញពីដីអស់ហើយ»។
ជាមួយនឹងការរកឃើញនេះ លោក ងួន រតនៈ បានអះអាងបន្ថែមថា វិធានការនានា ត្រូវបានដាក់ចេញក្នុងការហាមឃាត់ធ្វើការដាំដុះ និងផ្អាករាល់សកម្មភាពនានា ដើម្បីធ្វើការដកហូតផ្ទៃដីទាំងនោះត្រឡប់មកវិញ និងឈានទៅរកការដាំដើមឈើឡើងវិញ។
ក្នុងយុទ្ធនាការចុះពិនិត្យ និងចាត់វិធានការបង្ក្រាបការទន្ទ្រានដីព្រៃលិចទឹកជាង ១ សប្តាហ៍ រាជរដ្ឋាភិបាលប្រកាសថា បានរកឃើញផ្ទៃដីដែលបានរំលោភបំពានក្នុងតំបន់ ៣ និងសម្រេចដកហូតត្រឡប់មកវិញជិត ៣ ម៉ឺនហិកតា ពីក្នុងភូមិសាស្ត្រខេត្តទាំង ៦ ជាប់បឹងទន្លេសាប។ ជាមួយនឹងផ្ទៃដីដែលបានដកហូតទាំងនេះ រដ្ឋបាលជលផលកំពុងត្រៀមកូនឈើរាប់ម៉ឺនដើម ដើម្បីដាំបំពេញលើផ្ទៃដីដែលបានដកហូតត្រឡប់មកវិញ និងអំពាវនាវឱ្យមានការចូលរួមដាំដើមឈើពីពលរដ្ឋផងដែរ។
ដោយឡែកខេត្តកំពង់ឆ្នាំងវិញ អាជ្ញាធរខេត្តនេះបានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយអំពីវិធានការជូនប្រជាពលរដ្ឋឱ្យបញ្ឈប់សកម្មភាពទន្ទ្រានដីព្រៃលិចទឹក ដែលបានដកហូត ក្នុងតំបន់ ៣ នៅឃុំច្រណូករួមនឹងឃុំផ្សេងៗក្នុងស្រុកដទៃទៀតជាបន្តបន្ទាប់ផងដែរ។
លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បាននិយាយថា មិនមែនតែឃុំច្រណូកនោះទេ ដែលត្រូវបញ្ឈប់ការភ្ជួររាស់ដី និងព្រោះស្រូវ ឃុំដទៃទៀតដែល ស្ថិតនៅក្នុងស្រុកកំពង់លែង ស្រុកបរិបូណ៌ និងជលគិរី ក៏ត្រូវបញ្ឈប់ការកាប់ទន្ទ្រានដូចគ្នាដែរ។
លោកបានបញ្ជាក់ថា៖ «ចំណែកប្រជាកសិករ ដែលបានធ្វើការព្រោះស្រូវលើដីជួលពីក្រុមជនខិលខូចកន្លងមក អាជ្ញាធរខេត្តអនុញ្ញាតឱ្យបន្តការថែទាំ និងចាំប្រមូលផលនៅក្នុងអំឡុង ២-៣ ខែខាងមុខទៀត ប៉ុន្តែក៏មិនអនុញ្ញាតឱ្យធ្វើការព្រោះស្រូវថែមថ្មីលើដីនោះឡើយ»។
លោក សាន់ យូ ក៏បានផ្សព្វផ្សាយគោលការណ៍ និងជំរុញឱ្យអ្នកពាក់ព័ន្ធនឹងការបង្កបង្កើនផលនៅក្នុងតំបន់ ៣ ដែលរដ្ឋបានដកហូត អនុវត្តវិធានការចំនួន ២ ចំណុច ដោយកសិករដែលបានដាំ ឬព្រោះស្រូវរួចហើយ គឺអនុញ្ញាតឱ្យនៅថែទាំដំណាំ រហូតដល់ពេលប្រមូលផលសិន ប៉ុន្តែមិនឱ្យដាំថែមប្រដេញទឹកទេ ខណៈកសិករ មិនទាន់បានដាំ ឬព្រោះស្រូវ ដោយសារទឹកមិនទាន់ស្រក ឬដោយប្រការណាមួយ គឺមិនឱ្យចូលក្នុងតំបន់ ៣ តែម្តង។
តាមរយៈសកម្មភាពដែលបានចុះធ្វើការកន្លងមកចាប់ពីថ្ងៃទី ២៩ វិច្ឆិកា ដល់ថ្ងៃទី ៧ ធ្នូ ខេត្តកំពង់ឆ្នាំង គឺមានប្រជាពលរដ្ឋប្រមាណជិត ៣០០ គ្រួសារក្នុងស្រុកចំនួន ៣ មានស្រុកកំពង់លែង ស្រុកជលគិរី និងស្រុកបរិបូណ៌បានចូលខ្លួនប្រគល់ដីព្រៃលិចទឹកជិត ៣ ពាន់ហិកតាត្រឡប់មកវិញ។ នេះបើតាមការអះអាងរបស់អាជ្ញាធរខេត្ត។
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៩ ធ្នូថា បេសកកម្មដែលថ្នាក់ជាតិបានចុះទៅជាបន្តបន្ទាប់ក្នុងខេត្តទាំង ៦ រាប់ចាប់ពីខេត្តកំពង់ឆ្នាំងមុនគេ ហើយបន្តទៅបញ្ចប់បេសកកម្មក្រោយគេនៅខេត្តសៀមរាប គឺបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ។
លោកបន្តថា ការងារទាំងនោះក៏បានសម្រេចកិច្ចការជាច្រើន ដែលក្រុមការងារថ្នាក់ជាតិនឹងបន្តតាមដានការងារទាំងនេះបន្តទៀត ក្រោយបានដាក់បញ្ជាឱ្យថ្នាក់ខេត្តធ្វើការស្រាវជ្រាវ និងដកហូតដីព្រៃលិចទឹកក្នុងតំបន់ ៣ ជុំវិញបឹងទន្លេសាបត្រឡប់មកវិញ និងវិធានការនានាជាច្រើនទៀត ដើម្បីការពារដីព្រៃលិចទឹកទាំងនេះ៕