ភ្នំពេញៈ រដ្ឋបាលជលផលនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំដល់ប្រជាពលរដ្ឋដែលតែងតែនិយមធ្វើត្រីប្រហុក ឬផ្អក សម្រាប់បរិភោគ អាចរួសរាន់ធ្វើចាប់ពីថ្ងៃទី១២ខែធ្នូនេះតទៅ ស្របពេលដែលការប្រមូលផលនេសាទក្នុងអំឡុងខែនេះ ទទួលបានទិន្នផលច្រើន។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផលចុះថ្ងៃទី ១២ខែធ្នូ ឆ្នាំ ២០២១ បានជម្រាបជូន សាធារណជនឱ្យបានជ្រាបថា «ដោយផ្អែកទៅលើស្ថានភាពនៃរបបទឹកបឹងទន្លេសាប ក្នុងរដូវនេសាទឆ្នាំ២០២១-២០២២ គន្លងដាយត្រីនៅតាមដងទន្លេសាបក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល អាចនេសាទត្រីបានច្រើនបន្តទៀត ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២១ នេះ ប្រសិនបើផ្ទៃមេឃស្រឡះល្អគ្មានភ្លៀងកក់ខែ ឬទទួលរងនូវឥទ្ធិពលព្យុះ»។
ជាមួយគ្នានេះ រដ្ឋបាលជលផលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលនិយមធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ ទុកជាស្បៀងបម្រុងសម្រាប់បរិភោគប្រចាំឆ្នាំជាលក្ខណៈគ្រួសារ ប្រញាប់រួសរាន់ទៅធ្វើប្រហុកផ្អកនៅក្នុងចន្លោះថ្ងៃដែលបានប្រកាសខាងលើនេះ។
ទន្ទឹមនឹងនេះដែរ រដ្ឋបាលជលផល បានស្នើដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ បង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រីបានដោយរលូនតាមការគួរ។
អ្នកស្រី ស៊ុន គន្ធី អាយុ ៣៨ ឆ្នាំ ពលរដ្ឋរស់នៅក្នុងខណ្ឌឬស្សីកែវ ដែលតែងតែធ្វើប្រហុកទុកហូបជាលកល្ខណៈគ្រួសារ បានថ្លែងថា បន្ទាប់ពីទទួលបានព័ត៌មាននេះ រូបគាត់ហើយនិងគ្រួសារក៏បានត្រៀមទៅទិញត្រី សម្រាប់ធ្វើប្រហុកដូចឆ្នាំមុនៗដែរ។
អ្នកស្រីថា «ខ្ញុំធ្វើមួយឆ្នាំៗពី ៣០ទៅ៥០គីឡូប៉ុណ្ណោះ សម្រាប់ទុកហូបក្នុងគ្រួសារ និងចែកប្រជាពលរដ្ឋក្នុងភូមិនៅពេលដែល ពួកគាត់ចង់ទិញ តែខ្ញុំមាន មិនច្រើនទេ បានតែសម្រាប់ហូបប៉ុណ្ណោះ បើថាលក់ឱ្យចំណេញច្រើន គឺមិន បានទេ»។
យ៉ាងនេះក្តី អ្នកស្រីមិនទាន់ដឹងថាតម្លៃត្រីឆ្នាំនេះថោក ឬថ្លៃជាងឆ្នាំមុននោះទេ អាស្រ័យទៅមើលជាក់ស្តែង។
អ្នកស្រីថា៖«បងមិនទាន់ដឹងថាតើ តម្លៃវាយ៉ាងណានោះទេ តែប្រហែលជាអាច នឹង ថ្លៃជាងឆ្នាំមុនៗដោយសារ មើលទៅត្រីមិនសូវសម្បូរដូចពេល មុនទេ»។
បែបនេះក្តី អ្នកស្រី គន្ធី បានបង្ហាញពីការបារម្ភពីទិន្នផលត្រី ប្រហុកនឹងមានការធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំដោយសារទឹកទន្លេ មានការប្រែប្រួល រួមនឹងការប្រែប្រួលអាកាសធាតុ ផងដែរ។
សូមជម្រាបថា កាលពីឆ្នាំ ២០២០ ក្នុងរដូវប្រមូលផលត្រីសម្រាប់ធ្វើប្រហុក ផ្អកត្រូវបានគេកត់សម្គាល់ថា មិនសម្បូរដូចឆ្នាំមុនៗទេ រីឯតម្លៃត្រីក៏ថ្លៃជាងឆ្នាំមុនៗទ្វេដងផងដែរ។ ជាក់ស្ដែងនៅក្នុងវគ្គដំបូងនៃការប្រមូលផលត្រីសម្រាប់ធ្វើប្រហុក ផ្អក ដែលបានប្រព្រឹត្តទៅកាលពីដើមខែធ្នូ នៅឆ្នាំ ២០២០ កន្លងទៅ ត្រីសម្រាប់ធ្វើប្រហុកត្រូវបានគេលក់ក្នុងតម្លៃចន្លោះ ២ ០០០ រៀល ទៅ ៣ ៥០០ រៀល ក្នុង ១ គីឡូក្រាម ខណៈត្រីសម្រាប់ធ្វើផ្អកត្រូវបានគេលក់ក្នុងតម្លៃពី ៨ ០០០ រៀល ទៅ ១២ ០០០ រៀល ក្នុង ១ គីឡូក្រាម៕
វីដេអូ៖