ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ (NC-ESCAP) បានចែករំលែកបទពិសោធការងារអាទិភាពចំនួន ៥ ទាក់ទងនឹងការកៀរគរធនធានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពដែលរាជរដ្ឋាភិបាល បាន និងកំពុងអនុវត្ត ដើម្បីសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ ២០៣០ ពិសេសក្នុងបរិបទជំងឺកូវីដ ១៩ នេះ ដល់តំណាងរដ្ឋាភិបាលចំនួន ៤៥ ប្រទេស ក្នុងតំបន់អាស៊ី និងប៉ាស៊ីហិ្វក។
លោក លី ធុជ បានលើកឡើងបែបនេះក្នុងពេលធ្វើជាអធិបតី បើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការកៀរគរធនធានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព របស់ប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» ដែលរៀបចំឡើងដោយគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហិ្វកនៃអង្គការសហប្រជាជាតិ (UN ESCAP) ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៤-១៥ ខែធ្នូ ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធអនឡាញដោយមានការចូលរួមពីទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងតំណាងរដ្ឋាភិបាលចំនួន ៤៥ ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហិ្វក។
លោកឱ្យដឹងថា សិក្ខាសាលានេះមានគោលបំណងប្រមូលផ្តុំអ្នកជំនាញ និងអ្នកតាក់តែងគោលនយោបាយមកពីប្រទេសដែលមានការអភិវឌ្ឍតិចតួច និងរដ្ឋដែនកោះ ដែលកំពុងអភិវឌ្ឍនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ពិភាក្សាអំពីការកៀរគរធនធាន ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចែករំលែកបទពិសោធ ក្នុងកិច្ចខិតខំប្រឹងប្រែង កៀរគរធនធាន ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោកថ្លែងថា៖ «ក្នុងពេលបើកសិក្ខាសាលានេះ ខ្ញុំបានលើកឡើងអំពីសារៈសំខាន់នៃសិក្ខាសាលានេះ ជាពិសេសនៅក្នុងបរិបទនៃជំងឺកូវីដ ១៩ និងបានចែករំលែកការងារអាទិភាពចំនួន ៥ ទាក់ទងនឹងការកៀរគរធនធាន ដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងអនុវត្ត ដើម្បីសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ ២០៣០»។
លោកឱ្យដឹងថា ការងារទាំងនោះរួមមានទី ១ ប្រែក្លាយការគំរាមកំហែងនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ឱ្យទៅជាឱកាសសម្រាប់កំណែទម្រង់ក្នុងស្រុករបស់ប្រទេសនីមួយៗ ដើម្បីពង្រឹងការប្រកួតប្រជែងសេដ្ឋកិច្ចការបង្កើតបរិយាកាសអំណោយផលសម្រាប់អាជីវកម្ម និងពង្រឹងការប្រមូលចំណូលរបស់រាជរដ្ឋាភិបាល។
ទី ២ លើកកម្ពស់គោលនយោបាយពាណិជ្ជកម្ម និងការសម្របសម្រួលពាណិជ្ជកម្ម ក៏ដូចជាការផ្តល់ការអនុគ្រោះដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធានាថា អត្ថប្រយោជន៍ពីសកលភាវូបនីយកម្ម ត្រូវបានចែករំលែកដោយសមធម៌ តម្លាភាព និងប្រសិទ្ធភាព។
ទី ៣ បន្តពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ពិពិធកម្ម និងនវានុវត្តន៍ ក៏ដូចជា លើកកម្ពស់តួនាទី និងថាមវន្តរបស់វិស័យឯកជន ក្នុងការបំពេញតម្រូវការហិរញ្ញប្បទានដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដោយផ្តល់នូវការលើកទឹកចិត្តក្នុងគោលបំណងជំរុញការវិនិយោគឯកជន និងលំហូរទុនទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសការជំរុញការវិនិយោគដោយផ្ទាល់ពីបរទេស និងយន្តការភាពជាដៃគូរដ្ឋ និងឯកជន។
ទី ៤ ធានាបន្តផ្តល់ជំនួយពីអន្តរជាតិ ជាពិសេសជំនួយហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍន៍សំដៅឆ្ពោះទៅរកនិរន្តរភាពនៃសម្ទុះក្នុងកំណែទម្រង់សម្រាប់របៀបវារៈឆ្នាំ ២០៣០។
ទី ៥ បន្តពង្រឹងភាពជាម្ចាស់នៃប្រទេសកំពុងអភិវឌ្ឍន៍ដោយការកសាងភាពជាដៃគូ រវាងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលរួមទាំងទ្វេភាគី ពហុភាគី វិស័យឯកជន និងវិស័យផ្សេងៗទៀត។ លើសពីនេះត្រូវតែធានាឱ្យមានតម្លាភាព និងគណនេយ្យភាពរវាងគោលនយោបាយរបស់ដៃគូអភិវឌ្ឍន៍ ទាំងទ្វេភាគី និងពហុភាគី។
លោក លី ធុជ បានបញ្ជាក់ទៀតថា៖ «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណដល់សមាសភាពចូលរួមដែលមកពីប្រទេសនានា ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងដល់ UN ESCAP ដែលបានរៀបចំសិក្ខាសាលានេះ និងតែងតែគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា»។
កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមជាមួយបណ្តាប្រទេសក្នុងតំបន់ និងដៃគូអភិវឌ្ឍន៍នានាក្នុងកិច្ចប្រឹងប្រែងកៀរគរធនធាន និងស្តារឡើងវិញនូវស្ថានភាពសេដ្ឋកិច្ច សង្គម ដើម្បីបន្តសម្រេចឱ្យបាននូវចក្ខុវិស័យរួមគ្នាក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។
បើតាមលោក លី ធុជ លទ្ធផលនៃសិក្ខាសាលាថ្នាក់តំបន់នេះនឹងរួមចំណែក ដល់ការបំពេញគម្លាតចំណេះដឹង និងជាធាតុចូលសម្រាប់តំបន់ ព្រមទាំងជាការចែករំលែកព័ត៌មានអំពីទម្រង់នៃការអភិវឌ្ឍសកល ដែលមានដូចជាការអភិវឌ្ឍនៅក្នុងសម័យកាលកូវីដ ១៩ និងគំនិតផ្តួចផ្តើមនាពេលអនាគត។
សិក្ខាសាលានេះក៏នឹងបង្កើតជាប្រភពចំណេះដឹង និងធាតុចូលរបស់ ESCAP និងបង្កើតជាបណ្តាញអ្នកជំនាញដើម្បីតាមដានលើការងារអភិវឌ្ឍន៍នាពេលអនាគត។
រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតឱ្យមានគណៈកម្មាធិការជាតិអេស្កាប់ (NC-ESCAP) នៅក្នុងឆ្នាំ ២០០៩ ដោយមានបេសកកម្មដើរតួជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងទំនាក់ទំនងរាល់សកម្មភាពការងារជាមួយ UN-ESCAP និងសហប្រតិបត្តិការ ជាមួយក្រសួងស្ថាប័នជាតិ បណ្តាអង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា៕