សៀមរាបៈ កម្ពុជាសម្រេចរៀបចំព្រឹត្តិការណ៍ “រំឭកគុណអង្គរ” ប្រចាំឆ្នាំចាប់ពីឆ្នាំ ២០២២ តទៅដើម្បីបំផុសភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលទស្សនារមណីយដ្ឋានអង្គរឱ្យបានម្តងក្នុង ១ ឆ្នាំ និងដើម្បីរំឭកគុណបុព្វការីជន ព្រះមហាក្សត្រជំនាន់មុនៗដែលបានសាងប្រាសាទបន្សល់ទុកដល់មនុស្សជំនាន់ក្រោយ។
ថ្លែងនៅក្នុងព្រឹត្តិការណ៍ “រំឭកគុណអង្គរ” នៅមុខប្រាសាទអង្គរវត្តកាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានថ្លែងថា ពិធីរំឭកគុណអង្គរនេះប្រារព្ធឡើងដើម្បីអបអរសាទរការដាក់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO នាថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២ ក៏ដូចជា ការរំឭកគុណដល់បុព្វការីជនគ្រប់ជំនាន់ ជាពិសេសព្រះមហាក្សត្រជំនាន់មុនគ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា បន្សល់ទុកជាគុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចដល់ប្រជាជនកម្ពុជាមកទល់បច្ចុប្បន្ន និងពេលអនាគត។
លោកស្រីបានបញ្ជាក់ថាអត្ថន័យសំខាន់ផ្សេងទៀតរបស់ព្រឹត្តិការណ៍នេះ ក្រៅពីលើកស្ទួយពាក្យស្លោក “កម្ពុជាព្រះរាជាអាណាចក្រអច្ឆរិយៈ” ក៏ដើម្បីបង្ហាញនូវមោទនភាពជាតិដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្ត្រយូរលង់ណាស់មកហើយ។
លោកស្រីថា៖ «ជាពិសេស គឺការបង្កើតឱ្យមានយន្តការ ការរំឭកគុណអង្គរប្រចាំឆ្នាំ ចាប់ពីឆ្នាំ ២០២២ ខាងមុខនេះ ក្នុងទិសដៅរួមចំណែកជាមួយផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការធ្វើឱ្យរស់រានឡើងវិញនូវវិស័យទេសចរណ៍កម្ពុជាតាមរយៈការបំផុសឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ១ នាក់ចូលរួមទស្សនាអង្គរ យ៉ាងហោចណាស់ ១ ដង ក្នុង ១ ឆ្នាំពោលគឺទស្សនាហើយ ចង់មកទស្សនាម្តងទៀត»។
លោកស្រីរដ្ឋមន្ត្រីបានបង្ហាញក្ដីសង្ឃឹមថា ការប្រារព្ធពិធីរំឭកគុណអង្គរនេះឡើងក៏នឹងក្លាយជាយុទ្ធនាការជំរុញឱ្យមានការចូលរួមឧបត្ថម្ភគាំទ្របន្ថែមពីវិស័យឯកជន សម្រាប់ជាគុណប្រយោជន៍ដល់កិច្ចការអភិរក្សបេតិកភណ្ឌជាតិដែលនឹងក្លាយជានិមិត្តរូបនៃមិត្តភាព និងសាមគ្គីភាពទាំងជាតិ និងអន្តរជាតិផងដែរ។
លោកស្រីបន្ថែមថា ជាការពិតណាស់ ពិធីរំឭកគុណអង្គរនេះ មិនអាចរៀបចំទៅបានទេប្រសិនបើប្រជាជាតិមិនមានសន្តិភាពពេញលេញដូចពេលបច្ចុប្បន្ននេះដែលជាសមិទ្ធផលដ៏អស្ចារ្យ កើតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាកិច្ចខិតខំប្រឹងប្រែងរបស់ឥស្សរជនផ្សេងៗទៀត។
លោកស្រីបញ្ជាក់ថា៖ «ក្នុងន័យនេះពិធីនេះ ដើម្បីអរគុណដល់សន្តិភាព និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលចាត់ទុកការអភិរក្ស បេតិកភណ្ឌជាតិជាអាទិភាព និងផ្ញើសាររំឭកដល់ជនរួមជាតិឱ្យចូលរួមការពារបេតិកភណ្ឌជាតិ ដើម្បីជាប្រយោជន៍រួម»។
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចលោកស្រី ម៉ែន សំអន បានបង្ហាញពីមោទនភាព និងកិត្តិយសដ៏ធំធេងដែលបានចូលរួមកម្មវិធីរំឭកគុណអង្គរ រួមជាមួយពិធីរំឭកខួបអនុស្សាវរីយ៍ដ៏មានអត្ថន័យ គឺខួបគម្រប់ ២៩ ឆ្នាំនៃការដាក់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO ដ៏អស្ចារ្យនេះ។
លោកស្រីថា៖ «ចាប់ពីពេលចូលជាសម្បត្តិបេតិកភណ្ឌមក ឧទ្យានអង្គរ មិនត្រឹមតែជាសម្បត្តិវប្បធម៌របស់កម្ពុជានោះទេ តែថែមទាំងត្រូវបានពិភពលោកទាំងមូលទទួលស្គាល់ថា ជាសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិ»។
លោកស្រីបានបន្តថា តាមរយៈបេតិកភណ្ឌនេះ ភ្ញៀវទេសចរអាចមើលឃើញសក្ខីកម្មនៃស្នាដៃដ៏អស្ចារ្យរបស់មនុស្ស ជាពិសេសជនជាតិខ្មែរ ដែលជាអ្នកបង្កើតឡើង ប្រកបដោយទេពកោសល្យខ្ពស់ និងបង្ហាញនូវគំរូអស្ចារ្យ និងសិល្បៈទាក់ទងទៅនឹងអរិយធម៌ដ៏ធំសម្បើមនៃប្រជាជាតិមួយនេះ។
បន្ថែមពីនេះ លោកស្រី ម៉ែន សំអន បានបំផុសចលនាពលរដ្ឋឱ្យចេះស្រឡាញ់ និងចូលរួមការពារអង្គរថែរក្សាវប្បធម៌ខ្មែរ និងលើកតម្កើងបេតិកភណ្ឌជាតិ ចៀសវាងឱ្យបានការបំផ្លាញរបស់មនុស្ស និងបំផ្លាញដោយធម្មជាតិ។
ពិធីបុណ្យ “រំឭកគុណអង្គរ” មានរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១៤-១៦ ខែធ្នូ ឆ្នាំ ២០២១ ដែលក្នុងព្រឹត្តិការណ៍នេះក៏មានការរៀបចំពិធីសាសនា និងព្រឹត្តិការណ៍សម្តែងសិល្បៈនានាក្នុងនោះក៏មានល្ខោនស្បែកធំ ដើម្បីបង្ហាញជូនសាធារណជនជាតិ និងអន្តរជាតិបានស្វែងយល់ពីអរិយធម៌ដ៏អស្ចារ្យរបស់ខ្មែរផងដែរ៕