ឧត្តរមានជ័យៈ អាជ្ញាធរក្រុងសំរោង នៃខេត្តឧត្តរមានជ័យ គ្រោងកោះហៅប្រជាពលរដ្ឋដែលទៅកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ ទំហំជាង១០០ហិកតា ធ្វើជាកម្មសិទ្ធិ ដោយខុសច្បាប់នៅចំណុចអូរពីរ ភ្នំគីងគក់ ភូមិរួតចំប៉ី សង្កាត់អូរស្មាច់ មកប្រជុំ និងរកដំណោះស្រាយ មុននឹងចាត់វិធានការផ្លូវច្បាប់។
លោកអ៊ុន សុភ័ក្រ អភិបាលក្រុងសំរោង ថ្លែងនៅថ្ងៃទី១៥ ខែធ្នូថា ចំពោះបញ្ហាប្រជាពលរដ្ឋចូលទៅទន្ទ្រានដីរដ្ឋ នៅចំណុចអូរពីរ ភ្នំគីងគក់ ភូមិរួតចំប៉ី សង្កាត់អូរស្មាច់ បោះព្រំចែកគ្នា ហើយកើតជាជម្លោះ ដែលអាជ្ញាធរសង្កាត់ណែនាំមិនស្តាប់នោះ អាជ្ញាធរក្រុងគ្រោងនឹងកោះហៅមកប្រជុំ ដើម្បីធ្វើការដោះស្រាយតាមសភាពជាក់ស្តែង មុននឹងមានវិធានការច្បាប់។ អាជ្ញាធរក្រុង នឹងឱ្យភាគីពាក់ព័ន្ធទាំងអស់ យកឯកសារផ្លូវច្បាប់ដែលខ្លួនបានកាន់កាប់មកបង្ហាញ ដើម្បីមន្ត្រីជំនាញពិនិត្យមើល និងធ្វើការដោះស្រាយ។
លោកថ្លែងថា៖«មិនថាបុគ្គលនោះជានរណាទេ បើសិនជាយើងរកឃើញកំហុសយើងនឹងចាត់វិធានការទៅតាមសភាពជាក់ស្តែង»។
ទោះយ៉ាណា លោកអ៊ុន សុភ័ក្រ មិនបានបញ្ជាក់ពេលវេលាច្បាស់លាស់ ពីការកោះហៅប្រជាពលរដ្ឋ និងចំនួនពលរដ្ឋប៉ុន្មាននាក់ ដែលពាក់ព័ន្ធក្នុងការទន្ទ្រានដីរដ្ឋនៅចំណុចនោះ មកប្រជុំនៅពេលណាប្រាកដឡើយ។ ព្រោះមានបញ្ហាជាច្រើនដែលអាជ្ញាធរក្រុងកំពុងមមាញឹកក្នុងការដោះស្រាយ ក្នុងនោះមានបញ្ហាខ្លះត្រូវដោះស្រាយបន្ទាន់ និងទៅតាមលំដាប់លំដោយ។ ប៉ុន្តែចំពោះបញ្ហានេះ លោកអភិបាលក្រុង បញ្ជាក់ថា ត្រូវតែធ្វើការដោះស្រាយនិងមិនទុកឱ្យជនខិលខូចបន្តទន្ទ្រានដីរដ្ឋទៀតនោះទេ។
លោកថ្លែងថា៖«យើងមិនមែនមានតែរឿងហ្នឹងមួយទេ ដែលត្រូវដោះស្រាយ។ រឿងខ្លះទៀត ប្រជាពលរដ្ឋ គាត់មានតម្រូវការបន្ទាន់ភ្លាមៗ យើងត្រូវធ្វើការងារហ្នឹងមុនសិន ហើយយើងក៏មិនព្រហើយដែរ ចំពោះរឿងនេះយើងត្រូវតែធ្វើការដោះស្រាយ។ មិនបណ្តោយឱ្យជនខិលខូចបំផ្លាញ ឬរំលោភយកទ្រព្យសម្បត្តិ ក្នុងករណីដែលយើងសិក្សាមើលទៅឃើញថា អាហ្នឹង វាជាដីរដ្ឋនោះទេ»។
លោកអ៊ុក ប៊ុនហេង ចៅសង្កាត់អូរស្មាច់ថ្លែង នៅថ្ងៃទី១៥ ធ្នូ ថា ចំពោះដីរដ្ឋចំនួនជាង១០០ហិកតានោះ ការពិតទីតាំងមានទំនាស់ គឺមានតែប្រមាណ២០ហិកតាប៉ុណ្ណោះ។ ដីរដ្ឋនៅចំណុចអូរពីរ ភ្នំគីងគក់ ភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ជាដីព្រៃឈើរបស់រដ្ឋប្រភេទដីចំណីអូរ បឹង ជ្រោះ និងភ្នំ ដែលអាជ្ញាធរមិនអាចចេញបណ្ណកម្មសិទ្ធិជូនបានទេ។
លោកថ្លែងថា៖«វាជាដីជ្រលងដងអូរ យើងអត់មានសិទ្ធិធ្វើបណ្ណកម្មសិទ្ធិអីឱ្យគាត់បានទេ ហើយពលរដ្ឋចេះតែទៅកាប់រុករានខុសច្បាប់ ព្រោះគាត់មានដីនៅក្បែរនោះ»។
បើតាមលោកចៅសង្កាត់អូរស្មាច់ ដីនៅទីនោះ ពលរដ្ឋបានឈ្លោះដណ្តើមគ្នាយូរណាស់មកហើយ ប៉ុន្តែអាជ្ញាធរសង្កាត់ចុះទៅហាមឃាត់មិនស្តាប់។ បញ្ហាដីធ្លីនៅទីនោះបន្តមកតាំងពីចៅសង្កាត់ចាស់ ដែលធ្លាប់មានការចេញឯកសារឱ្យពលរដ្ឋមួយចំនួន និងមួយចំនួនទៀតមិនមាន។ ទោះយ៉ាងណា លោកបញ្ជក់ថា ក្រោយពេលលោកឡើងកាន់តំណែងជាចៅសង្កាត់ គឺមិនធ្លាប់ចេញឯកសារបញ្ជាក់ជូនបុគ្គលណាឡើយ។
លោកបញ្ជាក់ថា៖«នៅទីតាំងទំនាស់ហ្នឹង គាត់បានដាំចេក ដាំស្វាយ ហើយឈ្លោះគ្នាកាប់បំផ្លាញដំណាំគ្នា ទៅវិញទៅមក។ ហៅមកដោះស្រាយ៣ដង គាត់មិនសុខចិត្ត ហើយបានទៅប្តឹងតុលាការទៀត រហូតដល់អ្នកខ្លះទៅប្តឹងអាជ្ញាធរទៀត ថា អាជ្ញាធរមិនធ្វើប្លង់ឱ្យ»។
លោកលៀង ប៊ុនធូ ប្រជាពលរដ្ឋក្នុងបញ្ហាដីធ្លីនេះ បានអះអាងថា លោកបានធ្វើការកាប់រានដីព្រៃនៅទីនោះ តាំងពីឆ្នាំ២០០៤ មកម្លេះ ប៉ុន្តែនៅពេលដឹងថា ដីនៅតំបន់នេះមានតម្លៃ ក៏ស្រាប់តែឃើញអតីតសមាជិកក្រុមប្រឹក្សាសង្កាត់អូរស្មាច់ យកត្រាក់ទ័រ មកឈូកឆាយ កាប់ទន្ទ្រានដីព្រៃ និងបោះបង្គោលព្រំរបង រំលោភមកលើដីពួកគាត់ ដោយសម្អាងថា ដីមានប្លង់ត្រឹមត្រូវ។
លោកប៊ុនធូប្រាប់ថា ធ្លាប់បានទៅសុំធ្វើប្លង់កម្មសិទ្ធិ ប៉ុន្តែអាជ្ញាធរមិនយល់ព្រម បែរជាដីដែលនៅជាប់ក្បែរនោះបែរជាមានប្លង់ទៅវិញ។ លោកថា មានប្រជាពលរដ្ឋនៅទីនោះជាច្រើនគ្រួសារទៀតទន្ទ្រានលើដីចំណីអូររបស់រដ្ឋ ដោយកន្លែង។ អ្នកខ្លះមានប្លង់និងខ្លះទៀតមិនមានប្លង់ ក្នុងនោះក៏មានគ្រួសារកងទ័ពផងដែរ។
លោកនិយាយថា៖«ដំបូងខ្ញុំភ័យដែរ ឃើញគេមានប្លង់មានអី ប៉ុន្តែក្រោយមកទើបដឹងថា ប្លង់គេធ្វើខ្លួនឯង ទើបលែងសូវភ័យ ហើយឥឡូវស្ងាត់ទៅៗរង់ចាំមើលក្រុងគេដោះស្រាយ ប៉ុន្តែដីកា ឬលិខិតអញ្ជើញអីអត់ទាន់ឃើញ»។
លោកនិត សុវណ្ណារ៉ា ជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់អូរស្មាច់ អះអាងថា ដីនៅតំបន់ទីនោះលោកបានកាន់កាប់តាំងពីឆ្នាំ២០០៤ និងបានប្រគល់ឱ្យកូននៅឆ្នាំ២០១៤ ដោយមានអាជ្ញាធរសង្កាត់ចេញឯកសារកាន់កាប់ត្រឹមត្រូវតាមច្បាប់ ហើយថា លោកមិនបានកាប់រានទន្ទ្រានដីចំណីអូររបស់រដ្ឋនោះទេ។ ប៉ុន្តែអ្នកល្មើសមករំលោភបំពានយកដីរបស់លោក ដោយដាំចេក ទើបលោកដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ដើម្បីដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់តែម្តង ដោយមិនបានប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ចឱ្យដោះស្រាយក្រៅប្រព័ន្ធតុលាការនោះទេ។
លោកថ្លែងថា៖«យើងតស៊ូផ្លូវច្បាប់ឱ្យវែកញែករកខុសរកត្រូវឱ្យ ហើយគាត់ធ្វើអីធ្វើទៅ។ បើគាត់នៅតែដាំ នៅតែបន្តទន្ទ្រានមកដីខ្ញុំទៀត ក៏ធ្វើទៅ សំខាន់ឯកសារផ្លូវច្បាប់»៕