
រូបភាពរថយន្តដឹកកម្មករដែលត្រូវបានបង្ហាញក្នុងវេទិកាពីថ្ងៃទី ១៥ ធ្នូ។ ហ៊ាន រង្សី
ភ្នំពេញៈ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិលរួមគ្នាធ្វើវេទិកាថ្នាក់និពន្ធនាយកសារព័ត៌មានស្តីពី “ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករនិយោជិតនៅកម្ពុជា” ដើម្បីលើកពីបញ្ហាប្រឈម និងដាក់ចេញយុទ្ធសាស្ត្រក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
វេទិកានេះ ធ្វើឡើងកាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ ក្នុងគោលបំណងបង្ហាញនូវព័ត៌មាន ភ័ស្តុតាង និងអនុសាសន៍ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជាតាមរយៈការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការផ្តល់ព័ត៌មានឱ្យដល់កម្មករបានទូលំទូលាយបន្ថែមទៀត។
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលោកស្រី មឹន មាណវី បានថ្លែងថា ទោះបីជារាជរដ្ឋាភិបាលតាមរយៈស្ថាប័ននានា និងដៃគូពាក់ព័ន្ធដាក់ចេញយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្តី ប៉ុន្តែបញ្ហានេះនៅតែជាក្តីបារម្ភ។
លោកស្រីបានវាយតម្លៃខ្ពស់ ចំពោះវេទិកានេះដែលបង្ហាញឱ្យឃើញថា ភាគីពាក់ពន្ធនៅតែបន្តយកចិត្តទុកដាក់លើបញ្ហានេះហើយដោះស្រាយរួមគ្នា ដើម្បីសង្គ្រោះជីវិតពលរដ្ឋ ជាពិសេសកម្មករនិយោជិតដែលនៅបន្តរងគ្រោះថ្នាក់ចរាចរណ៍។
លោកស្រីថា៖ «វេទិកាថ្ងៃនេះគឺជាពង្រឹងទំនាក់ទំនងសំដៅបន្តរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនសកម្មភាពរួមរវាងអ្នកពាក់ព័ន្ធឈានទៅធ្វើឯកសារឡើងនូវសុវត្ថិភាពក្នុងការធ្វើដំណើរទៅមកបំពេញការងាររបស់កម្មករនិយោជិតវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង តាមរយៈការបង្ហាញ ពិភាក្សា ការផ្លាស់ប្តូរយោបល់ទៅវិញទៅមក»។
លោកស្រី សង្ឃឹមថា វេទិកានេះនឹងផ្តល់នូវគុណប្រយោជន៍ពាក់ព័ន្ធនឹងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងផលប៉ះពាល់អាក្រក់ក៏ដូចជា អាចជួយសង្គ្រោះអាយុជីវិត និងលើកកម្ពស់សុខុមាលភាពកម្មករនិយោជិតក្នុងការធ្វើដំណើរបំពេញការងារទៅមក។
នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា លោក គឹម បញ្ញា បានថ្លែងថា តាមរយៈការសិក្សាស្រាវជ្រាវកន្លងមក បញ្ហាប្រឈមរបស់កម្មករអំឡុងពេលធ្វើដំណើរ ដោយសារកត្តាចំណេះដឹង ខ្វះប្រុងប្រយ័ត្ន ជាពិសេសកត្តាយានជំនិះដឹកកម្មករដែលខ្វះបច្ចេកទេស។
លោកបន្តថា ក្នុងន័យនេះលោកកំពុងសិក្សាស្រាវជ្រាវជាមួយស្ថាប័នពាក់ព័ន្ធដើម្បីអនុវត្តគម្រោងលើកកម្ពស់សុវត្ថិភាពចរាចរណ៍របស់កម្មករដែលកម្មវិធីនេះមានរយៈពេល ៣ ឆ្នាំចាប់ពីខែធ្នូ ឆ្នាំ ២០១៩ រហូតដល់ ខែវិច្ឆិកា ឆ្នាំ ២០២២ ។
លោកថា៖ «សកម្មភាពយើងផ្តោតសំខាន់គោលដៅទៅលើ ៣០ រោងចក្រនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនដោយធ្វើការវិវឌ្ឍការសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយ ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធទាំងអ្នកបញ្ជាទិញ និងជួបផ្ទាល់ជាមួយរោងចក្រគោលដៅរបស់យើង»។
លោកក៏បានបញ្ជាក់ថា តាមរយៈគម្រោងនេះនឹងធ្វើការដោយផ្ទាល់ជាមួយរោងចក្រគោលដៅ ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូររថយន្តដឹកកម្មករឱ្យស្របទៅតាមលក្ខណៈបច្ចេកទេស និងកែលម្អហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។
អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានថ្លែងថា ការអនុវត្តតួនាទីភារកិច្ចរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការចូលរួមចំណែកនៃការផ្សព្វផ្សាយព័ត៌មាននូវបញ្ហានេះពិតជាដើរតួយ៉ាងសំខាន់ ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមទៀត។
លោកថា៖ «យើងឃើញថាវិស័យព័ត៌មានបានដើរតួក្នុងការរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋស្ទើរគ្រប់វិស័យ ក្នុងនោះលើកកម្ពស់សុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋនិយាយជារួម និងនិយាយដោយឡែកគឺក្នុងចំណោមកម្មករនិយោជិត»។
លោកបានបន្ថែមថា កន្លងមកក្រសួងព័ត៌មានដែលជាស្ថាប័នរដ្ឋបានខិតខំប្រឹងប្រែងផលិតស្ប៉ត និងផ្សព្វផ្សាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ហើយមានការចូលរួមពីស្ថាប័នសារព័ត៌មាន និងពីវិស័យឯកជនផងដែរ។
លោក នាក់ ហេង ប្រធានសមាគមដឹកជញ្ជូន និងការងារក្រៅប្រព័ន្ធបានថ្លែងថា មូលហេតុដែលកម្មករនៅតែជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសាររថយន្តដឹកកម្មករមានការកែច្នៃខុសបច្ចេកទេស។
លោកថា៖ «កត្តាបញ្ហាធំផុតគឺការផ្លាស់ប្តូររថយន្តដឹកទំនិញទៅជារថយន្តដឹកកម្មករព្រោះម្ចាស់រថយន្តភាគច្រើនខ្ចីលុយធនាគារទិញរថយន្តដឹកទំនិញយកទៅកែច្នៃ ដូច្នេះឡានមានភាពប្រឈមច្រើន»។
យោងតាមការសិក្សាស្រាវជ្រាវរបស់អង្គការមូលនិធិបង្ការរបួសអាស៊ីចេញផ្សាយក្នុងខែមិថុនា ឆ្នាំនេះបានឱ្យដឹងថា ក្នុងឆ្នាំ ២០២០ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំពោះកម្មករនិយោជិតមានចំនួន ២ ២០៦ លើក ស្មើនឹង ១៨៣ លើកក្នុង ១ ខែ ក្នុងនោះកម្មករនិយោជិតចំនួន ៣០ នាក់បានស្លាប់ និង ៤៦៧ នាក់បានរងរបួសក្នុងករណីចរាចរណ៍។
របាយការណ៍បន្តថា «ការសិក្សាស្រាវជ្រាវមួយចំនួនបង្ហាញថា ៣០ ភាគរយនៃរថយន្តដែលប្រើប្រាស់សម្រាប់ដឹកជញ្ជូនកម្មករ មិនបានចុះបញ្ជីហើយ ៧៣ ភាគរយនៃអ្នកបើកបរដែលបានតបសម្ភាសបានលើកឡើងថា រថយន្តរបស់ពួកគេ ផ្ទុកកម្មករលើសចំណុះជាញឹកញាប់ អាចស្មើនឹង ២ ដងនៃសមត្ថភាពទម្ងន់ផ្ទុក»៕