
ប្រជាពលរដ្ឋសែងត្រីសម្រាប់ធ្វើប្រហុកនៅស្រុកពញាឮ ខេត្តកណ្ដាល កាលពីថ្ងៃទី១៤ ខែធ្នូ។ មន្ត្រីជំនាញរដ្ឋបាលជលផលបានឱ្យដឹងថា ទិន្នផលរដូវត្រីប្រហុកប៉ុន្មានថ្ងៃនេះ ហាក់មានការថមថយបន្ដិច។ ហុង មិនា
ភ្នំពេញៈ សកម្មភាពនេសាទត្រីនៅក្នុងបឹងទន្លេសាប សម្រាប់ធ្វើប្រហុកនៅក្នុងរដូវធ្វើប្រហុកនៅក្នុងខែធ្នូនេះ បានបង្ហាញឱ្យដឹងថា ផលនេសាទត្រីបានធ្លាក់ចុះជាងឆ្នាំមុនបន្តិច បើប្រៀបទៅក្នុងរដូវដូចគ្នាកាលពីឆ្នាំ ២០២០ ដោយហេតុអេកូឡូស៊ី ទឹកតូច និងត្រីមិនសូវបន្តពូជព្រោះកត្តាប្រែប្រួលអាកាសធាតុ។
លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាលបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា៖ «ក្នុងរយៈពេលរដូវប្រមូលត្រីប៉ុន្មានថ្ងៃមកនេះ យើងមើលឃើញថា ទិដ្ឋភាពជារួមទិន្នផលត្រីប្រហុកឆ្នាំនេះប្រហាក់ប្រហែលឆ្នាំមុន គ្រាន់តែថយចុះបន្តិច ដូច្នេះខ្ញុំអាចវាយតម្លៃរួមថា ការថយចុះបន្តិចនេះ ដោយសារអេកូឡូស៊ី ទឹកតូច និងកត្តាប្រែប្រួលអាកាសធាតុ នាំឱ្យត្រីមិនសូវបន្តពូជ»។
លោក សុភារិទ្ធិ ថ្លែងថា ការប្រមូលផលនេសាទមានការធ្លាក់ចុះបន្តិច ប៉ុន្តែទិន្នផលត្រីឆ្នាំនេះ នៅតែអាចផ្គត់ផ្គង់ទៅដល់អ្នកធ្វើប្រហុក ផ្អក និងទឹកត្រីបានគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ព្រោះការប្រមូលផលនេសាទបានច្រើន នៅចន្លោះថ្ងៃទី ១២-១៤ ខែធ្នូ ទោះជាយ៉ាងណាការប្រមូលផលនេសាទត្រីចាប់ផ្តើមថយចុះប្រមាណ ៥០ ភាគរយ នៅថ្ងៃទី ១៥ ខែធ្នូ។
លោកថា៖ «ត្រីនៅជួរខាងលើក្នុងរយៈពេល ២០ ទៅ ៣០ នាទី គេលើកត្រីម្តងបាន ១ តោនដែរ ជាធម្មតានៅខាងលើដើមដៃចាប់បានច្រើន ប៉ុន្តែនៅខាងក្រោមនៅសល់ ៦០០ ទៅ ៨០០ គីឡូ ប៉ុន្តែធ្លាក់ទាបបំផុតនៅផ្នែកខាងក្រោមលើកម្តងក៏បាន ៣០០ គីឡូដែរ។ យើងមិនអាចកំណត់បានថារាល់រដូវប្រមូលផលត្រី មិនមែនសុទ្ធតែបានច្រើននោះទេ គឺអាស្រ័យលើបំផ្លាស់ទីរបស់ត្រីដែរ ព្រោះត្រីធ្វើដំណើរពីបឹងទន្លេសាបឡើងទៅទន្លេមេគង្គលើ គឺធម្មជាតិរបស់វា»។

សកម្មភាពពលរដ្ឋកាត់ក្បាលត្រីធ្វើប្រហុក ក្នុងស្រុកពញាឮ ខេត្តកណ្ដាល។ហុង មិនា
លោកបន្តថា សម្រាប់ខែធ្នូនេះ ការធ្វើត្រីប្រហុកក៏នៅមិនទាន់ពេញលេញដែរ ព្រោះរដូវសម្បូរត្រីប្រហុក ផ្អក និងចាប់ផ្តើមម្តងទៀតនៅខែមករា ខាងមុខនេះ។
លោក សា ឡេះ អាយុជាង ៧០ ឆ្នាំប្រកបរបរនេសាទត្រីតាំងពីឆ្នាំ ១៩៨០ មក បានប្រាប់ភ្នំពេញប៉ុស្តិ៍ដោយអះអាងដូចគ្នានឹងមន្ត្រីជំនាញថា រដូវត្រីត្រូវឆ្នាំនេះមានការថយចុះជាងឆ្នាំមុន ដែល ១ យប់ ១ ថ្ងៃធ្លាប់រកបាន ១ តោន តែបានធ្លាក់មកនៅក្រោម ១ តោនក្នុងរយៈពេលដូចគ្នា។ រីឯតម្លៃវិញក៏មានការថយចុះផងដែរ ដោយឆ្នាំមុនត្រីលក់បានក្នុង ១ គីឡូតម្លៃ ២ ០០០ ទៅ ៤ ០០០ រៀល ប៉ុន្តែឆ្នាំនេះតម្លៃត្រីថោក ក្នុង ១ គីឡូលក់បានតែជាង ១ ០០០ រៀលប៉ុណ្ណោះ។
លោក សា ឡេះ បានថ្លែងថា៖ «មូលហេតុធ្វើឱ្យតម្លៃធ្លាក់ចុះដោយសារបញ្ហាកូវីដ ១៩ ព្រោះពលរដ្ឋដែលធ្លាប់តែឡើងមកពីខេត្តទិញត្រីនៅភ្នំពេញ ខកខានមិនបានមក រីឯនៅផ្សារ មិនសូវមានមនុស្សទិញដែរ»។
យោងតាមមន្ត្រីជលផលបានឱ្យដឹងថា កាលពីដើមខែធ្នូ ឆ្នាំ ២០២០ ក្នុងរដូវប្រមូលផលត្រីសម្រាប់ធ្វើប្រហុក តម្លៃត្រីលក់បានន្លោះ ២ ០០០ រៀល ទៅ ៣ ៥០០ រៀល ក្នុង ១ គីឡូក្រាម ហើយត្រីសម្រាប់ធ្វើផ្អកលក់បានក្នុងតម្លៃពី ៨ ០០០ រៀល ទៅ ១២ ០០០ រៀល ក្នុង ១ គីឡូក្រាម៕
វីដេអូ៖