ភ្នំពេញៈ ជប៉ុន​ប្រកាស​ផ្ដល់ជំនួយ​វ៉ាក់សាំង AstraZeneca ប្រមាណ​ ៣០ ​ម៉ឺនដូស​បន្ថែមទៀត​ដល់​កម្ពុជា ដែល​នឹងត្រូវ​ដឹកជញ្ជូន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​ ១៩ ធ្នូ ក្រោម​ការរៀបចំ​ភ័ស្តុភារ​ដោយ COVAX Facility និង​គាំទ្រ​ដោយ​អង្គការ​យូនីសេហ្វ និង​អង្គការ​សុខភាព​ពិភពលោក​។

វ៉ាក់សាំង​ដែល​ត្រូវ​បានផ្ដល់​អាជ្ញាប័ណ្ណ​ផលិត​ក្នុងប្រទេស​ជប៉ុន ប្រមាណ​ ៣០ ​ម៉ឺនដូស​នេះ គឺជា​ការបន្ថែម​ពីលើ​វ៉ាក់សាំង​ប្រមាណ​ ១ ​លានដូស​ដែល​រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ដល់​កម្ពុជា​រួចហើយ​។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ថ្លែង​នា​ថ្ងៃទី​ ១៦ ធ្នូ ថា​៖ «​ការសម្រេច​នេះ ធ្វើឡើង​ស្របតាម​ចំណងមិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា​។ ខ្ញុំ​សង្ឃឹមថា ជំនួយ​នេះ​នឹង​រួមចំណែក​បន្ថែមទៀត ដល់​ជំហាន​ឆ្ពោះទៅរក​ការងើបឡើង​វិញ​នៃ​សង្គម និង​សេដ្ឋកិច្ច​ក៏ដូចជា​កាត់បន្ថយ​ការព្រួយបារម្ភ​មួយចំនួន​របស់​ប្រជាជន​កម្ពុជា​»​។

លោក​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ប្រឈមមុខ​នឹង​ការរីករាលដាល​នៃ​មេរោគ​ឆ្លង​ថ្មី​ដែល​ពិភពលោក​កំពុង​ជួបប្រទះ​នេះ ការចាក់​វ៉ាក់សាំង និង​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​គឺជា​អាទិភាព​ចម្បង សម្រាប់​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​។

មកទល់​ពេល​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​ផ្ដល់​ជំនួយ​ផ្នែក​សុខាភិបាល​សរុប​ប្រមាណ​ជាង​ ៦០ ​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា ដែល​រួមមាន​ការផ្ដល់​បរិក្ខារ​ពេទ្យ ការកែលម្អ​មន្ទីរពេទ្យ ការគាំទ្រ​តាមរយៈ​អង្គការ​អន្តរជាតិ​នានា សម្រាប់​វិធានការ​ទប់ស្កាត់​ការចម្លង​ជំងឺ​តាម​ព្រំដែន​ក៏ដូចជា​ការផ្ដល់​បរិក្ខារ​សម្រាប់​ដឹកជញ្ជូន និង​រក្សាទុក​វ៉ាក់សាំង​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ថ្លែងថា រដ្ឋាភិបាល​ជប៉ុន​ក៏​បាន​ផ្ដល់​ជា​កម្ចី​ប្រមាណ ២២៧ ​លាន​ដុល្លារ​អាមេរិក ដែល​ត្រូវបាន​យកទៅ​ប្រើប្រាស់​ក្នុង​ការគាំទ្រ​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​ដែល​រង​ផលប៉ះពាល់ ​ដោយសារ​កូវីដ​ ១៩ និង​សម្រាប់​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​។

លោក Masahiro ថ្លែងថា​៖ «​ខ្ញុំ​ក៏​សូម​ឆ្លៀត​ក្នុងឱកាស​នេះ​សម្ដែង​នូវ​ការគោរព​ដ៏ខ្ពង់ខ្ពស់​ចំពោះ​អ្នកជំនាញ​សុខាភិបាល និង​មន្ត្រី​រដ្ឋាភិបាល​ទាំងអស់​ដែល​កំពុងតែ​ចាត់វិធានការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​ ១៩ ហើយ​ខ្ញុំ​ក៏​សូម​បួងសួង​ជូនពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាននិង​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​ប្រឈម​នឹង​ស្ថានភាព​ដ៏លំបាក​នេះ​»​។ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ប្រទេស​ជប៉ុន នឹង​បន្ត​សហការ​ និង​ធ្វើការ​រួមគ្នា​ជាមួយ​កម្ពុជា​ដែលជា​មិត្ត​ដ៏សំខាន់​របស់​ជប៉ុន​។ លោក Masahiro សង្ឃឹមថា ស្ថានភាព​សកលលោក​រួមទាំង​កម្ពុជា​នឹង​អាច​ល្អប្រសើរ​ឡើងវិញ ក្នុងពេល​ដ៏ឆាប់​ខាងមុខ​ហើយ​ការផ្លាស់ប្ដូរ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​ក៏ដូចជា​ក្នុង​ពិភពលោក​នឹង​អាច​ចាប់ផ្តើម​ឡើងវិញ​។

ដោយឡែក នៅ​ថ្ងៃទី​ ១៦ ធ្នូ​ក្រសួង​សុខាភិបាល​បានចេញ​សេចក្តី​ណែនាំ​ឱ្យ​មូលដ្ឋាន​សេវា​សុខាភិបាល​ឯកជន​ត្រូវ​ប្រើប្រាស់​ប្រព័ន្ធ​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​​កូវីដ​ ១៩ ដែលជា​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ជាតិ​តែមួយ ដែល​បច្ចុប្បន្ន​កំពុង​ប្រើប្រាស់​ និង​គ្រប់គ្រង​ដោយ​គណៈកម្មការ​ចំពោះ​កិច្ច​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ (​គវក-១៩) ​ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង ទិន្នន័យ និង​ផ្ទៀងផ្ទាត់​តំណភ្ជាប់​ទៅ​កាត និង​វិញ្ញាបនបត្រ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​។

ការអនុវត្ត​បែបនេះ​គឺ​ដើម្បី​ធានា​ឱ្យ​ការកត់ត្រា​ទិន្នន័យ​អំពី​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ និង​ការចេញ​កាត​ចាក់​វ៉ាក់សាំង​កូរីដ​ ១៩ ដោយ​មូលដ្ឋាន​សេវា​សុខាភិបាល​ឯកជន​ធ្វើឡើង​ក្នុង​ស្តង់ដា​តែមួយ និង​ចៀសវាង​ការលេចចេញ​នូវ​ការកត់ត្រា និង​ការចេញ​កាត​ចាក់​វ៉ាក់សាំង​ច្រើន​ប្រភេទ ដែល​អាច​ធ្វើឱ្យ​មាន​ការពិបាក​ក្នុង​ការទទួលស្គាល់​នូវ​កាត​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​។

ក្រសួង​សុខាភិបាល​បាន​ណែនាំ​ឱ្យ​មូលដ្ឋាន​សេវា​សុខាភិបាល​ឯកជន​ត្រូវ​ប្រើប្រាស់​កាត​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដែល​រៀបចំ និង​បោះពុម្ព​ដោយ​ក្រសួងសុខាភិបាល និង​ត្រូវ​ផ្ទៀងផ្ទាត់ និង​កត់ត្រា​ព័ត៌មាន​អ្នក​មកចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ឱ្យបាន​ច្បាស់លាស់ និង​ត្រឹមត្រូវ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​ចាក់​វ៉ាក់សាំង​​កូវីដ​ ១៩៕