ភ្នំពេញៈ មេបញ្ជាការ​កងទ័ព​ជើងគោក​កម្ពុជា និង​រុស្ស៊ី​គ្រោង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ (MoU) ស្តីពី​កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​ជើងគោក​កម្ពុជា-រុស្ស៊ី​នៅ​ឆ្នាំ ២០២២ ដើម្បី​ជំរុញ​សន្ទុះ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​។

ការប្រកាស​គម្រោង​ចុះ MoU នេះ​ធ្វើឡើង​ក្នុង​ជំនួប​កាលពី​ថ្ងៃទី​ ១៦ ធ្នូ រវាង​លោក ហ៊ុន ម៉ាណែត អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក និង​លោក Nikolai Patrushev លេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ​នៃ​សហព័ន្ធរុស្ស៊ី ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រុមប្រឹក្សាសន្តិសុខ​រុស្ស៊ី​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ពីថ្ងៃ​ទី​ ១៤ ​ដល់​ថ្ងៃទី​ ១៦ ធ្នូ​។

សេចក្តី​ប្រកាស​ព័ត៌មាន​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ បានឱ្យដឹង​នៅ​ថ្ងៃទី​ ១៧ ធ្នូ ថា​៖ «​នៅ​ឆ្នាំ​ ២០២២ ខាងមុខ​នេះ មេបញ្ជាការ​កងទ័ព​ជើងគោក​នៃ​ប្រទេស​ទាំងពីរ [​កម្ពុជា-រុស្ស៊ី​] ក៏​គ្រោង​នឹង​ជួបគ្នា​ម្តងទៀត ដើម្បី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ (MoU) ស្តីពី​កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​ជើងគោក​កម្ពុជា-រុស្ស៊ី ដែលជា​មូលដ្ឋាន​ដ៏សំខាន់​ក្នុង​ការជំរុញ​សន្ទុះ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដកស្រង់​សំដី​លោក ហ៊ុន ម៉ាណែត ថ្លែង​ក្នុងជំនួប​នេះ ថា ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​វិស័យ​យោធា កំពុង​ត្រូវបាន​ពង្រឹង និង​ពង្រីក​ឥតឈប់ឈរ ក្នុង​ស្មារតី​មិត្តភាព​ជា​ប្រពៃណី ជាមួយ​នឹង​ការគោរព​ជឿទុកចិត្ត​គ្នា និង​ជួយ​គ្នា​ទៅវិញ​ទៅមក​គ្រប់​កាលៈទេសៈ តាំងពី​អតីតកាល​រហូត​មក​ដល់​បច្ចុប្បន្ន​។

ប្រភព​ដដែល​ដកស្រង់​សំដី​លោក Patrushev ថា​ការអភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​ផ្នែក​យោធា​រវាង​ប្រទេស​ទាំងពីរ គឺ​មាន​សក្តានុពល​ជា​វិជ្ជមាន និង​បានចាត់ទុក​កម្ពុជា​ជា​ដៃគូ​មាន​ទំនុកចិត្ត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ព្រមទាំង​បានចាត់ទុក​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ គឺជា មូលដ្ឋានគ្រឹះ​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​លោក Patrushev បានប្រកាស​ការប្តេជ្ញាចិត្ត និង​ការត្រៀមខ្លួន​របស់​រុស្ស៊ី​ក្នុង​ការជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត ជាពិសេស​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ប្រឆាំង​ភេរវកម្ម សន្តិសុខ​ព័ត៌មាន​អន្តរជាតិ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ជាដើម​។

ប្រភព​ដដែល​បាន​ដកស្រង់​សំដី​លោក Oleg Salyukov អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក​រុស្ស៊ី ថ្លែង​ក្នុង​ជំនួប​នេះ​ថា រុស្ស៊ី​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការអនុវត្ត​សកម្មភាព​កិច្ចសហប្រតិបត្តិការ​នានា ជាពិសេស​ការជួយ​ដល់​កងទ័ពជើងគោក​កម្ពុជា​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​លើ​មុខជំនាញ​ផ្សេងៗ​។

នេះ​ជា​ជំនួប​លើក​ទី​ ២ រវាង​លោក ហ៊ុន ម៉ាណែត ជាមួយ​លោក Patrushev និង​លោក Salyukov បន្ទាប់ពី​ជំនួប​លើក​ទី​ ១ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅកាន់​រដ្ឋធានី​ម៉ូស្គូ ប្រទេស​រុស្ស៊ី កាលពី​ឆ្នាំ​ ២០១៩៕