រតនគិរី/ស្ទឹងត្រែងៈ រូបភាពជាលើកដំបូងបង្អស់នៃសត្វឈ្លូសយក្សដែលជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុតនៅប្រទេសកម្ពុជា ត្រូវបានក្រសួងបរិស្ថានបង្ហាញដល់សាធារណជនតាមរយៈហ្វេសប៊ុករបស់ខ្លួននៅថ្ងៃសៅរ៍ទី១៨ខែធ្នូនេះ ក្រោយពីត្រូវបានថតកាលពីខែមីនាកន្លងមកនេះ។
យោងតាមក្រសួងបរិស្ថានបានឱ្យដឹងថា ការសិក្សាស្រាវជ្រាវរបស់ក្រសួងបរិស្ថាន និងអង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិ(FFI) បានផ្តិតយករូបភាពជាលើកដំបូងបង្អស់នៃសត្វឈ្លូសយក្សដែលជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុតនៅប្រទេសកម្ពុជាកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១នៅក្នុងឧទ្យានជាតិវីរៈជ័យ ដែលស្ថិតក្នុងខេត្តរតនគិរី និងស្ទឹងត្រែង។ រូបថតទាំងនោះត្រូវបានថតដោយម៉ាស៊ីនថតរូបស្វ័យប្រវត្តិតាមរយៈគម្រោងចុះសិក្សាស្រាវជ្រាវជីវៈចម្រុះរបស់ក្រសួងបរិស្ថាន និងអង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិ។
ក្រសួងបានបញ្ជាក់ថា៖«ការសិក្សាស្រាវជ្រាវនេះមានគោលបំណងបង្ហាញពីអច្ឆរិយៈនៃលក្ខណៈជីវសាស្ត្ររបស់ឧទ្យានជាតិវីរៈជ័យ ហើយលទ្ធផលទាំងនេះនឹងផ្ដល់ជាទិន្នន័យសម្រាប់ផែនការគ្រប់គ្រងប្រកបដោយនិរន្តរភាពរបស់ឧទ្យានជាតិ»។ ក្រៅពីនេះ ក្រុមការងាររបស់ក្រសួង និងអង្គការជាដៃគូនេះក៏បានកត់ត្រានូវរូបភាពកូនឈ្លូសយក្សដែលជាប្រភេទសត្វដ៏កម្របំផុតជាលើកដំបូងបង្អស់ក្នុងប្រទេសកម្ពុជា។ រូបភាពទាំងនេះបញ្ជាក់ឱ្យឃើញថា ឧទ្យានជាតិវីរៈជ័យជាប្រភពនៃមោទនភាពជាតិនិងត្រូវការការពារសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។
ឧទ្យានជាតិវីរៈជ័យលាតសន្ធឹងលើផ្ទៃដី៣.៣២៥គីឡូម៉ែត្រការ៉េ ស្ថិតក្នុងស្រុកតាវែង និងស្រុកវើនសៃ របស់ខេត្តរតនគិរី ហើយបន្តភ្ជាប់ទៅដល់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងស្ថិតនៅចម្ងាយប្រហែល៦០គីឡូម៉ែត្រ ខាងជើងក្រុងបានលុង ទីរួមខេត្តរតនគិរី។ ឧទ្យាននេះ គឺឧទ្យានដ៏ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ធំជាងនៅទូទាំងតំបន់រួមទាំងប្រទេសឡាវ និងវៀតណាម។ នេះបើយោងតាមរដ្ឋបាលខេត្តរនគិរី។
ប្រភពដដែលបានលើកឡើងថា ឧទ្យាននេះត្រូវបានគេរាប់បញ្ចូលថា ជាតំបន់អភិរក្សធំជាងគេនៅទ្វីបអាស៊ីផងដែរ។ ទីនេះ គឺជាកន្លែងតែមួយគត់ដែលបន្សល់ទុកនូវទ្រង់ទ្រាយដើមនៃប្រព័ន្ធជីវចម្រុះ។ ក្នុងតំបន់នោះ មានដើមឈើខ្លះដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ វាលស្មៅ និងបក្សាបក្សីរាប់រយប្រភេទ និងពពួកថនិកសត្វជាច្រើនប្រភេទទៀត៕