ភ្នំពេញៈ សកម្មភាពក្រុមការងារអាជ្ញាធរទន្លេសាប និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំង៦ជុំវិញបឹងទន្លេសាបបានចុះពិនិត្យស្ថានភាពជាក់ស្តែងបង្គោលព្រំតំបន់៣បានចំនួន៦៥៩បង្គោល លើបង្គោលសរុបចំនួន៨០២ដែលស្មើនឹង៨២,២ភាគរយគិតមកដល់ត្រឹមល្ងាចថ្ងៃទី១៧ខែធ្នូឆ្នាំ២០២១នេះ។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម។
ក្រសួងក៏បានឱ្យដឹងផងដែរថា ក្នុងចំណោមបង្គោល ដែលបានពិនិត្យជាក់ស្តែងចំនួន៦៥៩នោះ មានបង្គោលឈរត្រង់ចំនួន២០៨បង្គោល ដោយបានលាភថ្នាំពណ៌លើក្បាលបង្គោល, លើកតម្រង់បង្គោលទ្រេត ឬដួលចំនួន២០២បង្គោល,ដាំបង្គោលថ្មីចំនួន៤១ និងបង្គោលចំនួន២០៨ ទៀតស្ថិតនៅក្នុងទឹក។ ចំពោះបង្គោលដែលស្ថិតក្នុងទឹកទាំងនោះ ក្រុមការងារនឹងរៀបចំនៅពេលទឹកស្រកបន្តទៀត។ ក្រៅពីនោះ ក្រុមការងារក៏បានដំឡើងប៉ាណូបានចំនួន១០លើផែនការចំនួន៥២ប៉ាណូផងដែរ។
ក្រោយពីមានបញ្ជាពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងមូលដ្ឋានបានចុះធ្វើការស្រាវជ្រាវ, ឃាត់ខ្លួនជនពាក់ព័ន្ធ និងដកហូតដីដែលទន្ទ្រាននៅបឹងទន្លេសាបក្នុងទាំង៦ខេត្ត ដូចជាខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង បន្ទាយមានជ័យ និងកំពង់ធំ។ ក្រៅពីនោះ ពួកគេក៏បាននិងកំពុងតែធ្វើការដាំដើមឈើឡើងវិញជាបន្តបន្ទាប់ផងដែរ។
យោងតាមក្រសួងព័ត៌មានបានឱ្យដឹងថា អាជ្ញាធរខេត្តកំពង់ធំ និងក្រសួងពាក់ព័ន្ធបានចុះដាំកូនឈើនៅព្រៃលិចទឹកជិត៤ម៉ឺនដើមលើដីតំបន់៣នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែនកាលពីថ្ងៃទី១៥ខែធ្នូនេះ។
លោកងួន រតនៈ អភិបាលខេត្តកំពង់ធំបានថ្លែងក្នុងឱកាសនោះថា អាជ្ញាធរខេត្តបានសហការគ្នាជាមួយក្រសួងពាក់ព័ន្ធ មន្ទីរជុំវិញខេត្ត សហភាពសហព័ន្ធ យុវជនកម្ពុជាក្រុង មន្ត្រីរាជការជុំវិញខេត្ត សិស្សានុសិស្ស និងកងកម្លាំងប្រដាប់អាវុធទាំងបីបានដាំដើមត្នោត ដើមឫស្សី និងដើមរាំងរាប់ម៉ឺនដើមនៅលើដីតំបន់៣ ក្រោយពីរដ្ឋបាលខេត្តបានដករហូត ដើម្បីរួមគ្នាបង្កើនព្រៃលិចទឹក ថែរក្សាអភិរក្សព្រៃឈើ ដែលជាជម្រកមច្ឆាជាតិនៅជុំវិញបឹងទន្លេសាបឱ្យសម្បូរដូចដើមឡើងវិញ៕