ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជំហរសារជាថ្មីថា នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាសម្រេចក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង (COC) ឱ្យបាន នៅពេលដែលលោកធ្វើជាប្រធានអាស៊ានឆ្នាំក្រោយ និងជំរុញឱ្យប្រទេសដែលពាក់ព័ន្ធជម្លោះសមុទ្រចិនខាងត្បូងធ្វើការចរចាគ្នា។
ការប្រកាសជំហរបែបនេះធ្វើឡើងក្នុងជំនួបរវាងលោកហ៊ុន សែន និងលោក ដន ប្រាម៉ាត់វីណៃ (Don Pramudwinai) រដ្ឋមន្រ្តីការបរទេសថៃនៅថ្ងៃទី ១៧ ខែធ្នូ នៅវិមានសន្តិភាព។ លោក ហ៊ុន សែន សរសេរក្នុងហ្វេសប៊ុកនៅថ្ងៃដដែលនោះ ថា គោលដៅសំខាន់ដែលត្រូវធ្វើក្នុងនាមជាប្រធានអាស៊ាននោះ គឺការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ធ្វើយ៉ាងណាបើកសេដ្ឋកិច្ច សង្គមកិច្ច និងតភ្ជាប់រវាងប្រជាជននិងប្រជាជននៅអាស៊ាននិងពង្រឹងមិត្តភាព សាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ាន។
ហ្វេសប៊ុកលោកបញ្ជាក់ដែរថា៖ «ជំហររបស់កម្ពុជា ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងនោះ គឺជំរុញការអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាម DOC [សេចក្តីប្រកាសស្តីពីក្រមប្រតិបត្តិសមភាគីសមុទ្រចិនខាងត្បូង] និងឱ្យប្រទេស ដែលមានពាក់ព័ន្ធធ្វើការចរចាគ្នា និងខំប្រឹងប្រែងធ្វើយ៉ាងណា សម្រេច COC ឱ្យបាន»។
ហ្វេសប៊ុកលោក ហ៊ុន សែន លើកឡើងដែរថា លោក ដន ប្រាម៉ាត់វីណៃ ក៏បានអបអរសាទរដល់លោកផ្ទាល់ ដែលបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ បានយ៉ាងជោគជ័យ។ ជាពិសេស បាន «ចាក់ស្រោច» វ៉ាក់សាំងកូវីដ ១៩ដល់ប្រជាជនកម្ពុជាបានជាង «៩០ ភាគរយ» និងអបអរសាទរផងដល់លោកដែលបានអភិវឌ្ឍន៍កម្ពុជា «យ៉ាងឆាប់រហ័ស»។
ហ្វេសប៊ុកដដែលបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសថៃរូបនេះ បានស្វែងយល់ពីលោក ហ៊ុន សែន អំពីគោលដៅ នៃការដឹកនាំអាស៊ាននៅឆ្នាំ ២០២២ ខាងមុខ។
ស្ថានទូតថៃបញ្ជាក់ក្នុងហ្វេសប៊ុក កាលពីថ្ងៃទី ១៧ ធ្នូ ថា លោកហ៊ុន សែន និងលោក ដន ប្រាម៉ាត់វីណៃ បានត្រៀមខ្លួនពង្រឹងទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំង ២។ ថៃក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះកម្ពុជាក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២២។
លោក ដន ប្រាម៉ាត់វីណៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា និងធ្វើជាសហប្រធានជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដឹកនាំកិច្ចប្រជុំលើកទី ១១ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី(JC) រវាងកម្ពុជា និងថៃចាប់ពីថ្ងៃទី ១៦-១៨ ខែធ្នូ នៅរាជធានីភ្នំពេញ។ លោកបានជួបជាមួយលោក ហ៊ុន សែន និងមានជំនួបទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីចំណងទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម នាពេលបច្ចុប្បន្ន ក៏ដូចជាតួនាទីរបស់កម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ ២០២២ ផងដែរ។
លោក ប្រាក់ សុខុន សរសេរនៅលើហ្វេសប៊ុកកាលពីថ្ងៃទី ១៨ ធ្នូ ថា លោក និងលោក ដន ប្រាម៉ាត់វីណៃ បានជួបប្រជុំទ្វេភាគីនិងធ្វើជាសហប្រធានកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ថៃ លើកទី ១១ ប្រកបដោយផ្លែផ្កា។ ផ្អែកលើផលប្រយោជន៍ និងទស្សនវិស័យ រួមជាច្រើន មិត្តភាព និងទំនាក់ទំនង រវាងប្រទេសទាំង២ រមែងបន្តលូតលាស់ និងរីកចម្រើនជាលំដាប់។
លោកសរសេរថា៖ «ខ្ញុំបានឆ្លៀតឱកាស ជូនពរប្រទេសថៃ ទទួលបានជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ ២០២២»។
លោក ហេង គីមគង់ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍ នាថ្ងៃទី ១៩ ធ្នូ ថា វាពិតជាល្អណាស់ដែលលោក ហ៊ុន សែន មានការប្តេជ្ញាចិត្ត និងឆន្ទៈ «យ៉ាងមុតមាំ» ក្នុងការសម្របសម្រួលដល់ការបញ្ចប់ COC។
លោកថ្លែងថា៖ «ក្នុងនាមជាប្រធានអាស៊ាន [ឆ្នាំ ២០២២] និងជារដ្ឋមិនទាមទារនៅក្នុងជម្លោះសមុទ្រចិនខាងត្បូង កម្ពុជាមានជំហរល្អក្នុងការធ្វើជាអ្នកសម្រុះសម្រួលដើម្បីដោះស្រាយបញ្ហានេះ»៕