ភ្នំពេញៈ គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មានបានស្រង់ប្រភពដែលផ្សព្វផ្សាយសារ និងវីដេអូពាក់ព័ន្ធនឹងដំណឹងក្លែងក្លាយ ព័ត៌មានមិនពិត ញុះញង់ បំពុលសង្គម និងជេរប្រមាថថ្នាក់ដឹកនាំសរុបចំនួន ១ ៩៣៨ ករណី ក្នុងឆ្នាំ ២០២១ ដែលករណីនេះ មានការកើនឡើងបន្តិចបន្តួច បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។
របាយការណ៍របស់គណៈកម្មការខាងលើដែលបានចេញផ្សាយនាថ្ងៃទី ១៧ ធ្នូ បានឱ្យដឹងថា ក្នុងចំណោមករណីដែលត្រូវបានរកឃើញទាំងនោះរួមមាន ញុះញង់រិះគន់រាជរដ្ឋាភិបាល និងប្រឌិតបំភ្លៃការពិតចំនួន ១ ០២៣ ករណី ជេរប្រមាថព្រះមហាក្សត្រ និងថ្នាក់ដឹកនាំចំនួន ៨០៩ ករណី ព័ត៌មានមិនពិត និង បំពុលសង្គមចំនួន ១០៦ ករណី។
លោក មាស សុភណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៩ ធ្នូថា នៅក្នុងឆ្នាំ ២០២១ ក្នុងចំណោមប្រភពដែលតែងតែផ្សាយព័ត៌មានមិនពិត ញុះញង់ ជេរប្រមាថខាងលើ គឺមានគណនី ទំព័រ Facebook, Tik Tok, YouTube គេហទំព័រចំនួន ៣៨៣ ដែលសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានទាំងអស់នោះ។
លោកបញ្ជាក់ថា៖ «ការរកឃើញនេះ បើយើងប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ វាមានការកើនឡើងបន្តិចបន្តួច។ ការកើនឡើងនេះយើងពិនិត្យឃើញថា មានគេហទំព័រ ហ្វេសប៊ុក និងប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនទៀត ក៏មានការកើនឡើងផងដែរ...ជាគណនី ដែលយើងកត់សម្គាល់ថា មានភាពសកម្មនៅក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត បំភ្លៃ ញុះញង់ ព័ត៌មានជេរប្រមាថដល់អង្គព្រះមហាក្សត្រ ក៏ដូចជាថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល»។ គណៈកម្មការក៏បាននិងកំពុងពិនិត្យតាមលក្ខណៈបច្ចេកទេសទៅលើប្រភពនៃមធ្យោបាយផ្សព្វផ្សាយទាំងនោះ។
លោក មាស សុភណ្ឌ បានថ្លែងដូច្នេះថា៖ «ជាការពិតការផ្សព្វផ្សាយព័ត៌មានមិនពិត ក្លែងក្លាយ ញុះញង់...ជះឥទ្ធិពលមិនល្អដល់សង្គម សណ្តាប់ធ្លាប់ សន្តិសុខសង្គមនិងជីវភាពឯកជនរបស់ពលរដ្ឋផងដែរ»។
លោកបានបន្តថា ក្រសួងព័ត៌មានតែងតែលើកទឹកចិត្តដល់អង្គភាពសារព័ត៌មាន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឱ្យចូលរួមផ្សព្វផ្សាយតែព័ត៌មានពិត និងមានប្រភពច្បាស់លាស់ ដែលធ្វើយ៉ាងណាឱ្យ ការផ្សព្វផ្សាយនោះ ផ្តល់ផលប្រយោជន៍ដល់សាធារណជន។
លើសពីនោះ ក្រសួងក៏បន្តសហការជាមួយនឹងស្ថាប័នពាក់ពន្ធទាំងអស់ ដើម្បីឱ្យមានការផ្សព្វផ្សាយព័ត៌មានមានបំភ្លឺ និងបកស្រាយឱ្យបានឆាប់រហ័ស និងច្បាស់លាស់ ដើម្បីបន្សាបព័ត៌មានមានក្លែងក្លាយទាំងនោះ។
គណៈកម្មការក៏បានរកឃើញផងដែរ នូវអង្គភាពសារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានចំនួន ១១ អង្គភាពបានផ្សព្វផ្សាយព័ត៌មានបំផ្លើស និងមិនមានការផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ ហើយក៏បានបញ្ជូនករណីចំនួន ៩៩ ទៅក្រុមការងារអន្តរក្រសួង ដើម្បីស្រាវជ្រាវ និងចាត់វិធានការបន្ត។
បន្ថែមពីនោះ គណៈកម្មការក៏បានស្វែងរកកិច្ចសហការពីដៃគូនានាផងដែរ ជាពិសេសអ្នកតំណាងរបស់បណ្តាញសង្គមនីមួយៗ ដើម្បីកំណត់ និងចងក្រង មុខសញ្ញា ដែលផ្សព្វផ្សាយព័ត៌មានមិនពិត។
លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជាបានកត់សម្គាល់ឃើញថា ព័ត៌មានបែបនេះ កើតមានច្រើន ជាពិសេសចាប់តាំងពីពេលមានការផ្ទុះជំងឺកូវីដ ១៩ មក។
លោកបានបញ្ជាក់ថា៖ «ព័ត៌មានក្លែងក្លាយហ្នឹងវាបានក្លាយទៅជាបញ្ហាមួយយ៉ាងធំ ក្នុងសង្គមនាពេលបច្ចុប្បន្ននេះ ដែលធ្វើឱ្យពលរដ្ឋពិបាកនឹងបែងចែកថា អ្វីជាការពិត អ្វីក្លែងក្លាយ ពីព្រោះគាត់អត់មានមូលដ្ឋាននៅក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន...ព័ត៌មានក្លែងក្លាយវារសើប វាងាយធ្វើឱ្យពលរដ្ឋជឿ»។
លោក ប៉ែន បូណា បានលើកឡើងទៀតថា គន្លឹះមួយដ៏សំខាន់ ដើម្បីដោះស្រាយបញ្ហានេះ គឺការបង្រៀនអក្ខរកម្មមេឌៀ (Media Literacy) ទៅដល់យុវជន និងសាធារណជន ឱ្យចេះនូវមូលដ្ឋានគ្រឹះសំខាន់ៗនៃការផ្ទៀងផ្ទាត់ព័ត៌មាន ដូចអ្នកសារព័ត៌មានផងដែរ។ ចំណេះដឹងនេះ អាចឱ្យគាត់មិនទាន់ជឿទៅលើព័ត៌មានដែលគេបានបង្ហោះនោះ ហើយគាត់នឹងធ្វើការផ្ទៀងផ្ទាត់ជាមុនសិន ដូចជា រកប្រភពនៃព័ត៌មានទាំងនោះ អ្នកដែលសរសេរ ឬក៏រកមើលថា តើស្ថាប័នសារព័ត៌មានធំៗ ដែលមានវិជ្ជាជីវៈបានចុះផ្សាយនូវព៌ត៌មានទាំងនោះដែរ ឬទេ?