ភ្នំពេញៈ ចាប់តាំងពី​ផ្ទុះ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ​រហូត ដល់​ចុងឆ្នាំ​ ២០២១ មាន​ពលករ​ខ្មែរ​ត្រឡប់​មកពី​ក្រៅប្រទេស​ចូល​ស្រុក​វិញ​ជាង​ ២៦ ​ម៉ឺន​នាក់ ក្នុង​នោះ​ភាគច្រើន​ត្រឡប់​មកពី​ប្រទេស​ថៃ​។ ​នេះ​បើតាម​លោកស្រី ជូ ប៊ុនអេង អនុប្រធាន​អចិន្រៃ្តយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ.ជ.ប.ជ)​។

ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​អគារ​មណ្ឌល​ទទួល​ពលករ​កំរៀង​ស្ថិត​នៅ​ភូមិ​បឹងរាំង ឃុំ​បឹងរាំង ស្រុក​កំរៀង ​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​ ២០ ខែធ្នូ លោកស្រី ជូ ប៊ុនអេង បាន​លើកឡើង​ថា ក្នុងពេល​ជំងឺ​រាតត្បាល​កូវីដ​ ១៩ បាន​ចាប់ផ្តើម​រាតត្បាត​ដល់​បណ្តា​ប្រទេស​នៅក្នុង​តំបន់​បាន​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច និង​ការងារ-ពលករ ដោយសារ​បណ្តា​រោងចក្រ សហគ្រាស និង​កសិដ្ឋាន ត្រូវ​បាន​បិទ​ស្ទើរ​ទាំងស្រុង ជាពិសេស​ប៉ះពាល់​ខ្លាំង​ដល់​ពលករ​គ្មាន​ជំនាញ និង​ចំណូល​ទាប​។

លោកស្រី​បាន​បន្តថា ក្នុង​គ្រា​នោះ​ដែរ ប្រទេស​ថៃ​បាន​ប្រកាស​បិទ​ព្រំដែន​ក្នុង​ខែមីនា ឆ្នាំ​ ២០២០ បាន​ជំរុញ​ឱ្យ​ពលករ​កម្ពុជា​វិល​ត្រឡប់មក​ប្រទេស​វិញ​យ៉ាង​គគ្រឹកគគ្រេង​នៅតាម​​បណ្តោយ បន្ទាត់​ព្រំដែន​រួមទាំង​ច្រកព្រំដែន​កំរៀង​ផង​។

លោកស្រី​បាន​ថ្លែងថា​៖ «​គិត​មក​ដល់​ចុងឆ្នាំ​ ២០២១ នេះ​ចំនួន​ពលករ​ដែល​ត្រឡប់​ពី​ក្រៅ​ប្រទេស​មាន​រហូតដល់​ជាង ២៦ ​ម៉ឺន​នាក់ ដែល​ក្នុងនោះ​មាន​​ការវិលត្រឡប់​ពី​ប្រទេស​ថៃ​ច្រើនជាងគេ​»​។

លោកស្រី​បានឱ្យដឹងថា បច្ចុប្បន្ន​​ពលករ​ដែល​ត្រឡប់​មក​វិញ​មាន​ការថយចុះ ប៉ុន្តែ​មាន​មួយចំនួន​នៅ​បន្ត​ចាញ់បោក​ជនខិលខូច មេខ្យល់​ដែល​នាំទៅ​ធ្វើការ​នៅ​បរទេស​ខុសច្បាប់​។

លោកស្រី​បាន​បញ្ជាក់ថា​​ដោយ​ហេតុថា ពលករ​កម្ពុជា​បាន​ឆ្លងដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ជិតខាង ជាពិសេស​ប្រទេស​ថៃ​មាន​ចំនួន​ច្រើន​លើសលប់​រហូតដល់​ជាង​ ១ ​លាន​នាក់ ហើយ​តែងតែ​ឆ្លងកាត់​ព្រំដែន​​ទាំង​ផ្លូវការ និង​មិន​ផ្លូវការ មិន​ប្រក្រតី មិន​ទៀងទាត់ ជាហេតុ​នាំឱ្យ​មាន​ការពិបាក​ក្នុង​ការគ្រប់គ្រង និង​ប្រឈម​គ្រោះថ្នាក់​ក្រៃលែង​។

លោកស្រី​ថា​៖ «​ជា​គោលការណ៍​ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ការរៀបចំ​មណ្ឌល​ទទួល​ពលករ​តាម​ច្រកព្រំដែន​សំខាន់ៗ​ដែលមាន​ពលករ​ឆ្លងកាត់​គឺ​ដើម្បី​តាម​គ្រប់គ្រង​រំហូរ​ពលករ​ទេសន្តរប្រវេសន៍ និង​ទទួលខុសត្រូវ​ចំពោះ​សុវត្ថិភាព​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​​បាន​ធ្វើ​ទេសន្តរប្រវេសន៍​ស្វែងរក​ការងារ​ធ្វើ ដើម្បី​ចិញ្ចឹមជីវិត ប៉ុន្តែ​ត្រូវ​ប្រឈម​គ្រោះថ្នាក់​ផ្សេងៗ និង​ត្រូវបាន​អាជ្ញាធរ​បរទេស​បញ្ជូន​ត្រឡប់​មកវិញ ក្នុង​ស្ថាន​ភាពមិនប្រក្រតី​»​។

លោកស្រី ជូ ប៊ុនអេង បានឱ្យ​ដឹងថា ស្ថិតក្នុង​ស្ថានភាព​បច្ចុប្បន្ន មណ្ឌល​ទទួល​ពលករ​កំរៀង ផ្តោត​ការយកចិត្ត​ទុកដាក់​លើ​​ពលករ​វិលត្រឡប់ ដែល​ត្រូវបាន​​បញ្ជូន​មកពី​ប្រទេស​ថៃ​ក្នុង​ស្ថានភាព​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ ដែល​ប្រឈម​នឹង​ភាព​រងគ្រោះ​នៃ​ការឆ្លង​ជំងឺ​នេះ និង​ការខ្វះខាត​ជីវភាព​ផង​។

បើតាម​លោកស្រី ប៊ុនអេង គិតពី​ខែ​សីហា ឆ្នាំ​ ២០២១ មក​នៅ​មណ្ឌល​ទទួល​ពលករ​កំរៀង​បាន​កត់ត្រា​ទិន្នន័យ​ពលករ​ដែល​វិលត្រឡប់​តាម​ច្រក​មិន​ផ្លូវការ​​នៅ​ខ្សែបន្ទាត់​ព្រំដែន​នៅ​ស្រុក​​កំរៀង ខេត្ត​បាត់ដំបង ជាមួយ​ប្រទេស​ថៃ​បាន​ជាង​ ៧០០ ​នាក់​ក្នុង​នោះ​មាន​ស្ត្រី ៣០០ ​នាក់​។

លោកស្រី​ថា តាម​ការរំពឹង​ទុក​មណ្ឌល​នេះ​នឹង​ត្រូវ​រៀបចំ​ដំណើរការ​ឱ្យ​ក្លាយ​ទៅជា​មណ្ឌល​រដ្ឋាភិបាល ដែល​បំពេញ​​ភារកិច្ច​លើកកម្ពស់​សិទ្ធិ និង​ផលប្រយោជន៍​ពលករ​ទេសន្តរ​ប្រវេសន៍ និង​បង្ការ​ទប់ស្កាត់​ភាពរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​​ និង​ការកេងប្រវ័ញ្ច​ក្នុង​ពេលធ្វើ​ទេសន្តរប្រវេសន៍ និង​បាន​ត្រៀមខ្លួន​ដើរតួ​ជា​គំរូ​សម្រាប់​មណ្ឌល​ក្រោយៗ​ទៀត​។

អភិបាលខេត្ត​បាត់ដំបង​លោក សុខ លូ ឱ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​ ១៩ ខែធ្នូ ទិន្នន័យ​ពលករ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​ និង​បាន​ចូលធ្វើ​ចត្តាឡីស័ក​ទាំង​តាម​ច្រកទ្វារ ក្នុង​ខេត្ត​មាន​ចំនួន សរុប ៦៩ ១២២ ​នាក់​ក្នុង​នោះ​បញ្ចប់​ធ្វើ​ចត្តាឡីស័ក​ចំនួន ៦៨ ៧៣៦ ​នាក់ នៅសល់​ក្នុង​មណ្ឌល ៤៩៩ ​នាក់​។

លោក​បន្តថា ក្នុង​រយៈពេល​ប្រទេស​ថៃ​ពុំទាន់​បើក​ច្រកព្រំដែន មន្ត្រី​ពាក់ព័ន្ធ​បាន​ខិតខំ​បំពេញ​​ការងារ​ក្នុង​ការទទួល​ធ្វើ​ចត្តាឡីស័ក​ព្រមទាំង​ផ្តល់​សេវា​ផ្សេងៗ​​ដល់​ពលករ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រដ្ឋបាលខេត្ត​បន្ត​ជួបពិភាក្សា​ជាមួយ​ភាគី​ថៃ​ក្នុង​ការទប់ស្កាត់​ការលួច​ឆ្លងដែន​ខុសច្បាប់​ផងដែរ​។

លោក​ថា​៖ «​ជាក់ស្តែង​បាន​​ទប់ស្កាត់​ពលករ​បម្រុង​ឆ្លងដែន​ខុសច្បាប់​ក្នុង​ឆ្នាំ ២០២១ បាន​​ចំនួន​ ១១០ ​លើក​ក្នុង​នោះ​មាន​ស្រី ៣៩៨ ​នាក់ ក្មេង​ ១០២ ​នាក់ និង​ភាគី​ថៃ​បញ្ជូន​មកវិញ​​ចំនួន ៣៤៥ ​លើក ស្មើនឹង ៥ ៤១២ ​នាក់ ព្រមទាំង​បង្ក្រាប​ការជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ​ចំនួន ១១៩ ​លើក ឃាត់ខ្លួន ១៨៥ ​នាក់​»​។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស លោក មឿន តុលា បាន​ថ្លែងថា មាន​ចរន្ត​ ២ ​ដែល​នាំឱ្យ​ពលករ​ខ្មែរ​វិលត្រឡប់​មកវិញ​គឺ​ដោយសារ​សុពលភាព​​ការងារ​ផុតកំណត់ និង​កត្តា​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក​ថា​៖ «​ទី​ ១ ​ពលករ​ត្រូវ​ពេល​កំណត់​មកវិញ មិនមាន​ចំនួន​ច្រើន​ប៉ុន្មាន​ទេ ទី​ ២ ​ពលករ​​ដែល​មក​ច្រើនជាងគេ​ពាក់ព័ន្ធ​ការបាត់បង់​ការងារ​នៅ​ប្រទេស​​ដែល​គាត់​ធ្វើការ​ភាគច្រើន​នៅ​ថៃ​​ហើយ​ បន្ទាប់មក​ម៉ាឡេស៊ី​ព្រោះ​ក្រុមហ៊ុន​សហគ្រាស​គេ​បិទ​ ឬ​ផ្អាក​ដំណើរការ​ហើយ​ ១ ​ទៀត​អ្នក​ត្រឡប់​មកវិញ​ដោយសារ​​បារម្ភ​ការឆ្លង​ជំងឺ​កូវីដ​ ១៩»៕

វីដេអូ៖