ពោធិ៍សាត់ៈ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ចាត់ទុកបុគ្គលម្នាក់ឈ្មោះ ឱក ពុទ្ធី មានស្វាមីជាជនជាតិអូស្ត្រាលីមានលំនៅ នៅរាជធានីភ្នំពេញ ដែលបានទាមទារកាន់កាប់ដីព្រៃរបស់រដ្ឋទំហំ ៥០ ហិកតាក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ត្រង់ចំណុចស្រែពាំង ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ដើម្បីយកធ្វើជាកម្មសិទ្ធិគឺរឿងខុសច្បាប់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ បានឱ្យដឹងថា ថ្មីៗនេះ បុគ្គលឈ្មោះ ឱក ពុទ្ធី បានចេញមកទាមទារកាន់កាប់ដីធ្លី ថែមទាំងបានធ្វើសកម្មភាពលក់ដូរដីធ្លី និងរៀបចំលិខិតផ្ទេរកម្មសិទ្ធិដីធ្លីក្នុងតំបន់អភិរក្សដោយខុសច្បាប់ដែលទីតាំងដីនេះគឺជាដីព្រៃរបស់រដ្ឋស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ដែលបង្កើតឡើងដោយព្រះរាជក្រឹត្យចុះថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ ហើយបានផ្តល់សមត្ថកិច្ចជូនក្រសួងបរិស្ថានគ្រប់គ្រង និងអភិរក្ស។
សេចក្តីប្រកាសព័ត៌មានបន្តថា នៅឆ្នាំ ២០០៦ អ្នកស្រី ឱក ពុទ្ធី បានទិញដីព្រៃឈើដោយខុសច្បាប់ នៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស គ្រប់គ្រងអភិរក្សដោយក្រសួងបរិស្ថាននិងដីគម្របព្រៃឈើដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយបច្ចុប្បន្នផ្ទៃដីនេះត្រូវបានផ្ទេរការគ្រប់គ្រងមកក្រសួងបរិស្ថានវិញស្ថិតក្នុងរបៀងអភិរក្សជីវចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិមានទំហំ ៥០ (ហាសិប) ហិកតានៅចំណុចស្រែពាំងភូមិសាស្ត្រភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់បន្តថា ជារៀងរហូតមក រដ្ឋបាលខេត្តពោធិ៍សាត់ ក៏ដូចជាមន្ទីរបរិស្ថានខេត្ត ដែលមានកាតព្វកិច្ចការពារដីរដ្ឋ និងអភិរក្សធនធានធម្មជាតិនៅតំបន់ការពារធម្មជាតិ តែងតែចុះមកហាមឃាត់ ការធ្វើសកម្មភាពលើទីតាំងនេះជាច្រើនលើកច្រើនសា។ ជាមួយគ្នានេះ រដ្ឋបាលខេត្តពោធិ៍សាត់ ក៏បានចេញដីកាដកហូតដីនេះកាលពីខែកក្កដា ឆ្នាំ ២០០៩ ហើយក្រសួងបរិស្ថានក៏បានចេញលិខិតលេខ ៤៣៦ សជណ ចុះថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១១ បដិសេធការទាមទារនេះដែរ។
ប្រភពដដែលបញ្ជាក់ទៀតថា ការទាមទារកាន់កាប់ដីស្ថិតនៅចំណុចស្រែពាំង ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ របស់ឈ្មោះ ឱក ពុទ្ធី និងស្វាមីជនជាតិអូស្ត្រាលីពុំស្របតាមច្បាប់ភូមិបាលឆ្នាំ ២០០១ និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិឆ្នាំ ២០០៨ ឡើយ។ ដីទាំងនេះក៏ស្ថិតក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃភ្នំសំកុសដែលការប្រើប្រាស់ដីក្នុងតំបន់ការពារធម្មជាតិ ត្រូវតែមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈដីសម្បទានសង្គមកិច្ច ដីប្រទានកម្ម ឬដីដែលត្រូវបានកំណត់ថា ជាតំបន់សហគមន៍ផ្អែកតាមមាត្រា ១១ ជំពូកទី ៤ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់សរសេរថា «យោងតាមផ្លូវច្បាប់ បុគ្គលឈ្មោះ ឱក ពុទ្ធី គ្មានសិទ្ធិទាមទារដីនេះមកវិញឡើយ ហើយក៏គ្មានសិទ្ធិលក់ដូរ ឬផ្ទេរកម្មសិទ្ធិដីព្រៃរបស់រដ្ឋទៅបុគ្គលណាម្នាក់ឡើយ។ ទង្វើរបស់បុគ្គល ឱក ពុទ្ធី និងស្វាមី ដែលបានព្យាយាមម្តងហើយម្តងទៀត ក្នុងការកាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ហើយថែមទាំងបានប្រើប្រាស់ការគំរាមកំហែងមកលើមន្ត្រីអនុវត្តច្បាប់ថែមទៀត គឺជាទង្វើខុសច្បាប់ទាំងស្រុង និងប្រមាថលើមន្ត្រីរាជការសាធារណៈ»។
លោក ផាន់ សុភារីន នាយកដែនជម្រកសត្វព្រៃភ្នំសំកុស ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ ថា លោកមិនយល់ពីបុគ្គលឈ្មោះ ឱក ពុទ្ធី ដែលមានស្វាមីជាជនជាតិអូស្ត្រាលីចំពោះការទាមទារដីរដ្ឋយកទៅធ្វើជាកម្មសិទ្ធិនេះទេ។
លោកបានបន្តថា ថ្នាក់ដឹកនាំក្រសួងមួយចំនួនដែលបានដឹងរឿងនេះ ប្រាប់ថាពីដើមឡើយ បុគ្គល ឱក ពុទ្ធី នេះបានស្នើសុំដីនេះសម្រាប់ចិញ្ចឹមសត្វគោ ដោយប្រវាស់ជាមួយនឹងប្រជាជននៅក្នុងមូលដ្ឋាន ប៉ុន្តែក្រោយមក បែរជាចង់បានដីនេះយកទៅធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ។
លោកបានបញ្ជាក់ថា៖ «ក្រោយមក ក្រសួងបរិស្ថានបានធ្វើលិខិតមួយទៅរដ្ឋបាលខេត្តពោធិ៍សាត់ ដែលពេលនោះ រដ្ឋបាលខេត្តក៏បានចេញដីកាដកហូតយកដីនោះ ធ្វើជាដីរបស់រដ្ឋវិញ។ តាមច្បាប់គ្មានបុគ្គលណាមួយមានសិទ្ធិយកដីរដ្ឋទៅលក់ដូរនោះទេ»។
បើតាមលោក ផាន់ សុភារីន ក្រសួងបរិស្ថានក៏ដូចជាមន្ទីរបរិស្ថាននឹងចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើបុគ្គល ឈ្មោះ ឱក ពុទ្ធី នៅតែទាមទារយកដីរដ្ឋធ្វើជាកម្មសិទ្ធិ និងមិនស្តាប់ការណែនាំរបស់ក្រសួង។
ទាក់ទងនឹងករណីនេះ ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងអ្នកស្រី ឱក ពុទ្ធី សុំធ្វើអត្ថាធិប្បាយបានទេនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១៕