ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានណែនាំដល់មន្ទីរអប់រំ រាជធានី-ខេត្តគ្រឹះស្ថានមត្តេយ្យសិក្សាព្រមទាំងអ្នកផ្តល់សេវាអប់រំកុមារតូចទាំងអស់ត្រូវចាប់ផ្តើមបើកដំណើរការ គ្រឹះស្ថានមត្ដេយ្យសិក្សា និងសេវាអប់រំកុមារតូចចាប់ពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ ជាផ្លូវការនៅទូទាំងប្រទេស និងបញ្ចប់វិញនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២។
តាមរយៈសេចក្ដីណែនាំរបស់លោក ហង់ជួន ណារ៉ុន នៅថ្ងៃទី ២០ ធ្នូ លើកឡើងថា ឆ្នាំសិក្សាថ្មី ២០២១-២០២២ នេះ ដំណើរការនៃការអប់រំកុមារតូចនៅតែផ្តោតសំខាន់លើការអភិវឌ្ឍផ្នែកទាំង ៥ គឺ សុខភាពរាងកាយ ភាសា បញ្ញា និងការគិត សង្គម និងអារម្មណ៍ និងការអភិវឌ្ឍសីលធម៌ និងវប្បធម៌ដោយផ្អែកលើមុខវិជ្ជា ចិត្តចលភាព វិទ្យាសាស្ត្រ សិក្សាសង្គម បុរេគណិត និងភាសាខ្មែរ។
លោកបន្តថា ដើម្បីសម្រេចបានលទ្ធផលសិក្សារបស់កុមារស្របតាមគោលបំណងនៃកម្មវិធីសិក្សាលម្អិតសម្រាប់មត្តេយ្យសិក្សាឈានឆ្ពោះទៅសម្រេចបានចំណុចដៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០១៩-២០២៣ គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពឆ្នាំ ២០៣០ គឺ «ត្រឹមឆ្នាំ ២០៣០ ធានាថា កុមារី និងកុមារាទាំងអស់ទទួលបានការអប់រំកម្រិតមត្តេយ្យសិក្សាការថែរក្សា ការអភិវឌ្ឍកុមារតូច ប្រកបដោយគុណភាព។ ដូច្នេះពួកគេត្រៀមខ្លួនជាស្រេច សម្រាប់ការអប់រំកម្រិតបឋមសិក្សា»។
ក្រសួងអប់រំបានណែនាំដល់គ្រប់មន្ទីរអប់រំរាជធានី ខេត្ត ការិយាល័យ អប់រំនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ រដ្ឋបាលឃុំ សង្កាត់ និងគ្រឹះស្ថានមត្តេយ្យសិក្សាព្រមទាំងអ្នកផ្តល់សេវាអប់រំកុមារតូចទាំងអស់នូវកិច្ចការសម្រាប់អនុវត្តឆ្នាំសិក្សា ២០២១-២០២២ នេះគឺទី ១ ចំពោះការប្រព្រឹត្តទៅនៃឆ្នាំសិក្សា ឆ្នាំសិក្សាថ្មី ២០២១-២០២២ ត្រូវចាប់ផ្តើមពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ និងបញ្ចប់វិញនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២។
កាលបរិច្ឆេទនៃការបើកបវេសនកាលត្រូវបានកំណត់យកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ ជាកាលបរិច្ឆេទ សម្រាប់ប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២។ ចំណែកការប្រព្រឹត្តទៅនៃវិស្សមកាលសម្រាប់កាលបរិច្ឆេទវិស្សមកាលតូច គឺចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២។ កាលបរិច្ឆេទមហាវិស្សមកាលចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២។
បើតាមសេចក្ដីណែនាំទាក់ទងនឹងការរៀបចំប្រារព្ធពិធីបើកបវេសនកាលនេះ គណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ មត្តេយ្យសិក្សាសហគមន៍ និងអ្នកផ្តល់សេវាអប់រំកុមារតូចទាំងអស់ ត្រូវពិនិត្យលទ្ធភាពក្នុងការរៀបចំប្រារព្ធពិធីបើកជាទ្រង់ទ្រាយធំ មធ្យម ឬតូចតាមជាក់ស្ដែង ដោយកំណត់ជ្រើសរើសទីតាំងប្រមូលផ្តុំគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ មត្តេយ្យសិក្សាសហគមន៍ និងទីកន្លែងផ្តល់សេវាអប់រំកុមារតូចទាំងអស់ ក្នុងរដ្ឋបាលមូលដ្ឋានឃុំសង្កាត់នីមួយៗ សម្រាប់រៀបចំប្រារព្ធពិធីបើកជានិមិត្តរូប។
ការរៀបចំប្រារព្ធពិធីគ្រប់រូបភាព ត្រូវគោរពតាមស្តង់ដាអនាម័យ និងរក្សានូវគម្លាតសង្គមព្រមទាំងគោរពតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP)។ ចំពោះថ្នាក់មត្តេយ្យសិក្សារដ្ឋ និងមត្តេយ្យសិក្សាសហគមន៍ដែលមានទីតាំងស្ថិតក្នុងបរិវេណ និងរចនាសម្ព័ន្ធគ្រប់គ្រងរបស់គ្រឹះស្ថានសិក្សាសាធារណៈណាត្រូវចូលរួមពិធីបើកបវេសនកាលជាមួយគ្រឹះស្ថានសិក្សាសាធារណៈនោះ។
ក្រសួងណែនាំចំពោះការប្រព្រឹត្តទៅនៃគ្រឹះស្ថានមត្តេយ្យសិក្សា និងកន្លែងផ្តល់សេវាអប់រំកុមារតូច ដោយក្នុងពេលប្រព្រឹត្តទៅនៃដំណើរការឆ្នាំសិក្សា គណៈគ្រប់គ្រងគ្រឹះស្ថានមត្តេយ្យសិក្សា និងអ្នកផ្តល់សេវាអប់រំកុមារតូចគ្មានសិទ្ធិបិទគ្រឹះស្ថានសិក្សា និងកន្លែងផ្តល់សេវាអប់រំកុមារតូចដោយគ្មានការអនុញ្ញាតពីក្រសួងអប់រំនោះទេ ទោះបីក្នុងប្រការណាក៏ដោយ។
ប៉ុន្ដែក្នុងករណីប្រធានសក្ដិដូចជា ការឆ្លងជំងឺកូវីដ ១៩ ទឹកជំនន់ ខ្យល់ព្យុះ ជាដើម នាយក នាយិកាសាលារៀន ត្រូវធ្វើរបាយការណ៍បន្ទាន់ជូនក្រសួងអប់រំ ដោយមានការឯកភាពពីការិយាល័យអប់រំនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងមន្ទីរអប់រំរាជធានី ខេត្ត ដើម្បីសុំការអនុញ្ញាតផ្អាកដំណើរការសិក្សាជាបណ្ដោះអាសន្ន តាមសេចក្ដីណែនាំលេខ ២៧ ចុះថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១២ ស្តីពីការអប់រំក្នុងកម្មវិធីសង្គ្រោះបន្ទាន់ដោយផ្តោតលើការរៀបចំទីកន្លែងថ្នាក់រៀនមានសុវត្ថិភាពក្នុងពេលមានទឹកជំនន់ និងសេចក្តីណែនាំលេខ ៦០ ចុះថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២១។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ រាជធានីភ្នំពេញបានឱ្យដឹងថា ការងារលើការរៀបចំបើកបវេនកាល គ្រឹះស្ថានមត្ដេយ្យសិក្សា និងសេវាអប់រំកុមារតូចចាប់ពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ ខាងមុខ គឺមន្ទីរអប់រំ បានរៀបចំរួចរាល់ហើយ ជាមួយភាគីពាក់ព័ន្ធ ក្នុងការត្រៀមខ្លួនបើកដំណើរការឡើងវិញនេះ។
លោកបានថ្លែងថា៖ «អ្វីដែលយើងបានប្រជុំណែនាំគឺយើងបានអនុវត្ដតាមគោលការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល»។
លោក គង់ សំនៀង អគ្គនាយករងនៃ Westline Education Group បានឱ្យដឹងថា សាលារៀនវេសឡាញបង្រៀនសិស្សចាប់ពីថ្នាក់មត្ដេយ្យដល់ថ្នាក់ទី ១២ ក្នុងនោះមានភ្នំពេញចំនួន ១១ ទីតាំង និងខេត្ដបាត់ដំបង ១ ទីតាំង។ ការសម្រេចឱ្យបើកដំណើការគ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាអប់រំកុមារតូចនេះ គឺជាជម្រើសល្អបំផុត ដើម្បីធ្វើយ៉ាងណាផ្ដល់ការអប់រំ ការសិក្សាដល់សិស្ស ពិសេសកុមារតូចនេះ។
លោកថ្លែងថា៖ «នៅក្នុងសាលារៀនគឺយើងបន្តអនុវត្ដវិធានប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួង និងការត្រួតពិនិត្យមើលកម្ដៅរបស់សិស្ស។ រយៈកាលកន្លងមកនេះ គឺយើងមានបញ្ហាប្រឈមដែរ ទាក់ទងនឹងកូវីដ ១៩ នេះ ប៉ុន្ដែយើងអាចគ្រប់គ្រងបាន។ បើសិស្សមានបញ្ហា ឆ្លងកូវីដ ១៩ គឺយើងផ្អាកថ្នាក់រៀននោះ ១-២ សប្ដាហ៍ ហើយដកសិស្ស ១ នាក់នោះឱ្យគាត់ព្យាបាលទៅហើយយើងដំណើការសាលារៀនវិញធម្មតា»។
លោក សំនៀង បានឱ្យដឹងថា ឪពុកម្ដាយ និងអាណាព្យាបាលសិស្ស គឺសាទរចំពោះការអនុញ្ញាតឱ្យបើកដំណើការសាលារៀនឡើងវិញនេះ ព្រោះអាចផ្ដល់ការអប់រំដល់សិស្សបានពេញលេញ កាត់បន្ថយបញ្ហាការរៀនតាមអនឡាញរបស់សិស្ស៕
វីដេអូ៖